WHO ប្រកាស៖ ចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនជាងកន្លះលាន ចំណែកវ៉ាក់សាំង គ្មានផ្លូវកាត់ទេ ត្រូវរង់ចាំ 1ឆ្នាំ

លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក ថ្លែងថា នៅតែត្រូវរង់ចាំ យ៉ាង​ហោចណាស់ក៏ 12-18ខែទៀតដែរ ទម្រាំនឹងមានវ៉ាក់សាំងការពារមេរោគកូវីដ-19

ទីក្រុងហ្សឺណែវ ថ្ងៃទី27 មីនា អង្គការសុខភាពពិភពលោក ឬ WHO បានបង្ហើបឱ្យដឹងថា ចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ដែលបានអះអាងហើយទូទាំងពិភពលោក បានកើនឡើងដល់ជាងកន្លះ លាននាក់ និងមានអ្នកស្លាប់ច្រើនជាង 20,000នាក់ហើយ ដែលនេះជា “ស្ថិតិដ៏គួរឱ្យសោកសៅ” បំផុត។

WHO បានបញ្ជាក់ថា ចំនួនអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោកបានកើនឡើងដល់ 509,164នាក់ គិតត្រឹមម៉ោង10 ម៉ោងនៅអឺរ៉ុប នៃថ្ងៃសុក្រ ទី27 មីនា ដោយវីរុសបានឆ្លងសាយភាយទូទាំងប្រទេស និងភូមិភាគ ជាង 200កន្លែង និងធ្វើឱ្យមានអ្នកស្លាប់ច្រើនរហូតដល់ 23,335នាក់។

លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា នៅតែត្រូវរង់ចាំយ៉ាងហោចណាស់ក៏ 12-18ខែទៀតដែរ ទម្រាំនឹងមានវ៉ាក់សាំងការពារមេរោគមួយនេះ…។ លោកព្រមទាំងបាននិយាយសង្កត់ធ្ងន់ទៅលើភាពចាំបាច់យ៉ាងបន្ទាន់ក្នុងការព្យាបាលអ្នកជំងឺ និងបន្ថយចំនួនអ្នកស្លាប់ ទៀតផង។

“ការសាកល្បងដែលបានរួមដៃគ្នាជាធ្លុងមួយ មានន័យអំពីការសាកល្បងខាងការព្យាបាលរបស់ប្រទេសជាច្រើន ដើម្បីស្វែងរកវិធីព្យាបាលជំងឺដែលបណ្ដាលមកពីវីរុសកូវីដ-19 គឺជាការសាកល្បងជាប្រវត្តិសាស្ត្រ ដែលវានឹងជួយឱ្យការពិសោធភ័ស្តុតាងពាក់ព័ន្ធនឹងថ្នាំដែលមានប្រសិទ្ធផលខាងការព្យាបាល”

លោក ថេដ្រូស បានប្រកាសថា អ្នកជំងឺ 1ឈុតដំបូងនៅក្នុងប្រទេសន័រវេយ៍ និងអេស្បាញ នឹងចូលរួមការសាកល្បងខាងការព្យាបាលក្នុងពេលឆាប់ៗនេះ ដើម្បីប្រៀបធៀបពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់ឱសថតែមួយ ឬឱសថផ្សំ ដែលអាចមានសក្ដានុពលព្យាបាលជំងឺដ៏សាហាវមួយនេះ ចំនួន 4មុខ”

“រឹតតែមានប្រទេសផ្សេងៗ ចូលរួមការសាកល្បងកាន់តែច្រើនឡើង នឹងរឹតតែជួយឱ្យយើងបានទទួលលទ្ធផលកាន់តែលឿនឡើង”។ លោកបានបន្តទៀតថា បច្ចុប្បន្ន មានប្រទេស និងភូមិភាគប្រមាណជា 45 កំពុងរួមដៃគ្នាសាកល្បងខាងគ្លីនិក ដើម្បីស្វែងរកវិធីការព្យាបាល និងសង្ឃឹមថា នឹងមានអ្នកចូលរួមកើនឡើងទៀត។

ខណៈពេលជាមួយគ្នា លោក ថេដ្រូស បានអំពាវនាវឱ្យចៀសវាងពីវិធីព្យាបាលដែលមិនបានបង្ហាញពីប្រសិទ្ធផល ដោយលោកបានសង្កត់ធ្ងន់ថា វា “គ្មានផ្លូវកាត់” ទេ និងត្រូវតែប្រកាន់យកភ័ស្តុតាងដែលមានការពិសោធសាកល្បង និងរៀនយល់ជាបន្តបន្ទាប់ថា តើវិធីការមួយណាដែលទទួលបានលទ្ធផល៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement