COVID-19! ក្រុម​អ្នក​ជំនាញ​ចិន បាន​មក​ដល់​កម្ពុជា​ ខណៈ​​តួលេខ​អ្នក​ឆ្លង​មេរោគ​នៅ​ស្រុក​ខ្មែរ​ កើន​ឡើង​ជា​បន្ត​បន្ទាប់​ រីឯប្រទេស​ចិន​វិញ​ កាន់​តែ​…

អ្នក​ជំនាញ​ផ្នែក​សុខាភិបាលរបស់​ប្រទេស​​ចិន បាន​មក​ដល់​កម្ពុជាហើយ​ នា​ព្រឹក​ថ្ងៃទី​23​មីនា​នេះ​ ដើម្បី​ចូល​រួម​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹងវីរុស​ COVID-19 ខណៈ​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​នេះ​នៅ​កម្ពុជា​ កំពុង​​កើន​ឡើង​ជា​បន្ត​បន្ទាប់​។

ប្រទេស​ចិន ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ដំបូង​គេ​បង្អស់​ ដោយ​សារ​តែ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ COVID-19។ ក៏ប៉ុន្តែ បច្ចុប្បន្ន ប្រទេស​នេះ​បាន​​គ្រប់​គ្រង​ស្ថាន​ភាព​វិបត្តិ​សុខ​ភាព​នេះ​ហើយ​។

ប្រទេស​ចិន​ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ COVID-19 ចំនួន​39​ករណីបន្ថែម​ទៀត​ ប៉ុន្តែ ទាំង​នេះ​សុទ្ធ​តែ​ជា​ អ្នក​ជំងឺ​ “​នាំ​ចូល” (អ្នកជំងឺ​ដែល​ឆ្លង​ពី​ខាងក្រៅ​ប្រទេស​ចិន​)។ រយៈ​ពេល​3​ថ្ងៃ​ជាប់​ៗ​គ្នា​មក​នេះ ប្រទេស​ចិន​ មិន​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ក្នុង​ស្រុក​នោះ​ទេ​។ គិត​មក​ដល់​ថ្ងៃ​នេះ ប្រទេស​ចិន បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 81,093​នាក់ ក្នុង​នោះ​មាន​ 3,270​នាក់​បាន​ស្លាប់​។

ទាក់​ទង​នឹង​បញ្ហា​ឆ្លង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​ ប្រទេស​ចិន​ ក៏បាន​បញ្ជូន​ក្រុម​វេជ្ជ​បណ្ឌិត​ជំនាញ​ចំនួន​7នាក់​របស់​ខ្លួន ចូល​មក​កម្ពុជា​ ដើម្បី​ជួយ​បណ្ដុះ​បណ្ដាល​ និង​ចែក​រំលែក​បទ​ពិសោធ​ន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​ COVID-19។

គ្រូពេទ្យ​ជំនាញ​ខាងលើ​ ដែល​មានបទពិសោធ​ច្រើន​ក្នុងការ​ព្យាបាល​ និង​ការប្រឆាំង​នឹង​វីរុស​ COVID-19 បាន​មកដល់​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​23​មីនា​នេះ​។ ទន្ទឹម​នឹង​នេះ ប្រទេស​ចិន​ក៏បានផ្តល់​បរិក្ខារ​ពេទ្យ​សម្រាប់​ប្រើប្រាស់​ ក្នុង​ការ​ទប់​ស្កាត់​​​វីរុស​ COVID-19 មកកម្ពុជា​ផងដែរ​​។​

នៅ​ក្នុង​អំឡុង​ពេល​ទទួល​ដំណើរ​ក្រុម​អ្នក​ជំនាញ​មក​ពី​ប្រទេស​ចិន កាល​ពី​វេលា​ម៉ោង​ប្រហែល​8និង​30នាទី​ព្រឹក​នេះ​ គេ​ឃើញ​មានវត្តមាន​របស់​លោក​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង ដែល​ជា​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា រួម​នឹង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត​ផង។

គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា COVID-19 ចំនួន​86​ករណី ក្នុង​នោះ​មាន​2ករណី​បាន​ជា​សះស្បើយ។ ប្រទេស​កម្ពុជា​ ពុំ​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​កូរ៉ូណា COVID-19 នៅ​ឡើយ​៕

Advertisement