COVID-19! វៀត​ណាម​ផលិត​​បន្ទប់​សម្លាប់​មេរោគ​​ទូទាំង​រាង​កាយ​ ​សម្រាប់​ប្រើ​​ក្នុង​​មន្ទីរពេទ្យ​ ដែល​វា​មាន​តម្លៃ​…

COVID-19! វៀត​ណាម​ផលិត​​បន្ទប់​សម្លាប់​មេរោគ​​ទូទាំង​រាងកាយ​ សម្រាប់ប្រើ​ក្នុង​​មន្ទីរពេទ្យ​ ដែល​វា​មាន​តម្លៃ​...

បន្ទប់​សម្លាប់​មេរោគ​ ដែល​​ប្រើ​ប្រាស់​កម្ដៅ និង​បាញ់ផ្សែង​​ថ្នាំ​សម្លាប់​មេរោគ​ទូទាំង​រាង​កាយ​ ដោយ​​ប្រើ​ពេល​ត្រឹម​​តែ​30​វិនាទី​​ ត្រូវ​បាន​មន្ទីរពេទ្យ​មួយ​ចំនួន​ដាក់​ឱ្យ​ប្រើ​ប្រាស់​។

វិទ្យាស្ថានវេជ្ជសាស្ត្រជនជាតិភាគតិចទីក្រុងហូជីមិញ​ ប្រើ​ប្រាស់​បន្ទប់​សម្លាប់​មេរោគ​ ចាប់​ពី​ថ្ងៃទី​22​មីនា​ ឆ្នាំ​2020។ វិទ្យា​ស្ថាន​នេះ ទទួល​ពិនិត្យ​អ្នកជំងឺ​ប្រហែល​1,000​នាក់​​ក្នុង​1​ថ្ងៃ​ៗ ពិសេស​គឺមនុស្ស​ចាស់​។ អ្នក​ដែល​មក​ពិនិត្យ​ជំងឺ​នៅ​ទី​នេះ​ ត្រូវ​បាន​ណែនាំ​ឱ្យ​លាង​ដៃ​នឹង​អាល់​កុល រួច​ចូល​ទៅ​ក្នុង​បន្ទប់​សម្លាប់​មេរោគ​ មុន​ពេល​ឈាម​ចូល​ក្នុង​បរិវេណ​មន្ទីរពេទ្យ​។ បុគ្គលិក​ពេទ្យ​ទាំង​អស់​ក៏​ត្រូវ​តម្រូវ​ឱ្យ​ធ្វើ​ដូច្នេះ នៅ​មុន​ និង​ក្រោយ​ការ​ពិនិត្យ​អ្នក​ជំងឺ​។

ថ្ងៃទី​23​មីនា មន្ទីរពេទ្យ​អន្តរជាតិ DNA ក៏​បាន​ដាក់​ឱ្យ​ប្រើ​បន្ទប់​សម្លាប់​មេរោគ​​ចល័ត​​ ដែល​​មាន​សមត្ថ​ភាព​​សម្លាប់​មេរោគ​ឱ្យ​មនុស្ស​ចំនួន​1,000​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ។ សកម្ម​ភាព​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ទន្ទឹម​នឹង​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​​ទូទាំង​មន្ទីរពេទ្យ វាស់​កម្ដៅ​ខ្លួន លាង​ដៃ​ដោយ​អាល់​កុល ពាក់​ម៉ាស់ និង​ឈុត​ការ​ពារ​មេរោគ​ទាំង​អ្នក​ជំងឺ​ និង​គ្រូពេទ្យ​។ល។

សារ​ធាតុ​​​សម្លាប់​មេរោគ​ ដែល​ប្រើ​នៅ​ក្នុង​បន្ទប់​សម្លាប់​មេរោគ​ចល័ត​នេះ គឺ​ធាតុ​រាវ​ anolyte ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ដោយ​ក្រសួង​សុខាភិបាល​វៀតណាម និង​អន្តរជាតិ​ ក្នុង​ការ​សម្លាប់​មេរោគ​នានា​ ដូចជា បាក់​តេរី វីរុស​ ផ្សិត សម្រាប់​លាង​ដៃ​ សម្លាប់​មេរោគ​លើ​ឧបករណ៍​សុខាភិបាល។ល។ សារ​ធាតុ anolyte មិន​ប៉ះពាល់​ដល់​សុខ​ភាព​ ឬ​ស្បែក​ និង​កោសិកា​មនុស្ស​នោះ​ទេ​។ ទឹក​អំបិលអ៊ីយ៉ុងក្នុង​បន្ទប់​សម្លាប់​មេរោគ​នេះ ក៏​អាច​សម្លាប់​មេរោគ​ក្នុង​ច្រមុះ និង​បំពង់ក​បាន​ដែរ​​។

បន្ទប់​សម្លាប់​មេរោគ​មួយ​ចំនួន​ ត្រូវ​បាន​ដាក់​នៅ​ទីតាំង​នៃ​កិច្ច​ប្រជុំ​នានា​ នៅ​ឯទីក្រុង​ហាណូយ​ ហើយ​ពេល​ខាង​មុខ វា​នឹង​ត្រូវ​ដាក់​នៅ​តាម​មន្ទីរពេទ្យ​នានា​ក្នុង​ប្រទេស​វៀត​ណាម​។

បន្ទប់​សម្លាប់​មេរោគ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ ស្ថិត​ក្រោម​​សម្ព័ន្ធ​យុវជន​ក្រុង​ហូជីមិញ​(Ho Chi Minh City Youth Union) សហការ​ជាមួយ​មហាវិទ្យា​ពហុ​បច្ចេក​ទេស​ហូជីមិញ​។ បន្ទប់​សម្លាប់​មេរោគ​នេះ មាន​បំពាក់​ឧបរកណ៍​ចាប់​រូប​ភាព​មនុស្ស​ អំពូល​ភ្លើង​ផ្ដល់​សញ្ញា ប្រព័ន្ធ​បាញ់​ចំហាយ​ថ្នាំ​សម្លាប់​មេរោគ​​ស្វយ​ប្រវត្ត​ មិន​ធ្វើ​ឱ្យ​សើម អាច​សម្លាប់​មេរោគ​ទូទាំង​រាង​កាយ​ ដោយ​ប្រើ​ពេល​តែ​30​វិនាទី​ប៉ុណ្ណោះ​។ បន្ទប់​សម្លាប់​មេរោគ​នេះ ក៏មាន​កង់​ និង​អាច​ដោះ​ចេញ ងាយ​ដឹក​ជញ្ជូន ព្រម​ទាំង​មាន​ផ្លូវ​សម្រាប់​ជន​ពិការ​ជើង​ដែល​ប្រើ​រទេះ​​ផង​ដែរ​។ បន្ទប់​នេះ​ក៏នឹង​ឈប់​បាញ់​ចំហាយ​ថ្នាំដោយ​ខ្លួន​ឯង​​ បើ​សិន​គ្មាន​អ្នក​ប្រើ​ប្រាស់​។

លោក Doan Ngoc Hai ប្រធាន​មន្ទីរ​សុខ​ភាព​ការ​ងារ​ និង​បរិស្ថាន​ របស់​ក្រសួង​សុខាភិបាល​​បាន​ឱ្យ​ដឹង​ថា វៀត​ណាម​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​វិធាន​ការ​សម្លាប់​មេរោគ​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ទប់​ស្កាត់​វីរុស​ COVID-19 ដូច​ជា​ការ​លាង​ដៃ​នឹង​អាល់​កុល ជូត​សម្លាប់​មេរោគ​កន្លែង​ដែល​ប៉ះពាល់​ច្រើន​ជាដើម​ ប៉ុន្តែ នៅ​លើ​រាង​កាយមនុស្ស ដូច​ជា​ផ្ទៃ​មុខ ក ខោអាវ​ជា​ដើម ក៏​អាច​មាន​ជាប់​មេរោគ​។

ដោយ​មើល​ឃើញ​ភាព​ជាក់​ស្ដែង​ខាង​លើ វិទ្យា​ស្ថាន​សុខ​ភាព​ការ​ងារ និង​បរិស្ថាន​ សហការ​ជាមួយ​មហាវិទ្យា​ល័យ​ពហុ​បច្ចេក​ទេស​ហាណូយ​ ក៏បាន​បង្កើត​ប្រព័ន្ធ​​សម្លាប់​មេរោគ​ទូទាំង​រាងកាយ​នេះ​ដែរ​។ ប្រព័ន្ធ​សម្លាប់​មេរោគ​នេះ មាន​2​​បន្ទប់​ គឺ​1ជា​បន្ទប់​ស្ងួត និង​1ទៀត​ជា​បន្ទប់​សើម។ បន្ទប់​ស្ងួត​ សម្លាប់​មេរោគ​ដោយ​ប្រើ​កម្ដៅ និង​អូហ្សូន ខណៈ​​បន្ទប់​សើម គឺ​ប្រើ​ប្រាស់​សារធាតុ​រាវ​ដែល​​មាន​សមត្ថ​ភាព​ក្នុង​ការ​​សម្លាប់​មេរោគ​។

ប្រសិទ្ធ​ភាព​របស់​បន្ទប់ស្ងួត​ អាច​សម្លាប់​មេរោគ​បាន​70% ចំណែក​បន្ទប់​សើមវិញ អាច​សម្លាប់​មេរោគ​រហូត​ដល់​99.99​%។ បន្ទប់​សម្លាប់​មេរោគ​នេះ មាន​តម្លៃ​ប្រហែល​ពី 65-70​លាន​ឌុង (2,790-3,000ដុល្លារ​អាមេរិក)៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement