ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលី កើន​លើស​11,000​នាក់​

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលី កើន​លើស​11,000​នាក់​

រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ីតាលី អាច​នឹង​បន្ត​ពន្យារ​សុពល​ភាព​នៃ​បទ​បញ្ជា​បម្រាម​គោចរ​​ ខណៈ​ដែល​​តួលេខ​អ្នក​ស្លាប់​បាន​កើន​ឡើង​លើស​10,000​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ជិត​100,000​នាក់​។

ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃទី​29​មីនា បាន​ប្រកាស​ថា ប្រទេស​នេះ​ មាន​អ្នក​ស្លាប់​756​ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​10,779​ករណី​។ តួលេខ​អ្នក​ស្លាប់​ថ្មី​បាន​ថយ​ចុះ​បន្តិច​ក្នុង​អំឡុង​2ថ្ងៃ​ជាប់​ៗ​គ្នា​ បើ​ធៀប​នឹង​ចំនួន​អ្នក​ស្លាប់​919​នាក់​ក្នុង​ថ្ងៃទី​27​មីនា​ និង​889​នាក់​ក្នុង​ថ្ងៃទី​28​មីនា​។

​អ៊ីតាលី​ បច្ចុប្បន្ន​ជា​ប្រទេស​ដែ​ល​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ពោល​គឺ​មាន​ចំនួន​ដល់​ទៅ​1/3 នៃ​អ្នក​ស្លាប់សរុប​ទូទាំង​ពិភពលោក​។

ក្នុង​ថ្ងៃទី​29​មីនា​ដដែល​ ប្រទេស​អ៊ីតាលី​ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ជាង​5,200​ករណី​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​ កើន​ដល់​97,689​ករណី​ ច្រើន​ជាង​គេ​លំដាប់​ទី2​នៅក្នុង​ពិភពលោក​​បន្ទាប់​ពី​សហរដ្ឋ​អាមរិក​។ មន្ត្រី​អ៊ីតាលី​បាន​ឱ្យ​ដឹង​ថា​ តួលេខ​ពិត​អាច​មាន​ច្រើន​ជាង​តួលេខ​ដែល​បាន​ប្រកាស​ ដោយ​សារ​បច្ចុប្បន្ន​ប្រទេស​នេះ ធ្វើ​តេស្ត​ចំពោះ​តែ​អ្នក​ដែល​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ ខណៈ​ដែល​មនុស្ស​រាប់​ពាន់​នាក់​នៅ​ឯផ្ទះ​របស់​ពួកគេ​ កំពុង​រង់​ចាំ​ការ​ធ្វើ​តេស្ត​​។

គិត​មក​ដល់​​ថ្ងៃ​នេះ នៅ​ទូទាំង​ពិភពលោក​មាន​អ្នក​ឆ្លង​មេរោគ​COVID-19 សរុប​721,946​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​33,966​នាក់ ជាសះស្បើយ​151,312​នាក់ និង​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ដល់​ទៅ​26,789​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement