រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់ ស្លាប់​ដោយ​សារ​​ធ្វើ​អត្តឃាត​ ព្រោះ​តែ​​បារម្ភ​អំពី COVID-19

រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់ ស្លាប់​ដោយសារ​​ធ្វើ​អត្តឃាត​ ព្រោះ​តែ​​បារម្ភ​អំពី COVID-19

Thomas Schaefer ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​រដ្ឋ​ Hesse នៃ​​ប្រទេស​អាល្លឺម៉ង់ ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ធ្វើ​អត្តឃាត​​ព្រោះ​តែ​ “មាន​ការ​បារម្ភ​ជ្រុល​” អំពី​វិធាន​ការ​ទប់​ទល់​នឹង​ហានិភ័យ​ដួល​រលំ​នៃ​សេដ្ឋ​កិច្ច​ជាតិ​ ដោយ​សារ​តែ​ COVID-19។

Schaefer មាន​អាយុ​54​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្បែរ​ផ្លូវ​រថភ្លើង​មួយ​កន្លែង​កាល​ពី​ថ្ងៃទី​28​មីនា​កន្លង​ទៅ​។ ការិយាល័យរដ្ឋ​អាជ្ញា​នៃ​តុលា​ការ​ក្រុង​ Wiesbaden បាន​ឱ្យ​ដឹង​ថា ពួកគេ​ជឿ​ថា រដ្ឋ​មន្ត្រី​រូប​នេះ បាន​ធ្វើ​អត្ត​ឃាត​។

“យើង​ពិត​ជា​តក់ស្លុត​​ខ្លាំង​ណាស់​…។ យើង​ពិត​ជា​មាន​ការ​សង្វេគ​ខ្លាំង​ណាស់​” អភិបាល​រដ្ឋ Hesse លោក Volker Bouffier មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុងសេចក្ដី​ប្រកាស​របស់​លោក​ បន្ទាប់​ពី​ករណី​ខាង​លើ​បាន​កើត​ឡើង​។

លោក Bouffier បាន​ឱ្យ​ដឹង​ថា លោក Schaefer បាន​កាន់​កាប់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​រដ្ឋ​ Hesse អស់​រយៈ​ពេល​10​ឆ្នាំ​មក​ហើយ​។ លោក​បាន​ខិត​ខំ​ប្រឹង​ប្រែង​ “មិន​ថា​យប់​ថ្ងៃ​” ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​នានា និងកម្មករ​ទូទៅ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​សេដ្ឋ​កិច្ច​ពី​ COVID-19។

អភិបាល​រដ្ឋ Hesse បាន​ថ្លែង​ថា “យើង​ជឿ​ថា គាត់​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​។ នេះ​ពិត​ជា​ដំណាក់​កាល​ដ៏​លំបាកដែល​យើង​ត្រូវ​ការ​មនុស្ស​ដូច​គាត់​”។

Schaefer កន្លង​មក​នេះ ត្រូវ​បាន​គេ​យល់​ថា​ជា​អ្នក​បន្ត​វេន​របស់​អភិបាល​រដ្ឋ Hesse គឺ​លោក Bouffier។ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​រូប​នេះ បាន​លាចាក​លោក​នេះ​ទៅ ដោយ​បន្សល់​ទុក​ភរិយា​ និង​កូន​2​នាក់​ឱ្យ​រស់​នៅ​ដោយ​គ្មាន​ស្វាមី និង​ឪ​ពុក​។

គិត​ត្រឹម​ម៉ោង​នេះ ប្រទេស​អាល្លឺម៉ង់ បាន​រកឃើញ​អ្ន​កផ្ទុក​មេរោគ​COVID-19 ចំនួន​ 58,247នាក់ និង​ស្លាប់​ចំនួន​​455​នាក់​​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement