សហរដ្ឋអាមេរិក អនុញ្ញាត​ឱ្យ​ពល​រដ្ឋ​យក​សំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួន​ឯង​ ហើយផ្ញើទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើតេស្តរកមេរោគCOVID-19

សហរដ្ឋ​អាមេរិក អនុញ្ញាត​ឱ្យ​ពលរដ្ឋ​យក​សំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួន​ឯង ហើយ​ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធន៍
លោក​ Brett Giroir​​ ជំនួយ​ការ​នៃ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​សហ​រដ្ឋ​អាមេរិក

ពលរដ្ឋ​អាមេរិកាំង​ដែល​សង្ស័យ​ថា​បាន​ឆ្លង​វីរុស​COVID-19 អាច​យក​សំណាក​វត្ថុ​វិភាគ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​ ហើយ​ផ្ញើ​ទៅកាន់​មន្ទីរ​ពិសោធន៍ ដែល​ប្រការ​នេះនឹង​​ជួយ​បង្កើន​ល្បឿននៃ​ការ​ធ្វើ​តេស្ត​រក​មេរោគ​​COVID-19។

នាយក​ដ្ឋាន​គ្រប់​គ្រង​អាហារ​ និង​ឱសថ​នៃ​សហ​រដ្ឋ​អាមេរិក​ បាន​អនុញ្ញាត​ឱ្យ​មាន​ការ​យកសំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួនឯង​ ចំពោះ​រាល់​ពលរដ្ឋ​ដែល​សង្ស័យ​ថា​ខ្លួន​បាន​ឆ្លង​COVID-19 ដោយ​​វិធាន​ការ​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​សប្ដាហ៍​នេះ​ត​ទៅ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងរបស់​ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ Brett Giroir​ កាល​ពី​ថ្ងៃទី​29​មីនា​​ឆ្នាំ​2020។

អ្នក​ដែល​សង្ស័យ​ថាខ្លួន​បាន​ឆ្លង​COVID-19 នឹង​តម្រូវ​ឱ្យ​ប្រើ​ប្រាស់​សម្លី​​កប្បាស​ដើម្បី​ផ្ដិត​យក​សំណាក​វត្ថុ​វិភាគ​ក្នុង​ច្រមុះ(ទឹក​សម្បោរ​) ក្រោយ​មក​ដាក់​វា​នៅ​ក្នុង​កូនថង់​ផ្លាស្ទិក រួច​ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធន៍​។ ប្រការ​នេះ​នឹង​ជួយ​ឱ្យ​ពលរដ្ឋ​ និង​ក្រុម​គ្រូពេទ្យ ​អាច​កាត់​បន្ថយ​បាន​ភាព​តាន​តឹង​យ៉ាង​ច្រើន​។

ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ Brett Giroir​ (រូបខាងស្ដាំគេ​បង្អស់)

​ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាមេរិកាំង លោក Brett Giroir ថ្លែង​ថា “ដំណើរ​ការ​នេះ​នឹង​ជួយ​បន្ថែម​ល្បឿន​នៃ​ការ​ធ្វើ​តេស្ត​ កាត់​បន្ថយចំនួន​លើក​នៃ​​ការ​ប្ដូរផ្លាស់​ឈុត​ការ​ពារចាំបាច់​​របស់​ក្រុម​គ្រូពេទ្យ​។ វា​ក៏​ជួយ​សន្សំ​សំចៃកម្លាំង​ធនធាន​ដ៏​មាន​តម្លៃ​ ដើម្បី​ទុក​សម្រាប់​មន្ទីរពេទ្យ​ផ្សេង​ៗ​ទៀត​ផងដែរ​”។

យោងតាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ Johns Hopskins នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​29​មីនា បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​បាន​កើន​ជិត​18,000​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​បាន​ឆ្លង​មេរោគ​​COVID-19 ទូទាំង​ប្រទេស​ ឡើង​ដល់​ជាង​141,000​ករណី​។ រីឯ​ចំនួន​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​247​ករណី ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ កើន​ដល់​2,458​ករណី​។

មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹ​ង​ថា ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​ប្រមាណ​ជា​894,000​ករណី​ ចាប់​តាំង​ពី​COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​សហរដ្ឋអាមេរិក​។

ក្រុម​អ្នកជំនាញ​ការ​បាន​ព្រមាន​ថា ទីក្រុង​ New York នឹង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​ទីក្រុង​ Wuhan របស់​ប្រទេស​ចិន ឬ​តំបន់ Lombardy របស់​ប្រទេស​អ៊ីតាលី​ទៅ​ទៀត បើ​សិនជា​​ល្បឿន​នៃ​ការ​ឆ្លង​មេរោគ​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ដូច​សព្វ​ថ្ងៃ​។

សហរដ្ឋ​អាមេរិក អនុញ្ញាត​ឱ្យ​ពលរដ្ឋ​យក​សំណាក​វត្ថុ​វិភាគ​ដោយ​ខ្លួន​ឯង ហើយ​ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធន៍
អ្នក​ដែល​សង្ស័យ​ថាខ្លួន​បាន​ឆ្លង​COVID-19 នឹង​តម្រូវ​ឱ្យ​ប្រើ​ប្រាស់​សម្លី​​កប្បាស​ដើម្បី​ផ្ដិត​យក​សំណាក​វត្ថុ​វិភាគ​ក្នុង​ច្រមុះ(ទឹក​សម្បោរ​) ក្រោយ​មក​ដាក់​វា​នៅ​ក្នុង​កូនថង់​ផ្លាស្ទិក រួច​ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធន៍​

គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន33,976​នាក់ និង​អ្នក​កំពុង​ប្រឈម​នឹងការ​ស្លាប់មាន​ចំនួន​​26,681​នាក់​ ក្នុង​ចំណោម​អ្នក​បាន​ឆ្លង​វីរុស​សរុប 722,196​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement