អ្នក​វិទ្យា​សាស្ត្រ​ថត​បាន​រូប​ភាពវីរុស​ COVID-19 ដ៏​ស្រស់​ស្អាត កំពុង​ចោម​រោម​ “សម្លាប់​” កោសិកា​របស់​មនុស្ស​

វិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងនៃ​សហរដ្ឋ​អាមេរិក​ National Institute of Allergy and Infectious Diseases​(NIAID) បាន​បញ្ចេញ​រូប​ថតថ្មី​បំផុត​​ជា​ច្រើន​សន្លឹក​ ស្ដីអំពី​ COVID-19 ដែលត្រូវ​បាន​​ថត​ដោយ​កែវ​ពង្រីក​មីក្រូទស្សន៍​អេឡិក​ត្រុងប្រទេស​ស្កេន (Scanning electron microscope)។

រូប​ដែល​ត្រូវ​បាន​បន្ថែម​ពណ៌​ទាំង​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា មាន​វីរុស​រាន់​រយ​ក្បាល​កំពុង​តោង​ជាប់​នៅលើ​កោសិកា​របស់​មនុស្ស​ ដែល​យក​ពី​អ្នកជំងឺ​ COVID-19ម្នាក់​នៅ​សហរដ្ឋ​អាមរិក បន្ទាប់​ពី​វា​ (កោសិកាមនុស្ស) បាន​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​ងាប់​ និង​ជ្រុះ​។ មេរោគ​កូរ៉ូណា​ទាំង​នេះ ត្រូវ​បាន​ថត​នៅ​ក្នុង​មន្ទីរ​ពិសោធន៍របស់​ NIAID​ ដែលមាន​ទី​តាំង​​នៅ​ក្នុង​តំបន់​ Fort Detrick នៃ​រដ្ឋ​ Maryland។

រូប​ភាព​ខាង​លើ​នេះ​ បង្ហាញអំពី​កោសិកា​​ងាប់​ចំនួន​1របស់​មនុស្ស (ពណ៌​ខៀវ) កំពុង​ត្រូវ​មេរោគ COVID-19 រាប់​រយ​ក្បាល​ចោម​រោម​វាយ​ប្រហារ​។

វីរុស​កូរ៉ូណា​ COVID-19 មាន​រូប​រាង​ដូច​ទៅ​នឹង​កូន​បាល់​ល្អិនៗ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បណ្ដុំ​នៃ​ ARN (ARN គឺ​ជា​ទម្រង់​​ចម្លង​ពី​ DNA 1កំណាត់ (ស្មើ​នឹង​ហ្សែន​ចំនួន​1) ហើយ​នៅ​លើ​ប្រភេទ​វីរុស​មួយ​ចំនួន ARN គឺជា​សារ​ជាតិ​បន្ត​ពូជ) ដែល​ស្ថិត​ក្នុង​ស្រទាប់​​ខ្លាញ់ និង​ប្រូតេអ៊ីន។ ​វីរុស​ COVID-19 មាន​ទំហំ​ចាប់​ពី​ ​120-160 ណាណូម៉ែត្រ​ (1​ពាន់លាន​ណាណូ​​ម៉ែត្រ/nanometer ស្មើ​នឹង​​1ម៉ែត្រ​) គឺ​តូច​រហូត​ដល់​ថ្នាក់​មើល​មិន​​ឃើញ​សូម្បី​តែ​ប្រើ​កែវ​ពង្រីក​មីក្រូទស្សន៍​អុបទិក។ គេ​ត្រូវ​ប្រើ​កែវ​ពង្រីក​មីក្រូទស្សន៍​អេឡិក​ត្រុងប្រទេស​ស្កេន​ ទើប​អាច​មើល​ឃើញ​វា​។ នេះ​បើ​តាម IFL Science។

រូប​ភាពខាងលើ​បង្ហាញ​អំពី​វីរុស COVID-19 (ពណ៌​ស្វាយ)​ តោង​ជាប់​ស្អេក​ស្កះ​នៅ​លើ​កោសិកា​ (ពណ៌បៃតង)​អ្នកជំងឺ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក។

បើ​ទោះ​បី​ជា​មាន​រូប​រាង​​មហាតូច​ក៏ដោយ ប៉ុន្តែ​ COVID-19 នៅ​តែបង្ក​​របួស​ និង​អាច​សម្លាប់​​កោសិកា​មនុស្ស​បាន​ដែរ​។ ដើម្បី​ឆ្លង​ទៅ​មនុស្ស COVID-19 នឹង​ប្រើ​ប្រាស់​ប្រូតេអ៊ីន​បន្លា​របស់​វា​ ​តភ្ជាប់​ជា​មួយ​ស្រទាប់​កោសិកា​ ពោល​គឺ​ដូច​ទៅ​នឹង​កូនសោ និង​មេសោ។ នៅ​ពេល​រុក​ចូល​ទៅ​ដល់​ខាង​ក្នុង​ វីរុស​ COVID-19នេះ​ នឹង​ដណ្ដើម​ “អំណាច” គ្រប់​គ្រង​កោសិកា​ដែល​ជា​ “ម្ចាស់​ផ្ទះ” ដើម្បី​ចម្លង​ និង​បង្កើត​ COVID-19 ចំនួនរាប់​ពាន់​​បន្ថែម​ទៀត​។ ចុងក្រោយ COVID-19 នឹង​សម្លាប់​កោសិកា​ “ម្ចាស់​ផ្ទះ” រួច​ហើយ​ពួក​វា​ឆ្លង​​​​ចូល​ទៅ​ក្នុង​កោសិកា​ផ្សេង​ទៀត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement