អភិបាលក្រុងនៅអ៊ីតាលី សារភាព៖ ​មន្ទីរ​ពេទ្យ​ជួយ​អ្នក​ជំងឺ​ឆ្លង​វីរុស​កូវីដ​-​19​គ្រប់​គ្នា​លែង​រួចហើយ មានច្រើន​ណាស់​ត្រូវ​ស្លាប់នៅផ្ទះ…

អភិបាលក្រុងនៅអ៊ីតាលី សារភាពៈ មន្ទីរពេទ្យជួយអ្នកជំងឺឆ្លងវីរុសកូវីដ-19គ្រប់គ្នាលែងរួចហើយ មានច្រើនណាស់ត្រូវស្លាប់នៅផ្ទះ...

ដោយសារតែមន្ទីរពេទ្យទាំងអស់ គ្មានទីកន្លែង និងធនធានមនុស្សច្រើនគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះឱ្យបានគ្រប់គ្នា នោះវាមានន័យថា នឹងមានអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ចំនួនដ៏ច្រើនត្រូវដេកស្លាប់នៅក្នុងផ្ទះ…នេះបើយោងតាមពាក្យដាស់តឿនរបស់លោក ចចជិអូ ហ្គូរី អភិបាលទីក្រុងប៊ែហ្គាម៉ូ ក្នុងមណ្ឌល​ឡំបាឌី ភាគខាងជើងនៃប្រទេសអ៊ីតាលី ជាតំបន់ដែលទទួលរងផលប៉ះពាល់ពីវីរុសមរណៈនេះខ្លាំងក្លាជាងគេបំផុត។

លោក ហ្គូរី បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មានក្នុងតំបន់មួយកាលពីថ្ងៃពុធ(ទី25មីនា)ម្សិលមិញថា ប្រព័ន្ធសាធារណសុខាភិបាលទាំងអស់របស់ទីក្រុង បានធ្លាក់ក្នុងសភាវណែនណាន់តាន់តាប់ ដោយសារតែការឆ្លងរាតត្បាតនៃវីរុសកូវីដ-19 ហើយគ្រប់គ្នា “ធ្វើការយ៉ាងវីវក់ តាំងពីម៉ោង 8.00 រហូតមកដល់ពេលដែលយើងត្រូវប្រះខ្លួនដេកដោយក្ដីនឿយហត់នៅពេលព្រលប់”។

“មនុស្សចំនួនដ៏ច្រើន បាននាំគ្នាមកមន្ទីរពេទ្យយឺតពេលជ្រុលពេក និងមកដល់ក្នុងស្ថានភាពធ្ងន់ធ្ងរបាត់ទៅហើយ ចាំបាច់ត្រូតែដាក់បំពង់ដកដង្ហើមនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់” លោក ហ្គូរីបន្តប្រាប់ ព្រមទាំងបញ្ជាក់ថា កាលពីសប្ដាហ៍មុន មានអ្នកស្លាប់នៅក្នុងប៊ែហ្គាម៉ូ ក្នុងមណ្ឌលតែមួយ ក៏ច្រើនជាង 300នាក់បាត់ទៅហើយ។

លោកបានថ្លែងថា “មានចំនួនច្រើនទៀតណាស់ ដែលមកមិនដល់មន្ទីរពេទ្យ បានស្លាប់នៅតាមផ្លូវ និងនៅក្នុងផ្ទះ សឹងតែទាំងអស់ ជាមនុស្សចាស់ជរាដែលមានអាការរលាកសួត និងមានករណីឆ្លងវីរុសកូវីដ-19ជាច្រើនទៀត បានរបូតផុតពីការឃ្លាំមើលរបស់យើង។ វាជារឿងពិបាកណាស់ ក្នុងការទប់ស្កាត់អ្នកឆ្លងមេរោគឱ្យបានទាន់ពេលវេលា ហើយយើងថែមទាំងគ្មានបន្ទប់នៅក្នុងមន្ទីរពេទ្យសម្រាប់គ្រប់គ្នាទៀតផង”

មណ្ឌលឡំបាឌី គឺជាមណ្ឌលកណ្ដាលនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងប្រទេសអ៊ីតាលី ដោយកាលពីថ្ងៃពុធ(ទី25មីនា)ម្សិលមិញ មានអ្នកឆ្លងមេរោគទូទាំងប្រទេសរួចហើយចំនួន 69,176នាក់ ខ្ពស់បំផុតលំដាប់លេខ2 របស់ពិភពលោកបន្ទាប់ពីចិន និងមានចំនួនអ្នកស្លាប់សរុប 6,820នាក់ វ៉ាដាច់ប្រទេសចិន ឡើងជាលំដាប់លេខ1 របស់ពិភពលោកទៅហើយ៕

ប្រភព៖ Mgronline

Advertisement