“ត្រាំ” អង្វរកូរ៉េខាងត្បូង ឱ្យជួយបញ្ជូនឧបករណ៍ពេទ្យមកជួយពេទ្យអាមេរិកផង ចំណែក “មូន” យល់ព្រមជួយ “បើនៅមានរបស់សល់”

“ត្រាំ” អង្វរកូរ៉េខាងត្បូង ឱ្យជួយបញ្ជូនឧបករណ៍ពេទ្យមកជួយពេទ្យអាមេរិកផង ចំណែក “មូន” យល់ព្រមជួយ “បើនៅមានរបស់សល់”

រ៉​យ​ទ័​រ- រដ្ឋបាល​ប្រទេស​កូរ៉េខាងត្បូង បានប្រកាសថា ខ្លួន​នឹង​បញ្ជូន​ឧបករណ៍​ពេទ្យ​ទៅ​ជួយ​សហរដ្ឋ​អាម​រិ​ក ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី “បើសិន​នៅមាន​របស់​សល់” ក្រោយពី​បានទទួល​ពាក្យសុំ​អង្វរ​យ៉ាង​បន្ទាន់ ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​សន្យា​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ជួយ​សម្រួល​រឿង​ការសុំ​លិខិតអនុញ្ញាត​នាំចូល​ប្រទេស​អាមេរិក។

ចរន្ត​នៃ​ព័ត៌មាន​នេះ បាន​បណ្ដាលឱ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​ឈុត​ពិសោធន៍​មេរោគ​វីរុស​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ស្ទុះ​ហក់​ឡើង និង​រឹតតែ​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ប្រទេស2 ដែលមាន​អ្នក​ឆ្លង​មេរោគ​វីរុស​ដំបូង​ក្នុង​ថ្ងៃ​ជាមួយគ្នា តែ​បែរ​ជាមាន​សញ្ញា​ឆ្លើយតប​នឹង​ស្ថានការណ៍​វិបត្តិ ខុសគ្នា​យ៉ាង​ស្រឡះ។

ក្រោយ​រកឃើញ​ការឆ្លង​រាលដាល​នៅក្នុង​ប្រទេស កូរ៉េខាងត្បូង​អាច​ផលិត​ឈុត​ពិសោធន៍​វីរុស​ចេញមក​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈពេល​តែ​មិន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ និង​ថែមទាំង​ចេញ​បញ្ជា​បង្ខាំង​អ្នក​ឆ្លង​មេរោគ និង​តាមដាន​បុគ្គល​ដែលមាន​ប្រវត្តិ​នៅ​ជិតស្និទ្ធ​ជាមួយ​អ្នក​ផ្ទុកមេរោគ​ដោយ​មិន​បង្អង់​យូរ​ទៀតផង។

វិធានការ​ទាំងនេះ ធ្វើឱ្យ​កូរ៉េខាងត្បូង​បានទទួល​សំឡេង​កោតសរសើរ​ថា អាច​ពន្យឺត​ការឆ្លង​រាលដាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​មិន​បង្ក​ឱ្យ​កើតមាន​ផលប៉ះពាល់​ខ្លាំង​ជ្រុល​ពេក​ទៀតផង។ ពេលនេះ កូរ៉េខាងត្បូង​មាន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​ត្រឹមតែ 125នាក់​ប៉ុណ្ណោះ ខណៈដែល​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​ក្នុងអំឡុងពេល 13ថ្ងៃ​កន្លងមកនេះ ក៏មាន​ការថយចុះ​មក​នៅក្នុង​កម្រិត 100ជាង ឬ​ទាប​ជាង​ហ្នឹង​ទៀតផង។

តែ​ផ្ទុយទៅវិញ សហរដ្ឋអាមេរិក សឹងតែ​មិនមាន​ការពិនិត្យ​ចម្រាញ់​អ្នក​ឆ្លង​មេរោគ​សោះឡើយ​ក្នុងអំឡុងពេលដំបូងៗ និង​ជ្រើសរើស​ប្រើ​វិធាន​ការបិទ​តំបន់​មួយចំនួន​ដំណាល​គ្នាច្រើន​រដ្ឋ​ទៀតផង ខណៈដែល​ចំនួន​អ្នកជំងឺ នៅតែ​កើនឡើង 1ថ្ងៃ​រាប់ពាន់នាក់។

ទីស្ដីការ​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​រាត្រី​ថ្ងៃទី24 មីនា កន្លងទៅ​ថា ក្នុងអំឡុងពេល​និយាយ​ទូរស័ព្ទ​ជាមួយគ្នា​រយៈពេល 23នាទី លោក​ត្រាំ បាន​អះអាង​ជាមួយ​លោក មូ​ន ជេ​អ៊ី​ន ថា នឹង​ជួយ​ឱ្យ​អ្នក​ផលិត​ឧបករណ៍​ពេទ្យ​កូរ៉េខាងត្បូង​បានទទួល​លិខិតអនុញ្ញាត​នាំចូល​ពី​ស្ថាប័ន​អាហារ និង​ថ្នាំពេទ្យ​របស់​សហរដ្ឋអាមេរិក។

ចំណែក​មេដឹកនាំ​កូរ៉េខាងត្បូង បាន​ប្រាប់​ទៅ​ត្រាំ​វិញ​ថា កូរ៉េខាងត្បូង “នឹង​ផ្ដល់​ការគាំទ្រ​ច្រើន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន បើសិន​យើង​នៅមាន​ឧបករណ៍​ពេទ្យ​លើសពី​ការប្រើប្រាស់។

ប្រភពព័ត៌មាន​របស់​មហាវិទ្យាល័យ ច​ន ហប់​គិ​នស៍ បាន​បញ្ជាក់ថា ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-19 នៅក្នុង​សហរដ្ឋអាមេរិក កាលពី​វេលា​ម៉ោង​ប្រហែលជា 10ព្រឹក ថ្ងៃ​ម្សិលមិញ(25មីនា) ស្ថិតក្នុង​ចំនួន 55,041នាក់ ខណៈដែល​កូរ៉េខាងត្បូង អ្នក​ដែលមាន​ផ្ទុកមេរោគ​នេះ មាន​ត្រឹមតែ 9,037នាក់​ប៉ុណ្ណោះ៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement