WHO ប្រកាសថា “COVID-19” កំពុងបង្កើនល្បឿនការឆ្លងរាតត្បាតយ៉ាងធំ

WHO ប្រកាសថា “COVID-19” កំពុងបង្កើនល្បឿនការឆ្លងរាតត្បាតយ៉ាងធំ

អង្គការសុខភាពពិភពលោក ឬ WHO បានប្រកាសដាស់តឿនថា ស្ថានការណ៍ការឆ្លងរាតត្បាតដ៏ធំរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 កំពុងតែបង្កើនល្បឿនខ្លាំងឡើង ក្រោយពីមានការអះអាងអំពីអ្នកឆ្លងមេរោគនេះទូទាំងពិភពលោក រួចហើយចំនួនជាង 300,000នាក់។

ចាប់តាំងពីមានរបាយការណ៍ រកឃើញការឆ្លងរាលដាលរបស់កូវីដ-19 ជាលើកដំបូងមក ចំនួនអ្នកឆ្លងមេរោគបានកើនឡើងជិត 100,000នាក់ក្នុងរយៈពេល 67ថ្ងៃ និង 11ថ្ងៃក្រោយពីនោះ បានកើនឡើងទៅជា 200,000នាក់ និងត្រឹមតែ 4ថ្ងៃបន្ទាប់មកទៀត ចំនួនអ្នកឆ្លងមេរោគ បានកើនឡើងធ្លុះដល់ 300,000​នាក់។

លោក ធីដ្រូស អាត់ហាណម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា នៅតែមានភាពអាចទៅរួចជានិច្ច ក្នុងការផ្លាស់ប្ដូរសញ្ញាទាំងនោះ ដោយលោកបានសំណូមពរឱ្យប្រទេសនានា ត្រូវតែធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីអះអាងពីអ្នកឆ្លងមេរោគ រួមទាំងការតាមដានអ្នកដែលអាចនឹងឆ្លងមេរោគតាមរយៈការមានទំនាក់ទំនងជាមួយអ្នកដទៃ។

“រឿងសំខាន់បំផុត ដែលយើងអាចធ្វើបានក្នុងខណៈពេលនេះ គឺត្រូវដឹងក្នុងចិត្តជាប់ជានិច្ចថា យើងមិនអាច​យកឈ្នះការប្រកួតបាល់ទាត់ដោយគ្រាន់តែលេងបែបទប់ទល់បាននោះទេ តែយើងត្រូវធ្វើជាអ្នកវាយ​លុកឱ្យបាន​ទៀតផង” លោក​គី​ប្រ៊ីយេស៊ុស​ថ្លែង។

ប្រធានអង្គការសុខភាពពិភពលោក ថែមទាំងបានសំណូមពរឱ្យមនុស្សម្នាទាំងអស់ ស្ថិតនៅតែក្នុងផ្ទះ ប្រតិ​បត្តិ​តាមវិធានការ រក្សាចម្ងាយរវាងគ្នានឹងគ្នានៅក្នុងទីសាធារណៈ ព្រោះវាមានភាពសំខាន់ខ្លាំងណាស់ក្នុងការ​ជួយបន្ថយល្បឿននៃការចម្លងរាតត្បាតរបស់វីរុស តែយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា វិធានការគ្រប់យ៉ាង​ទាំងនេះ គ្រាន់តែជាវិធានការការពារប៉ុណ្ណោះ វាមិនបានជួយឱ្យយើងឈ្នះទេ។

លោកថ្លែងថា “បើត្រូវការឈ្នះ យើងចាំបាច់ត្រូវតែវាយប្រយុទ្ធវីរុសកំណាចនេះដោយតិចនិកដែលខ្លាំងក្លា និងចំមុខសញ្ញា។ យើងត្រូវត្រួតពិនិត្យអ្នកដែលសង្ស័យថា នឹងឆ្លងមេរោគក្នុងគ្រប់ករណី ត្រូវដំណើរការវិធានការបង្ខាំងខ្លួននៅដោយឡែកពីអ្នកដទៃ និងមើលថែទាំអ្នកជំងឺដែលបានទទួលការអះអាងហើយគ្រប់ករណី រួមទាំងតាមដាន និងបង្ខាំងបរិវេណអ្នកដែលជិតស្និទ្ធ និងប៉ះពាល់ជាមួយអ្នកជំងឺគ្រប់គ្នា”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement