COVID-19! សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​កញ្ចប់​ថវិកាជំនួយ​ 2លាន​លាន​ដុល្លារ​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​នឹង​វីរុស​កូរ៉ូណា​

សភា​ជាន់​ខ្ពស់​អាមេរិកាំង​ ទើប​តែ​បាន​បោះ​ឆ្នោត​អនុម័ត​​​យល់​ព្រម​​ទៅ​លើ​សេចក្ដី​ព្រាង​​ច្បាប់​ដ៏​ធំ​មួយ​ ដើម្បី​ជួយ​ដល់​​ពលករ​ និង​វិស័យ​ឧស្សហ​កម្ម​ទាំង​ឡាយ​ដែល​រង​ផល​ប៉ះពាល់ខ្លាំង​​ពី​វិបត្តិ​សុខ​ភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​​COVID-19។

ក្រោយ​ពី​ការ​ជជែក​គ្នា​យ៉ាង​តឹង​សរសៃ​ក រៀង​ៗ​ខ្លួន សភាជាន់​ខ្ពស់​សហរដ្ឋអាមេរិក ក៏​បាន​បោះ​ឆ្នោត​អនុម័ត​លើសេចក្ដី​ព្រាង​​ច្បាប់​ស្ដី​អំពី​កញ្ចប់​ថវិកា​ជំនួយ​​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​រហូតដល់​ 2លានលាន​ដុល្លារ​អាមេរិក(សារ​ព័ត៌មាន Globalnews ថា 2.2​លាន​លាន​ដុល្លារ​) ដោយ​មាន​96​សំឡេង​យល់​ព្រម​ និង​​0សំឡេង​ជំទាស់។ សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សភាជាន់​ទាប​អាមេរិកាំង​ ដើម្បី​ពិនិត្យ​ និង​អនុម័ត​នៅ​ថ្ងៃស្អែក​(27​មីនា)។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Donald Trump ថ្ងៃ​នេះ​បាន​អះអាង​ថា នឹង​ចុះ​ហត្ថលេខា​ភ្លាម បន្ទាប់ពី​សេច​ក្ដី​ព្រាង​ច្បាប់​នេះ​ បាន​ឆ្លង​កាត់​សភា​ជាន់​ទាប​ និង​បាន​មក​ដល់​សេត​វិមាន។

កញ្ចប់​ថវិកា​ជំនួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 2លាន​លាន​ដុល្លារ​នេះ​ នឺង​ក្លាយ​ជា​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋ​កិច្ច​ជាតិ​ដំបូង​គេ​បង្អស់​នៅ​សភា​សហរដ្ឋ​អាមេរិក​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ធំ​ជាង​គេ​មិន​ធ្លាប់​មាន​ពីមុន​មក​។ ក្នុង​នោះ រួម​មាន​500​ពាន់​លាន​ដុល្លារសម្រាប់​វិស័យ​ឧស្សហកម្ម​ដែល​ទទួល​រង​ផលប៉ះពាល់​ខ្លាំង​វិបត្តិ​សុខ​ភាព​​COVID-19 និង​250​ពាន់​លាន​ដុល្លារ​សម្រាប់​បែង​ចែក​ជូន​ពលរដ្ឋ​​ផ្ទាល់​ ដោយ​ក្នុង​1គ្រួសារ​នឹ​ង​ទទួល​បាន​ប្រាក់​3,000​ដុល្លារ ចំណែក​350​ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ផ្ដល់​ជា​ប្រាក់​កម្ចី​ដល់​អាជីវ​កម្ម​ខ្នាត​តូច និង​250​ពាន់​លាន​ដុល្លារ​​សម្រាប់​ជួយ​ដល់​អ្នក​អត់​ការ​ងារ​ធ្វើ​ និង130​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​បណ្ដា​មន្ទីរពេទ្យ​ និង​150​ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​ជួយ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ដើម្បី​ពង្រឹង​យុទ្ធ​នាការ​ប្រឆាំង​នឹង​ COVID-19។

កាល​ពី​ម្សិលមិញ ក្រោយ​រយៈ​ពេល​5ថ្ងៃ​ដែល​បាន​ជជែក​គ្នា​ ក្រុម​មន្ត្រី​កំពូល​ៗ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​តំណាង​រាស្ត្រ​ទាំង​2​បក្ស​ បាន​​ព្រម​ព្រៀង​គ្នា​ទៅលើ​ការ​បញ្ចេញ​​កញ្ចប់​ថវិកា​ជំនួយ​ដ៏ធំ​មួយ​ខាង​លើ​នេះ​។ ប្រធាន​សភាជាន់​ទាប​អាមេរិកាំង Nancy Pelosi បាន​ឱ្យ​ដឹង​ថា លោក​ស្រី​សង្ឃឹម​ថា ការ​ព្រម​ព្រៀង​គ្នា​នេះ​នឹង​ត្រូវ​បាន​អនុម័ត​យល់​ព្រម​នៅ​ថ្ងៃស្អែក​(27មីនា)​នេះ​។ នេះ​គឺជា​កិច្ច​ការ​ចាំបាច់​ដើម្បី​កាត់​បន្ថយ​ទម្ងន់​នៃ​វិបត្តិ​នា​បច្ចុប្បន្ន​។

មុន​នេះ​ សហរដ្ឋ​អាមេរិក​ក៏​បាន​អនុម័ត​យល់​ព្រម​​ទៅ​លើ​ការ​បញ្ចេញ​កញ្ចប់​​​ថវិកា​ចំនួន​2រួច​មកហើយ​នៅ​ក្នុង​ខែ​នេះ​។ ទំហំ​សរុប​នៃ​កញ្ចប់​ថវិកា​ទាំង​3​នេះ ជិត​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ការ​ចំណាយសរុប​​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ នេះ​បើតាម​សារ​ព័ត៌មាន​ Reuters។

កញ្ចប់​ថវិកា​ទី3នេះនឹង​បញ្ចូល​ទឹក​ប្រាក់​ទំហំ​ “​ខ្នាត​យក្ស​” ចូល​ទៅ​ក្នុង​សេដ្ឋ​កិច្ច​​ជាតិ​ ក្នុង​អំឡូង​ប្រទេស​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​COVID-19 ចំនួន​68,489នាក់ ដែល​ក្នុង​នោះ​មាន​1,032​នាក់​បាន​បាត់​បង់ជីវិត​៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement