ក្រោយ​ពី​បាន​ជា​សះ​ស្បើយ​ អ្នក​ជំងឺ​COVID-19 នៅ​តែ​មាន​ផ្ទុក​វីរុស​នេះ​រយៈ​ពេល​8​ថ្ងៃ​បន្ត​ទៀត

ក្រោយ​ពី​បាន​ជា​សះ​ស្បើយ​ អ្នក​ជំងឺ​COVID-19 នៅ​តែ​មាន​ផ្ទុក​វីរុស​នេះ​រយៈ​ពេល​8​ថ្ងៃ​បន្ត​ទៀត

អ្នក​​ផ្ទុក​​វីរុស​COVID-19 ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ និង​លែង​មាន​អាការ​រោគ នៅ​តែ​អាច​បញ្ចេញ​វីរុស​ក្នុង​អំឡុង​ពេល​ពី​1ថ្ងៃទៅ​8​ថ្ងៃបន្ត​ទៀត​​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​មន្ទីរ​ពេទ្យ​ PLA នៃ​ប្រទេស​ចិន និង​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​ Yale របស់​សហរដ្ឋ​អាមេរិក​ បាន​រកឃើញ​ថា ពាក់​កណ្ដាល​នៃ​អ្នកជំងឺ​COVID-19 កម្រិត​ស្រាល​ដែល​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ នៅ​តែ​មាន​ផ្ទុក​វីរុស​នេះ​រហូត​ដល់​8​ថ្ងៃ​ ក្រោយ​ពី​លែង​មាន​រោគ​សញ្ញា​។ លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី​23​មីនានៅ​លើ​ទស្សនាវដ្ដី​ Respiratory and Critical Care Medicine របស់​សមាគម​​ American Thoracic Society នៅ​សហ​រដ្ឋ​អាមេរិក​។​

សាស្ត្រាចារ្យ​ Lixin Xie និង​វេជ្ជ​បណ្ឌិត Lokesh Sharma រួម​នឹង​សហការី​ បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ​COVID-19ចំនួន​16​នាក់​ ដែល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ PLA ក្នុង​ទីក្រុង​ប៉េកាំង​ ចាប់​ពី​ថ្ងៃទី​28​មករា ដល់​ថ្ងៃទី​9មីនា​ ឆ្នាំ​2020។ អ្នក​ជំងឺ​ទាំង​នេះ មាន​វ័យ​ជា​មធ្យម​ 35.5​ឆ្នាំ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ពិសោធ​ទៅ​លើ​សំណាក​វត្ថុ​វិភាគ​របស់​អ្នក​ជំងឺ ដែល​បាន​ជា​សះស្បើយ​ ដោយមាន​លទ្ធ​ផល​​អវិជ្ជ​មាន​2លើក​បន្ត​បន្ទាប់​គ្នា​នៅ​ពេល​ធ្វើ​តេស្ត។

​វេជ្ជ​បណ្ឌិត Lokesh Sharma
លោក​​វេជ្ជ​បណ្ឌិត Lokesh Sharma

“របក​គំហើញ​សំខាន់​បំផុត​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​យើង​នោះ​គឺ​ ពាក់កណ្ដាល​នៃ​អ្នក​ជំងឺ​ នៅ​តែ​បន្ត​បញ្ចេញ​វីរុស​ បើ​ទោះ​ពួក​គេ​​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ពី​អាការ​រោគ​” នេះ​បើ​តាម​ប្រសាសន៍​របស់​វេជ្ជ​បណ្ឌិត​ Sharma មក​ពី​សាកល​​វិទ្យាល័យវេជ្ជ​សាស្ត្រ​​ Yale។ លោក​ Sharma បន្ត​ថា “ករណី​អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់​ធ្ងរ អាច​នឹង​នៅ​តែ​បញ្ចេញ​វីរុស​ក្នុង​រយៈ​ពេល​យូរ​”។

ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​នេះក៏បាន​បង្ហាញថា រយៈ​ពេល​នៃ​ការ​សម្ងំ​លាក់​ខ្លួន​របស់​វីរុស​ ភាគ​ច្រើន​អូស​បន្លាយ​ពេល​5​ថ្ងៃ​។ រយៈ​ពេល​ដែល​​អ្នក​ជំងឺអាច​​ចេញ​រោគ​សញ្ញា​ គឺ​8​ថ្ងៃ ហើយ​រយៈ​ពេល​ដែល​ពួក​គេ​នៅ​មាន​ផ្ទុក​វីរុស​ក្រោយ​ពី​លែង​មាន​រោគ​សញ្ញា​ គឺ​ចាប់​ពី​1ថ្ងៃ​ដល់​8​ថ្ងៃ​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាង​លើ​បាន​សង្កាត់​ធ្ងន់​ថា ចំនួន​អ្នក​ជំងឺ​ដែល​ពួកគេ​បាន​វិភាគ​ គឺ​មាន​ចំនួន​តិច​តួច​ពេក ហើយ​សុទ្ធ​តែ​ជា​អ្នក​ជំងឺ​ដែល​មាន​អាការ​រោគ​ស្រាល​ៗ។ ពួកគេ​និយាយ​ថា ពួក​គេ​ត្រូវ​ការ​សិក្សា​បន្ថែម​ច្រើន​ជាង​នេះ​ទៀត​ដើម្បី​ទទួល​បាន​លទ្ធ​ផល​សុក្រឹត​ជាង​នេះ៕

ប្រភព៖ Phys.org

Advertisement