បុគ្គលិក​ពេទ្យ​ជិត​ 4,000​នាក់ បាន​ឆ្លង​វីរុស COVID-19 នៅ​អេស្ប៉ាញ!

បុគ្គលិក​ពេទ្យ​ជិត​ 4,000​នាក់ បាន​ឆ្លង​វីរុស COVID-19 នៅ​អេស្ប៉ាញ!

ក្រុម​មន្ត្រី​អេស្ប៉ាញ​បាន​បញ្ជាក់​ថា បុគ្គលិក​ពេទ្យ​​ចំនួន​ 3,910​នាក់​ បាន​ឆ្លង​មេរោគ​កូរ៉ូណា COVID-19 ពោល​គឺ​ស្មើ​នឹង​12% នៃ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​ក្នុង​ប្រទេស​នេះ​។

នាយក​មជ្ឈមណ្ឌលសម្របសម្រួល​ករណី​បន្ទាន់​របស់​ក្រសួង​សុខាភិបាល​អេស្ប៉ាញ លោក​ Fernando Simon បាន​ថ្លែង​កាល​ពី​ថ្ងៃទី​23​មីនា​​ថា “យើង​មាន​ទិន្ន​ន័យ​មួយ​ដ៏​គួរ​ឱ្យ​ព្រួយ​ចិត្ត​ និង​ត្រូវ​តែ​គ្រប់​គ្រង​វា​ឱ្យ​បាន​។ បុគ្គលិក​ពេទ្យ​ចំនួន​ 3,910​នាក់ បាន​ឆ្លង​វីរុស​ COVID-19″។

ដូចទៅ​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​ដែរ ក្រុម​គ្រូពេទ្យ​នៅ​អេស្ប៉ាញ​ក៏បាន​ឱ្យ​ដឹង​ថា ពួកគេ​ធ្វើ​ការ​ក្នុង​ភាព​ភ័យ​ខ្លាច​ ព្រោះ​តែ​ខ្វះ​ឧបករណ៍​ការ​ពារ​ខ្លួន​ ថ្វី​បើ​អាជ្ញា​ធរ និង​បណ្ដា​ក្រុម​ហ៊ុន​ បាន​ និង​កំពុង​តែ​ជំរុញ​ផលិត​ភាព​ ក៏ដូច​ជា​បញ្ជា​ទិញ​ពី​ខាង​ក្រៅ​បន្ថែម​ទៀត​ ដើម្បី​ផ្គត់​ផ្គង់​តាម​​តម្រូវ​ការក៏ដោយ​។

លោក Fernando Simon បាន​ថ្លែង​បន្ត​ថា បទ​បញ្ជា​បិទ​ការ​ធ្វើ​ដំណើរ​ទូទាំង​ប្រទេស​ នឹង​ត្រូវ​សភា​អនុម័ត​ពន្យារ​​សុពល​ភាព​​នៅ​ថ្ងៃទី​25​មីនា​។ លោក​សង្កត់​ធ្ងន់​ថា នេះ​មិន​មែនជា​ពេល​ដែល​អ្នក​រាល់​គ្នា​លម្ហែ​កាយ​នោះ​ទេ តែ​ត្រូវ​​គោរព​បទ​បញ្ជា​ដែល​ហាម​មិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ លើក​លែង​តែ​ទៅ​​បំពេញ​ភារ​កិច្ច​ ឬ​ទិញ​របស់​របរ​ចាំបាច់ និង​ទិញ​ថ្នាំពេទ្យ​។

រាជរដ្ឋាភិបាល​ប្រទេស​អេស្ប៉ាញ កាល​ពី​ម្សិល​ម៉្ងៃ​ បាន​ប្រកាស​ថា ឧបនាយក​រដ្ឋមន្ត្រី Carmen Calvo បានចូល​សម្រាក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ ទៅ​តាម​ការ​ស្នើ​របស់​ក្រុម​វេជ្ជ​បណ្ឌិត​ បន្ទាប់​​ពី​បាន​ធ្វើ​តេស្ត​រក​មេរោគ​ឃើញ​ថា លោក​ស្រី​មានផ្ទុក​​មេរោគ​​ផ្លូវ​ដង្ហើម តែ​មិន​មែន​ជា​ COVID-19​។ លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រក​វីរុស COVID-19 នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

មុន​នេះ រដ្ឋ​មន្ត្រី​ចំនួន​2​រូប​ រួម​នឹង​ភរិយា​របស់នាយក​រដ្ឋមន្ត្រី​​អេស្ប៉ាញ Pedro Sanchez ​ក៏​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ផ្ទុក​វីរុស​ COVID-19នេះ​ផងដែរ​។

មេរោគ​ COVID-19 បាន​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន​ ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​មក​ដល់​បច្ចុប្បន្ន វា​បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង​ 381,760​នាក់​កើត​រោគ ក្នុង​នោះ​មាន​ជាង​​16,550​នាក់​បាន​ស្លាប់​ និង​ជាង​12,060 កំពុង​ប្រឈម​នឹង​ការ​ស្លាប់​។

ព្រះ​រាជា​ណាចក្រ​​​អេស្ប៉ាញ គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​ COVID-19 ចំនួន​ 35,136នាក់ និង​ស្លាប់​ចំនួន​ 2,311​​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement