តំបន់​អាស៊ីអាគ្នេយ៍​ នៅ​សល់​តែ​1​ប្រទេស​គត់​ដែល​មិន​ទាន់​មាន​អ្នក​ឆ្លង​ COVID-19 បន្ទាប់​ពី​មីយ៉ាន​ម៉ា​ បាន​រក​ឃើញ​អ្នក​ផ្ទុក COVID-19 ​ដំបូង​បង្អស់​របស់​ខ្លួន 

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​ម៉ីយ៉ាន​ម៉ា គឺជាប្រទេស​1 ក្នុង​ចំណោម​ប្រទេស​​ដ៏តិច​តួចក្នុង​ពិភពលោក ​ដែល​មិន​ទាន់​មាន​ករណី​ឆ្លង​មេរោគកូរ៉ូណា​ ក៏ប៉ុន្តែ ថ្ងៃ​នេះ មីយ៉ាន​ម៉ា បាន​បញ្ជាក់​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ COVID-19 ​ជា​លើកដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​23មីនា​។

​លោក​ស្រី​ អ៊ុងសានស៊ូជី (Aung San Suu Kyi) ទី​ប្រឹក្សា​រដ្ឋ​ ដែល​ជា​អ្នក​ដឹក​នាំ​ប្រទេស​ដោយ​ប្រយោល ធ្លាប់​បាន​អះអាង​កាល​ពី​ថ្ងៃទី​16​មីនា​ថា ប្រទេស​នេះ​ មិន​ទាន់​មាន​ករណី​ឆ្លង​មេរោគ COVID-19 នៅ​ឡើយ។

កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ​ក្រសួង​សុខាភិបាល​មី​យ៉ាន់​ម៉ា​ បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នាក់​អាយុ​36ឆ្នាំ​ដែល​ធ្វើដំណើរ​ត្រឡប់មក​ពី​សហរដ្ឋ​អាម៉េរិក​ និង បុរស​ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នាក់​អាយុ26ឆ្នាំ ដែល​ត្រឡប់​មកពី​អង់គ្លេស ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19។

ក្រសួង​សុខាភិបាល​នៃ​ប្រទេស​មីយ៉ាន​ម៉ា ក៏បាន​ប្រកាស​ថា នឹង​ស្រាវជ្រាវ​រក​ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​បាន​​ទាក់​ទង​ផ្ទាល់​ និង​ប្រយោល​ជា​មួយ​អ្នក​ជំងឺ​ខាង​លើ​នេះ​ផងដែរ​។

ដូច្នេះ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​សល់​តែ​ប្រទេស​1គត់​ដែល​មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា COVID-19​ នោះ​គឺ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement