មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​​ទូទាំង​​ពិភព​​លោក

មនុស្ស​ជាង​កន្លះ​លាន​នាក់​បាន​ឆ្លង​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

ចំនួន​អ្នក​ឆ្លង​មេរោគ​COVID-19 បន្ត​កើន​ឡើង​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក អ៊ីតាលី​ និង​អេស្ប៉ាញ ដែល​នេះ​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​នៅ​ទូទាំង​ពិភពលោក​ ឡើង​ដល់​ជាង​529,000​នាក់។

COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ជិត​200​នៅ​ទូទាំង​ពិភពលោក​ ហើយសហរដ្ឋ​​អាមេរិក​បាន​លោត​រំលោង​ប្រទេស​ចិន និង​អ៊ីតាលី​ និង​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភព​លោក​។

សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ចំនួន​14,933នាក់​បន្ថែម​ទៀត​ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​ ធ្វើ​ឱ្យ​តួលេខ​នៃ​ករណី​ឆ្លង​មេរោគ​នៅ​ទូទាំង​ប្រទេស​នេះកើន​ដល់​83,144​នាក់​។ ប្រទេស​នេះ​ក៏​មាន​អ្ន​ក​ស្លាប់​ថ្មី​ចំនួន​174​នាក់បន្ថែម​ទៀត​ផងដែរ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​1,201​នាក់។

ប្រទេស​អ៊ីតាលី ​​ជា​សម្បុក​មេរោគCOVID-19 ​ធំ​បំផុត​លំដាប់​ទី3 នៅ​ក្នុង​ពិភពលោក និង​ទី​1​នៅ​​ឯទ្វីប​អឺរ៉ុប ដោយ​មាន​អ្នក​ស្លាប់​ថ្មី​712​នាក់​ថែម​ទៀត​។ ជា​សរុប ប្រទេស​អ៊ីតាលី​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​មាន​អ្នក​ឆ្លង COVID-19 ចំនួន​80,589​នាក់ និង​​បាត់​បង់​ជីវិត​ចំនួន​​8,215​នាក់។ អត្រា​នៃ​ការ​ស្លាប់​គឺ​10% ពោល​គឺ​ខ្ពស់​ជាង​2ដង​ បើ​ធៀប​នឹង​មធ្យម​ភាគ​(4,6%) នៅ​ទូទាំង​ពិភព​លោក​។

ប្រទេស​អេស្ប៉ាញ នៅតែជា​សម្បុក​មេរោគ​កូរ៉ូណា​ធំទី​2​នៅ​អឺរ៉ុប​ ដោយ​មាន​អ្នក​ឆ្លង​វីរុស 57,786​នាក់(កើន​​8,271​នាក់​បន្ថែម​ទៀត​) និង​4,365​នាក់​បាន​ស្លាប់​(កើន​​718​នាក់​)។

អាល្លឺម៉ង់​ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មីចំនួន​6,615​នាក់​ និង​ស្លាប់​ 61​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​43,938​នាក់ និង​ស្លាប់​សរុប​267​នាក់​។

ប្រទេស​អ៊ីរ៉ង់​គឺជា​សម្បុក​មេរោគ​ធំទី​2​ប្រចាំ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ (ចិនដីគោក) ដោយ​មាន​អ្នក​ឆ្លង​មេរោគ​29,406​នាក់​ និង​អ្នក​​បាន​ស្លាប់​ មាន​ចំនួន​2,234​នាក់​។

ប្រទេស​ចិន និង​កូរ៉េខាង​ត្បូង​មិន​ទាន់​ឱ្យ​ដឹង​អំពី​តួលេខ​ថ្មី​នៅ​ឡើយ​។

នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ម៉ាឡេស៊ី គឺជា​សម្បុក​មេរោគ​ធំ​បំផុត​ ដោយ​មាន​អ្នក​ជំងឺ​កូរ៉ូណា 2,031​នាក់ និង​ស្លាប់​23​នាក់​។

ឥណ្ឌូនេស៊ី គឺជា​ “វាល​ពិឃាត” ធំជាង​គេ​បង្អស់​របស់​វីរុស​COVID-19 នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដោយ​មាន​អ្នក​ស្លាប់​78​នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​893​នាក់​។ អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​នេះ គឺ​8,7​% ដែលស្ថិត​ក្នុង​លំដាប់​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​។

ជា​សរុប ពិភពលោក​ទាំង​មូល បច្ចុប្បន្នមាន​អ្នក​ឆ្លង​វីរុសCOVID-19 ចំនួន​529,148​នាក់ ក្នុង​នោះ​មាន​23,968​នាក់​បាន​ស្លាប់​។ អ្នក​ជំងឺ​ចំនួន123,380​នាក់​(ស្មើ​នឹង​23%នៃ​អ្នក​ឆ្លង​មេរោគ​សរុប) បាន​ជា​សះស្បើយ​៕

ប្រភព៖ AFP, Worldometer

Advertisement