លទ្ធផលវះពិសោធន៍សាកសពអ្នកស្លាប់ដោយសារកូវីដ-19 រកឃើញថា មាននៅសល់វីរុសក្នុងរាងកាយ

ចិនបានបង្ហើបឱ្យដឹងពីលទ្ធផលនៃការវះពិសោធន៍សាកសពអ្នកស្លាប់ដោយសារជំងឺឆ្លងនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ចំនួន 29នាក់ ដែលបានរកឃើញថា នៅក្នុងរាងកាយសាកសព មាននៅសល់មេរោគវីរុសកំណាចនេះនៅក្នុងសួត និងអវយវៈសំខាន់ៗជាច្រើនទៀតក្នុងរាងកាយត្រូវបានខូចខាតធ្ងន់ធ្ងរ។

កាលពីថ្ងៃអង្គារ(ទី24មីនា) អ្នកជំនាញការចិន បានបង្ហើបឱ្យដឹងថា ក្រុមអ្នកវិភាគ និងស្រាវជ្រាវចិន បានធ្វើការវះពិសោធន៍សាកសពអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ចំនួន 29នាក់ និងរកឃើញ​ថា នៅតែមាននៅសល់មេរោគវីរុសនៅក្នុងសួតរបស់អ្នកជំងឺ។

លោក វ៉ាង គុយ ឆៀង អ្នកជំនាញការផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យលេខ1 របស់មហាវិទ្យល័យប៉េកាំង បានថ្លែងព័ត៌មានថា លទ្ធផលវះពិសោធន៍សាកសព បានបង្ហាញឱ្យឃើញពីភាពខូចខាតយ៉ាងធ្ងន់ធ្ងរដែលបានកើតឡើងនៅលើប្រព័ន្ធប្រឆាំងជំងឺរបស់អ្នកជំងឺ ដែលនេះអាចជា “បច្ច័យសំខាន់បំផុត” ក្នុងការបាត់បង់ជីវិត។ ការឆ្លងមេរោគ មិនត្រឹមតែបង្កឱ្យកើតការប្រែប្រួលខាង Pathological change យ៉ាងធ្ងន់ធ្ងរនៅក្នុងសួតរបស់អ្នកជំងឺប៉ុណ្ណោះទេ តែនៅហុចផលប៉ះពាល់បណ្ដាលឱ្យកើតការបង្ហូរចេញនូវសារធាតុក្នុងបំពង់ខ្យល់ខ្នាតតូច(Small bronchial tubes) ដែលធ្វើឱ្យពិបាកខ្លាំងក្នុងការចាប់យកខ្យល់អុកស៊ីហ្ស៊ែន។

លោក វ៉ាង បានបន្ថែមទៀតថា នៅក្នុងការព្យាបាល ការបើកផ្លូវដង្ហើមរបស់អ្នកជំងឺ និងការបង្កើនប្រព័ន្ធប្រឆាំងជំងឺរបស់អ្នកជំងឺ គឺជារឿងសំខាន់ និងដោយសារតែប្រព័ន្ធប្រឆាំងជំងឺដែលខូចខាត ទើបធ្វើឱ្យអ្នកជំងឺឆ្លងមេរោគបាក់តេរី និងមេរោគផ្សិតបានកាន់តែងាយជាមុន ដែលគេប្រទះឃើញញឹកញាប់នៅលើអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរ ហើយថែមទាំងមានការឆ្លងមេរោគផ្ទួនៗបែបនេះផង ច្រើនតែក្លាយជាបច្ច័យសំខាន់ដែលហុចផលឱ្យអាការអ្នកជំងឺធ្លាក់ចុះទ្រុឌទ្រោម ឬដល់ថ្នាក់បាត់បង់ជីវិត។

លោកបានសរុបថា “តាមរយៈលទ្ធផលនៃការវះពិសោធន៍នេះ បេះដូង ថ្លើម និងក្រលៀន នៅបានរកឃើញភាពខូចខាតក្នុងកម្រិតដែលខុសគ្នាទៀតផង”៕

ប្រភព៖ សារព័ត៌មានស៊ីនហួ

Advertisement