COVID-19! សហរដ្ឋ​អាមេរិក ​បាន​ក្លាយ​ជា​ “សម្បុក​មេរោគ” COVID-19 ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោកហើយ!

COVID-19! សហរដ្ឋ​អាមេរិក ​បាន​ក្លាយ​ជា​

គិត​មក​ដល់​ពេល​នេះ​ សហរដ្ឋ​អាមេរិក​ មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​COVID-19 ជាង​82,000​ករណី ខ្ពស់​ជាង​ប្រទេស​ចិន និង​អ៊ីតាលី​ ហើយ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំ​បំផុត​នៅ​លើ​ពិភពលោក​។

សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​14,933​ករណី​បន្ថែម​ទៀត​ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​​បាន​ឆ្លង​មេរោគ​ករូ៉ណា​សរុប​ឡើង​ដល់​83,144​នាក់។ សហរដ្ឋ​អាមេរិក​ក៏​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​174​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ​​ កើន​ដល់​​1,201​ករណី។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ Johns Hopkins។

យោង​តាម​តួលេខ​ថ្មី​ដែល​ទើប​ត្រូវ​បាន​ប្រកាស​ សហ​រដ្ឋ​អាមេរិក បាន​លោត​រំលង​ផុត​ប្រទេស​ចិន និង​ប្រទេស​អ៊ីតាលី ហើយ​បាន​ក្លាយ​ជា​សម្បុក​មេរោគCOVID-19 ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​។ ប្រទេស​ចិន​បច្ចុប្បន្ន មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ជាង​81,000​នាក់​​ ក្នុង​នោះ​មាន​ជាង​3,200​នាក់​បាន​ស្លាប់​ ខណៈ​ប្រទេស​អ៊ីតាលី​មាន​អ្នក​ឆ្លង​មេរោគ​ជាង​80,000​នាក់ ក្នុង​នោះ​មាន​ជាង​8,000​នាក់​បាន​បាត់​បង់ជីវិត​។

New York, Washington និង California គឺជា​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​ ក្នុង​ពេល​ដែល​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​COVID-19 នៅ​ក្នុង​បណ្ដា​រដ្ឋ​ និង​ទីក្រុង​ផ្សេង​ៗ​ទៀត​ក៏​បាន​ និង​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ Craig Smith នាយក​ផ្នែក​វះកាត់​ក្នុង​មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​ Irving នៃ​សាកល​វិទ្យា​ល័យ Columbia ក្នុង​ទីក្រុង​ New York បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ប្រើ​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើមក្នុង​មន្ទីរពេទ្យ​នេះ​ បាន​កើន​ឡើង​ជាង​ទ្វេ​ដង​ ក្នុង​រយៈ​ពេល​3​ថ្ងៃ​កន្លេង​មក​នេះ​។

នេះ​គឺជា​ស្ថាន​ភាព​ដែល​ត្រូវ​បាន​ព្យាករ​មុន​រួច​ហើយ​នៅ​សហរដ្ឋ​អាមេរិក​។ Jeremy Konyndyk ជា​សមាជិក​ជាន់​ខ្ពស់​ម្នាក់​មក​ពី​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​សកល​លោក​ បានបង្ហោះ​សារ​នៅ​លើ​ Twitter ថា ករណី​ឆ្លង​ទាំង​ឡាយ​ដែល​នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ផ្ទុយ​ពី​ប្រទេស​ចិន​។

លោក Jeremy Konyndyk សរសេរ​ថា “ប្រទេស​ចិន មាន​ភ្លើង​ឆេះ​នៅ​ខេត្ត Hubei ប៉ុន្តែ​បាន​ពន្លត់​ផ្កា​ភ្លើង​​នៅ​គ្រប់​កន្លែង​ផ្សេង​ៗ​ទៀត​។ ពេល​នេះ​ យើង​កើត​អគ្គិភ័យ​នៅ​ទីក្រុង​ New York រួម​ទាំង​ដុំភ្លើង​នៅ​ស្ទើរ​គ្រប់​កន្លែង​ ហើយ​ទាំង​នេះ​កំពុង​បញ្ចេញ​ផ្កា​ភ្លើង​”។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump មុន​នេះ​បាន​ឱ្យ​ដឹង​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​​ប្រធានា​ធិបតី​ចិន​ លោក​ Xi Jinping អំពី​ COVID-19 ប៉ុន្តែ លោកអះអាង​ថា រដ្ឋាភិបាល​របស់​លោក មិន​ជឿ​ទាំងស្រុង​ទៅ​លើ​ទិន្ន​ន័យ​ទាំង​អស់​របស់​ប្រទេស​ចិន​នោះ​ទេ​។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកល​វិទ្យា​ល័យ​ Washington កាល​ពី​ថ្ងៃទី​26មីនា បាន​ព្រមាន​ថា មនុស្ស​ប្រមាណ​ពី​ 38,000-162,000​នាក់នៅ​សហរដ្ឋ​អាមេរិក អាច​នឹង​បាត់​បង់ជីវិត​​ក្នុង​អំឡុង​4ខែ​ខាង​មុខ​ ដោយ​សារ​តែ​បាន​ឆ្លង​មេរោគ​COVID-19៕

ប្រភព៖ ABC, Hill

Advertisement