កូរ៉េខាងត្បូង​នឹង​ផ្ដល់ជំនួយ​ 6លាន​លាន​វ៉ុន ដល់​​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​

កូរ៉េខាងត្បូង​នឹង​ផ្ដល់ជំនួយ​ 6លាន​លាន​វ៉ុន ដល់​​ពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​

ប្រទេស​កូរ៉េខាង​ត្បូង​ កំពុង​តែ​ពិចារណា​ទៅ​លើ​គម្រោង​​ផ្ដល់​ជំនួយ​ជា​សាច់​​ប្រាក់​សុទ្ធ​ ជូន​ដល់​​បណ្ដា​គ្រួសារ​ដែល​មាន​ចំណូល​ទាបទាំង​អស់​​ក្នុង​ប្រទេស​នេះ ដើម្បី​កាត់​បន្ថយផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ ដែល​កើត​ឡើង​ដោយ​សារ​វីរុស​​ COVID-19។

ប្រធានាធិបតី​កូរ៉េខាង​ត្បូង លោក Moon Jae-in កាល​ពី​ថ្ងៃទី​29​មីនា​កន្លង​ទៅ​ បាន​ប្រកាស​ថា​ នឹង​ពិភាក្សា​លម្អិត​ទៅ​លើ​ជំនួយ​ហិរញ្ញ​វត្ថុ​ដែល​នឹង​ផ្ដល់​ជូន​ដល់​គ្រួសារ​មាន​ចំណូល​ទាប​ប្រមាណ​ជា​10​លាន​គ្រួសារ​ ដែល​ជា​ផ្នែក​មួ​យ​នៃ​វិធាន​ការ​បន្ទាន់​​សម្រាប់​ទប់​ទល់​នឹង​វិបត្តិ​នានា​ដែល​កើតឡើង​ដោយសារ​វិបត្ត​សុខ​ភាព​​ COVID-19នេះ​។ យោង​តាម​គម្រោង​ គ្រួសារ​មួយ​ដែល​មាន​សមាជិក​4នាក់ និង​មាន​ប្រាក់​ចំណូល​ក្រោម​មធ្យម​ នឹង​អាច​​ទទួល​បាន​ប្រាក់​ជំនួយ​មួយ​លើក​ ប្រហែលជា​1​លាន​វ៉ុន(820​ដុល្លារ​អាមេរិក)។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​ហិរញ្ញវត្ថុ និង​សេដ្ឋ​កិច្ច​កូរ៉េខាង​ត្បូង​។

ប្រាក់​ចំណូល​មធ្យម​នៅ​កូរ៉េខាង​ត្បូង​នា​បច្ចុប្បន្ន​ គឺ​ 3.75​លាន​វ៉ុន​ (3,058​ដុល្លារអាមេរិក) ចំពោះ​​គ្រួសារ​​ដែល​មាន​សមាជិក​4​នាក់​ និង​2.99​លាន​វ៉ុន (2,365​ដុល្លារ​អាមេរិក) ចំពោះ​​​គ្រួសារ​1​ដែល​មាន​សមាជិក​2នាក់ និង​5.63​លាន​វ៉ុន (4,592​ដុល្លារ) ចំពោះ​​​គ្រួ​សារ​តែ​មាន​សមាជិក​5​នាក់​។ ដូច្នេះ គ្រួសារ​ដែល​មាន​សមាជិក​ក្រោម​4​នាក់ អាច​នឹង​ទទួល​បាន​ជំនួយ​ក្រោម​820​ដុល្លារ​អាមេរិក​។

កញ្ចប់​ថវិកា​ជំនួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 6លាន​លាន​វ៉ុន (ជិត​5​ពាន់​លាន​ដុល្លារ​អាមេរិក)នេះ តាម​គម្រោង​នឹង​ត្រូវ​បាន​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​សង្គ្រោះ​បន្ទាន់​ នៅក្នុង​សប្ដាហ៍​នេះ ដែល​មាន​ប្រធានាធិបតី​ Moon Jae-in ជា​អធិបតី​។

សេចក្ដី​ប្រកាស​ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​កូរ៉េខាងត្បូង​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគCOVID-19​ថ្មី​105​ករណី​ រួម​នឹង​អ្នក​ស្លាប់​8ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ឆ្លង​មេរោគ​​នៅ​ប្រទេស​នេះ ឡើង​ដល់​​​​ 9,661 ករណី និង​ស្លាប់​158​ករណី​។ ចំនួន​អ្នក​​ឆ្លង​មេរោគ​ថ្មី​​ជា​រៀង​រាល់​ថ្ងៃ​នៅ​ប្រទេស​នេះ ជា​មធ្យម​មាន​ចំនួន​100​ករណី​ ប៉ុន្តែ​អាជ្ញាធរ​កូរ៉េខាង​ត្បូង​នៅ​តែ​បន្ត​រឹត​បន្តឹង​ខ្លាំង​ទៅ​លើ​តំបន់​ព្រំដែន​ ព្រោះ​ថា​ ករណី​ឆ្លង​វីរុសCOVID-19​ “នាំ​ចូល​” ពី​ខាង​ក្រៅ​ បាន​កើន​ឡើងច្រើន​​ជាង​មុន​។ យ៉ាង​ហោច​ណាស់​មាន​13​នាក់​ក្នុង​ចំណោមករណី​​ឆ្លង​ថ្មី​បំផុត​នៅ​ប្រទេស​នេះ គឺ​ជា​អ្នក​ទេស​ចរ​បរទេស​។​ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់ស្កាត់​ជំងឺ Korea Centers for Disease Control and Prevention ​(KCDC) របស់​កូរ៉េ​ខាង​ត្បូង​។

កូរ៉េខាង​ត្បូង​ កាល​ពី​ថ្ងៃទី​29មីនា បាន​ប្រកាស​ថា ចាប់​​ពី​ថ្ងៃទី​1​មេសាខាង​មុខនេះ​ រាល់​ទេសចរ​បរទេស​ដែល​មក​កាន់​ប្រទេសនេះ​ នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​2សប្ដាហ៍​​។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ជិត​200​ ក្នុង​ពិភពលោក បន្ទាប់ពី​បាន​រាល​ដាល​នៅ​ប្រទេស​ចិន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 បណ្ដាល​ឱ្យ​មាន​មនុស្ស​ 723,740នាក់ត្រូវ​កើត​រោគ​ ក្នុង​នោះ​មាន​34,018​នាក់​បាន​បាត់​បង់ជីវិត​ និង​152,042​បាន​ជា​សះស្បើយ​។

ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​ ជឿ​ថា ឥទ្ធិពល​ដែល​ COVID-19 បង្កឡើង​ទៅ​លើ​សេដ្ឋ​កិច្ច​ពិភពលោក អាចធំជាង​ “មហា​វិបត្តិ​” សេដ្ឋ​កិច្ច​ (The Great Depression) ក្នុង​ទសវត្សរ៍​ឆ្នាំ​1930​ទៅ​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​សារ​ព័ត៌មាន​ Yonhap និង​ Guardian៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement