ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង កោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ​ ដែលប្រយុទ្ធនឹងវីរុសកូវីដ19

សេចក្តីថ្លែងអណរគុណរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ​ ដែលប្រយុទ្ធនឹងវីរុសកូវីដ19៖

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមសម្ដែង​នូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ ជូនដល់លោក​ លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី​-ខេត្ត ទាំងអស់​ ឯកឧត្តម​ លោក​ លោកស្រីប្រធានមន្ទីរពេទ្យជាតិទាំងអស់ ជាពិសេសដល់ក្រុមគ្រូពេទ្យ​​ និងបុគ្គលិកសុខាភិបាល នៅទូទាំងប្រទេស​ ដែលជាអ្នកប្រយុទ្ធជួរមុខ ដែលបានលះបង់ទាំងកម្លាំង​កាយ កម្លាំង​ចិត្ត និងប្រាជ្ញា មានឆន្ទ:​មុះមុត​បំពេញភារកិច្ច ការពារការរីករាលដាល និងថែទាំព្យាបាលអ្នកជំងឺកូវីដ19នៅកម្ពុជា យ៉ាងមានប្រសិទ្ធិ​ភាព។

ឯកឧត្តមរដ្ឋមន្ត្រី​ សូមថ្លែងអំណរគុណចំពោះអាជ្ញាធរ​មូលដ្ឋានថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធ​ជាតិ​ និងអន្តរជាតិទាំងអស់​ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតារបស់សម្តេចតេជោ​ អ្នកស្ម័គចិត្តកាកបាទក្រហមកម្ពុជា​ សិល្បករ សិល្បការិនី​ អ្នកសារព័ត៌មាន​ និងប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មានទាំងអស់ ដែល​បានរួមសហការគ្នាប្រកប​ដោយស្មារតីទទួលខុសត្រូវ​ ក្នុងការប្រតិបត្តិ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាស​វៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមក្រុមគ្រូពេទ្យ​ មន្រ្តី​ បុគ្គលិកសុខាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធ​ទាំងអស់ និងប្រជាពលរដ្ឋគ្រប់ៗគ្នា បន្តខិតខំប្រឹងប្រែងបន្ថែម​ទៀត ជាមួយក្រសួងសុខាភិបាល​ ក្នុងការអនុវត្តតាមគោលនយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាល។

សូមជូនពរ សុខភាពល្អ និងជ័យជំនះ លើការប្រយុទ្ធនឹងការរីករាលដាលនៃវីរុស COVID-19 នៅកម្ពុជា។

សូម​ជំរាប​ថា ព័ត៌មានខាង​លើ​នេះ ទទួលបានពីលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ទទក

Advertisement