COVID-19! មនុស្ស​ជាង​800នាក់បាន​​ស្លាប់​ក្នុង​រយៈ​ពេល​​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ នៅប្រទេស​អេស្ប៉ាញ

ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​នេះបាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ​ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ​​832​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺកូរ៉ូណា​សរុប ​​72,248​នាក់​។

តួលេខ​ខាង​លើនេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​គ្រា​ដែល​ប្រទេស​អេស្ប៉ាញ​កំពុង​តែ​បង្កើន​ការ​ធ្វើ​តេស្ត​រក​មេរោគ​COVID-19។ អត្រា​នៃ​ការ​ឆ្លង​វីរុស​ហាក់​បី​ដូច​ជា​ថយ​ចុះ​បន្តិច បើ​ទោះជា​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​​នេះ​ ប្រទេស​​អេស្ប៉ាញ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ដល់​ទៅ​8,189​នាក់​បន្ថែម​ទៀត​ក៏ដោយ​។ ក្រុម​មន្ត្រី​សុខាភិបាល​ក៏បាន​ឱ្យ​ដឹង​ថា វិបត្តិ​សុខ​ភាព​នេះ​ជិត​ឡើង​ដល់​ចំណុច​កំពូល​ដែរ​ហើយ​។

ទីក្រុង​ Madrid នៅ​តែ​ជា​តំបន់​ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​ ដោយ​មាន​អ្នក​ស្លាប់​សរុប​2,757​នាក់ និង​អ្នក​ឆ្លង​មេរោគ​បាន​ឡើង​ដល់​21,520​នាក់​ បណ្ដាល​ឱ្យ​មន្ទីរ​ពេទ្យ​នានា​ រួម​នឹង​សាល​ដាក់​សាក​សព​ត្រូវ​លើស​ចំណុះ។ អាជ្ញា​ធរ​មូលដ្ឋាន​កំពុង​មាន​គម្រោង​កែ​ប្រែ​អាគារ​ធំ​មួយ​នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ​ ឱ្យទៅ​ជា​សាល​ដាក់​សាក​សព​បណ្ដោះ​អាសន្ន​ទី​2​ក្នុង​ទីក្រុង​នេះ​។ ក្រុម​យោធា​ក៏បាន​ចូល​រួម​ក្នុង​ការ​ដឹក​ជញ្ជូន​សាក​សព​ផងដែរ​។

ប្រទេស​អេស្ប៉ាញ បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​ជាង​គេ​ទី​4​ក្នុង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក អ៊ីតាលី និង​ប្រទេស​ចិន​។ នៅ​ទូទាំង​ពិភពលោក​ គិត​ដល់​ពេល​នេះ​មាន​អ្នក​ឆ្លង​មេរោគ​COVID-19 សរុប​​617,129​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​​28,377​​នាក់ និង​​137,336​​នាក់​បាន​ជា​សះស្បើយ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement