Imperial College ព្យាករ៖ ទោះជាមានវិធានការតឹងរ៉ឹងប៉ុនណា ក៏ចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 អាចនឹងឡើងដល់ 1.8លាននាក់

Imperial College ព្យាករ៖ ទោះជាមានវិធានការតឹងរ៉ឹងប៉ុនណា ក៏ចំនួនអ្នកស្លាប់ដោយសារវីរុស Covid-19 អាចនឹងឡើងដល់ 1.8លាននាក់

Imperial College London ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នវិភាគ ដែលបានទទួលការជឿជាក់លំដាប់ពិភពលោក បានចេញផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលបានបង្ហាញនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ចំនួនអ្នកស្លាប់ដែលបណ្ដាលមកពីការឆ្លងរាតត្បាតរបស់មេរោគកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ទូទាំងពិភពលោក អាចនឹងកើនឡើងខ្ពស់ដល់ 1.8លាននាក់ក្នុងឆ្នាំនេះ បើទោះជារដ្ឋបាលនៃប្រទេសផ្សេងៗមានវិធានការយ៉ាងតឹងរ៉ឹង ដើម្បីបញ្ឈប់ការបាត់បង់ដែលកំពុងកើតឡើងនេះយ៉ាងណាក៏ដោយ។

ការងារវិភាគមួយនេះ បានយោងទៅលើព័ត៌មានមូលដ្ឋាននាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងកម្រិតភាពធ្ងន់ធ្ងររបស់វីរុស ដោយបាននាំយកតួលេខរបស់ការឆ្លងមេរោគ និងការប៉ាន់ស្មានចំនួនអ្នកស្លាប់ មកប្រកបក្នុងការពិចារណា រួមជាមួយបច្ច័យខាងផ្នែកស្ថិតិ និងខាងសង្គមផងដែរ។

លទ្ធផលនៃការវិភាគ បានសិក្សាពីលទ្ធផលដែលនឹងកើតឡើងក្នុងករណីដែលមានការតបស្នងក្នុងកម្រិតដែលខុសប្លែកពីគ្នា ដោយក្នុងករណីដែលមិនបានមានការត្រួតពិនិត្យគ្រប់គ្រងអ្វីទាំងអស់ មនុស្សស្ទើរតែទាំងអស់នៅលើពិភពលោកនេះ ប្រហែលជានឹងបានឆ្លងមេរោគកូវីដ-19ទាំងអស់ និងធ្វើឱ្យមានអ្នកស្លាប់ប្រមាណជា 40លាននាក់(ក្នុងករណីដែលគ្មានចាត់វិធានការអ្វីទាំងអស់)។

ចំណែកក្នុងករណីដែលមានការដំណើរការ កំណត់វិធានការដើម្បីគ្រប់គ្រងការឆ្លងរាលដាលដែលតឹងរ៉ឹងម៉ឺងម៉ាត់តាំងពីដំបូងៗ នឹងធ្វើឱ្យអត្រាការស្លាប់របស់មនុស្ស ស្ថិតក្នុងចំនួន 0.2នាក់(ចំនួននេះ 5ដង បានស្មើនឹងមនុស្សម្នាក់) ក្នុងចំនួនមនុស្ស 100,000នាក់ ក្នុង 1សប្ដាហ៍ ដែលក្រោមការគណនានេះ នឹងធ្វើឱ្យមានអ្នកស្លាប់ទាំងអស់ចំនួន 1.86លាននាក់ និងឆ្លងមេរោគជិត 470លាននាក់ក្នុងឆ្នាំនេះ។

ខណៈដែល បើមានការដំណើរការវិធានការគ្រប់គ្រងតឹងរ៉ឹងម៉ឺងម៉ាត់ដូចគ្នា តែយឺតយ៉ាវ នឹងធ្វើឱ្យចំនួនអ្នកស្លាប់ កើនទៅជា 1.6នាក់(ជិត 2នាក់)ក្នុងចំនួនមនុស្ស 100,000នាក់ ក្នុង 1សប្ដាហ៍។ នោះមានន័យថា ចំនួនការបាត់បង់រួម នឹងហក់ឡើងខ្ពស់ទៅជាមានអ្នកស្លាប់ 10.45លាននាក់ និងមានអ្នកឆ្លងមេរោគទូទាំងពិភពលោក 2.4ពាន់លាននាក់ក្នុងឆ្នាំនេះ។

អ្នកវិភាគ បានបញ្ជាក់ថា យើងនឹងអាចរក្សាជីវិតរបស់មនុស្សរាប់សិបលាននាក់បាន បើសិនជារដ្ឋបាលនៃប្រទេសទាំងអស់ចាប់ផ្ដើមយ៉ាងឆាប់រហ័សក្នុងការបញ្ជាឱ្យប្រើវិធានការខាងផ្នែកសាធារណសុខាភិបាល ដែលរួមទាំងការត្រួតពិនិត្យ ដើម្បីស្វែងរកអ្នកឆ្លងមេរោគ បង្ខាំងបរិវេណ(មិនឱ្យដើរហើរ) និងការដំណើរការវិធានការរក្សាគម្លាតឆ្ងាយពីគ្នា យ៉ាងទូលំទូលាយនោះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement