ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេស បាន​បាត់​បង់ជីវិត​ហើយ ដោយ​សារ​តែ​ឆ្លង COVID-19

ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេស បាន​បាត់​បង់ជីវិត​ហើយ ដោយ​សារ​តែ​ឆ្លង COVID-19

ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេសប្រចាំ​នៅ​​ប្រទេស​ហុង​គ្រី លោក Steven Dick អាយុ​37​ឆ្នាំ បាន​បាត់​បង់ជីវិត​បន្ទាប់​ពី​បាន​ឆ្លង​វីរុស​COVID-19។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អង់គ្លេស​ ឯកអគ្គ​រាជ​ទូត​អង់គ្លេស​ លោក Steven Dick បាន​ស្លាប់​នៅក្នុង​ប្រទេស​ហុង​គ្រី កាល​ពី​ថ្ងៃទី​24​មីនា​កន្លង​ទៅ​។ “ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ខ្លាំង​ណាស់​ ចំពោះ​ការ​ស្លាប់​​របស់​លោក​ Steven” នេះ​ជា​ប្រសាសន៍​របស់លោក Dominic Raab ​រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស​អង់គ្លេស​។

Dominic Raab ថ្លែង​ថា “Steven គឺ​ជា​អ្នក​ការ​ទូត​ដែល​ចេះ​ស៊ូទ្រាំ​នឹង​ការងារ​ និង​តំណាង​ឱ្យ​ប្រទេស​ទាំង​មូល​ ដោយ​មាន​សមត្ថ​ភាព​ និង​ស្រឡាញ់​ការ​ងារ​យ៉ាង​អស្ចារ្យ​មួយ​រូប​”។ លោក​ Dick បាន​ទទួល​តំណែង​ជា​ឯកអគ្គ​រាជ​ទូត​រង​​ចាប់​ពី​ខែធ្នូ ឆ្នាំ​2019។

ការ​បាត់​បង់​ជីវិត​របស់​ឯកអគ្គរាជ​ទូត​រង​អង់គ្លេស​នៅរដ្ឋធានី​​ Budapest បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ហុង​គ្រី​ សរុបឡើង​ដល់​10​នាក់​។ នេះ​បើ​តាមទិន្ន​ន័យ​ផ្លូវ​ការ​របស់​ប្រទេស​ហុង​គ្រី​កាល​ពី​ថ្ងៃដែល​លោក Dick បាន​ស្លាប់​។ ក៏ប៉ុន្តែ ភាគី​ខាង​​ប្រទេស​ហុង​គ្រី​បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​អង់គ្លេស​តែ​ម្នាក់​គត់​ ដែល​​បាន​ស្លាប់​​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​។ បច្ចុប្បន្ន មិន​ទាន់​ដឹង​ថា​លោក Dick​ មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ក្រៅ​ពី​ COVID-19 ដែរ​ឬអត់​នៅ​ឡើយ​។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​198​ នៅ​ទូទាំង​ពិភពលោក ក្រោយ​ពី​បាន​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​ប្រទេស​ចិនកាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណជា 471,468​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​21,295​នាក់​បាន​ស្លាប់ និង​ជាង​14,790​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​។ ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​114,640​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement