COVID-19! ឥណ្ឌា​ដាក់​ទណ្ឌកម្ម​​អ្នក​រំលោភ​បទបញ្ជា​បម្រាម​គោចរ ដោយ​វាយ​នឹង​ដំបង

COVID-19! ឥណ្ឌា​ដាក់​ទណ្ឌកម្ម​​អ្នក​រំលោភ​បទបញ្ជា​បម្រាម​គោចរ ដោយ​វាយ​នឹង​ដំបង

អាជ្ញា​ធរ​ឥណ្ឌា​ ធ្វើ​ការ​​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​អ្នកទាំង​ឡាយ​ណា​​ដែល​បាន​រំលោភ​លើ​បទ​បញ្ជា​បម្រាម​គោចរ​ ខណៈ​​ដែល​ប្រជា​ជន​ប្រមាណជា​1.3​ពាន់​លាន​នាក់ ​ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​ក្នុង​ផ្ទះ ដើម្បី​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​វីរុស​COVID-19។

យោង​តាម​បទបញ្ជា​របស់លោក Narendra Modi ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ឥណ្ឌា ប្រទេស​ដែល​មាន​ប្រជា​ជន​​ប្រមាណជា​1.3​ពាន់លាន​នាក់​នេះ នឹង​ត្រូវ​បាន​បិទ​ការ​ដើរ​ហើរ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​21​ថ្ងៃ ដើម្បី​រារាំង​ពលរដ្ឋមិន​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​។

នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ មាន​ប្រសាសន៍​ថា ការ​ដាក់​បម្រាម​គោចរ​គឺជា​វិធី​តែមួយ​​គត់​ដែល​អាច​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​COVID-19​បន្ថែម​ទៀត​ និង​កាត់​បន្ថយ​ទំហំ​នៃ​ការ​រីក​រាល​ដាល​របស់​មេរោគនេះ​​។

សេវា​កម្ម​ចាំបាច់​មួយ​ចំនួន​ដូច​ជា អគ្គិសនី ទឹក​​ ការ​ថែ​ទាំសុខភាព​ ពន្លត់​អគ្គិភ័យ និង​ហាង​លក់​គ្រឿងទេសជា​ដើម​​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​សកម្ម​ភាព​។ ក្រៅ​ពី​នេះ សុទ្ធ​តែ​ត្រូវ​បាន​បិទ​ សូម្បី​តែ​រថយន្ត​ក្រុង​ និង​រថភ្លើងក្រោម​ដី​ក៏ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​។

បម្រាម​គោចរ​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ទ្រង់ទ្រាយ​ធំ​ជាង​ប្រទេស​ចិន​ដែល​មនុស្ស​​ប្រមាណជា​750​លាន​នាក់ប៉ុណ្ណោះ ​ត្រូវ​បាន​ហាម​មិន​ឱ្យ​ធ្វើ​ដំណើរ​។

នៅ​ប្រទេស​ឥណ្ឌា មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បទបញ្ជា​បម្រាម​គោចរនេះ​។ មនុស្ស​ជា​ច្រើន​យល់​ថា បទ​បញ្ជា​នេះ​អាច​ធ្វើ​ឱ្យ​វីរុស​COVID-19 ឆ្លង​រាល​ដាល​ដល់​ជនបទ​ ខណៈ​ដែល​ពលរដ្ឋ​ជា​ច្រើន​​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ព្រោះ​ខ្លាច​ជាប់​​នៅ​ក្នុង​ទី​ក្រុង​។

សមត្ថ​កិច្ច​ឥណ្ឌា​ កំពុង​ប្រើ​ប្រាស់​វិធាន​ការ​ពិន័យ​ច្រើន​រូប​ភាព​ ចំពោះ​អ្នក​ដែល​បាន​រំលោភលើ​បទបញ្ជា​បម្រាម​គោចរ​របស់​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ដូច​ជា​ ការ​ពិន័យ​ដោយការ​​វាយ​នឹង​ដំបង​ ឬ​ចាប់​ឱ្យ​អង្គុយ​តាម​កាយ​វិការពិបាក​ទ្រាំ​ជា​ច្រើន​របៀប​។ល។

ប្រទេស​ឥណ្ឌា​ គិត​ត្រឹម​ល្ងាច​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​COVID-19 តែ​665​នាក់ និង​ស្លាប់​ចំនួន​13​នាក់​ប៉ុណ្ណោះ​ ដែល​តួលេខ​នេះ​ នៅ​ទាប​ជាង​ប្រទេស​ចិន សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​​នៅឡើយ។ ក៏ប៉ុន្តែ កត្តា​ជីវ​ភាព​រស់​នៅ អនាម័យ​នៅ​មាន​កម្រិត រួម​នឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​ខ្សោយ​ របស់ប្រទេស​ឥណ្ឌា​ អាច​ធ្វើ​ឱ្យ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19 កើន​ឡើង​ខ្លាំង​ មិន​អាច​គ្រប់​គ្រង​បាន​។

នាយក​រដ្ឋមន្ត្រី​ Modi បាន​ប្រកាស​​ចំណាយ​ថវិកា​​​ចំនួន​150​ពាន់​លាន​ rupee (ជិត​2ពាន់​លាន​ដុល្លារ​អាមេរិក) ដើម្បី​ជួយ​ដល់​ការ​ធ្វើ​តេស្ត​រក​មេរោគ ការ​បន្ថែម​គ្រែ​ក្នុង​មន្ទីរពេទ្យ ម៉ាស៊ីន​ជំនួយ​ការ​ដកដង្ហើម។ល។ លោក Modi ក៏បាន​បង្កើត​​ក្រុម​ការ​ងារ​ពិសេស​មួយ​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ដែល​កើត​ឡើង​ដោយ​សារ​វិបត្តិ​សុខ​ភាព​នេះ៕

ប្រភព៖ Reuters, AFP, PTI,indiatimes

Advertisement