COVID-19! អាជ្ញាធរ​វៀតណាម បិទ​ភោជនីយដ្ឋាន អាហារដ្ឋាន…​នៅ​ទីក្រុង​ហូជីមិញ ខណៈ​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​នឹង​អាច​កើត​ឡើង​នៅ​2សប្ដាហ៍​ខាង​មុខ​

បណ្ដា​ភោជនីយដ្ឋាន​ដែល​អាច​ទទូល​ភ្ញៀវ​បាន​ចាប់​ពី30នាក់​ឡើង​ទៅ​ រួម​នឹង​កន្លែង​ហាត់​ប្រាណ ហាង​ស្ប៉ា ហាង​អ៊ុត​សក់​ជាដើម ត្រូវ​បាន​បញ្ជា​ឱ្យ​​ផ្អាក់​ដំណើរ​ការ​បណ្ដោះ​អាសន្ន​ចាប់​ពី​ម៉ោង​18​ល្ងាច​ថ្ងៃទី24​មីនា​នេះ​ ដើម្បី​ទប់​​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19។

អាជីវកម្ម​ទាំង​ឡាយ​ខាង​លើ​ត្រូវ​បាន​បញ្ជា​ឱ្យ​ផ្អាក​ដំណើរ​ការ​រហូត​ដល់​ថ្ងៃទី​31​មីនា ដោយ​យោង​តាម​បទ​បញ្ជា​របស់​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មធិការ​ប្រជា​ជន​នៃ​ទីក្រុង​ហូជីមិញ លោក Le Thanh Liem​។ បទ​បញ្ជា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​គ្រា​ដែល​ទីក្រុង​ហូជីមិញ និង​ទូទាំង​ប្រទេស​នឹង​ត្រូវ​ឆ្លងកាត់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​បំផុត​នៃ​វិបត្តិ​សុខ​ភាព​​ COVID-19 ដែល​នឹង​អាច​កើត​ឡើង​នៅ​2សប្ដាហ៍​ខាង​មុខ​ រាប់​ចាប់​ពី​ថ្ងៃ​នេះ​។

មុន​នេះ ចាប់​ពី​ថ្ងៃទី​15មីនា អាជ្ញាធរ​ទីក្រុង​ហូជីមិញ បាន​ស្នើ​ឱ្យ​មជ្ឈមណ្ឌល​​កម្សាន្ត​ចំនួន​180កន្លែង​ រួម​មាន​បារ និង​ការ៉ាអូខេ​ចំនួន​ជិត​500​កន្លែង​ ហាង​ម៉ាស្សា រោង​កុន និង​ហ្គេម​អនឡាញ​ក៏ត្រូវបាន​​បិទ​។

រហូត​ដល់​ល្ងាច​នេះ ទីក្រុង​ហូជីមិញ បាន​រក​ឃើញ​​អ្នក​ផ្ទុក​មេរោគ COVID-19 ​ចំនួន​30​ករណី។ មនុស្ស​ចំនួន​1,526​នាក់​​ដែល​បាន​ទាក់​ទង​ជាមួយ​​អ្នក​ជំងឺ​ថ្មី កំពុង​ត្រូវ​បាន​តាម​ដាន​ខុសភាព​។ 8ករណី​កំពុង​រង់ចាំ​លទ្ធ​ផល​នៃការ​ធ្វើ​តេស្ត។ 8,476​ករណី​ ស្ថិត​ក្រោម​ការ​តាម​ដាន​ ក្នុង​តំបន់​បង្ខាំងរបស់​អាជ្ញា​ធរ​​ទីក្រុង​។ 541​ករណី​កំពុង​ត្រូវ​បាន​តាម​​ដាន់​ក្នុង​តំបន់​បង្ខាំង​ដោយឡែក​របស់​ស្រុក​-ខណ្ឌ និង​1,093​ករណី​កំពុង​ស្ថិត​ក្នុង​ការ​បង្ខាំង​ និង​តាម​ដាន​នៅ​ក្នុង​ផ្ទះ​។

គិត​មក​ដល់​ពេល​នេះ វៀត​ណាម​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ចំនួន​ 123ករណី​ ក្នុង​នោះ​មាន​17​ករណី​បាន​ជា​សះស្បើយ​។

នៅទូទាំង​ពិភពលោក គិត​ត្រឹម​យប់​នេះ មាន​អ្នក​ឆ្លងមេ​រោគ​កូរ៉ូណា​ សរុប 395.579​នាក់ ក្នុង​នោះ​មាន​103.732​ករណី​​បាន​ជាសះ​ស្បើយ 17.234​នាក់​បាន​បាត់​បង់​ជីវិត និង​12.190​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement