COVID-19! សត្វ​ឆ្មា​ដំបូង​បង្អស់​ក្នុង​ពិភពលោក​ ដែល​បាន​ឆ្លង​វីរុស​ពី​ម្ចាស់​

សត្វ​ឆ្មា​ដំបូង​បង្អស់​ក្នុង​ពិភពលោក​ ដែល​បាន​ឆ្លង​វីរុស​COVID-19 ពី​ម្ចាស់​

បែលហ្សិក៖ ឆ្មា1​ក្បាល​បាន​ឆ្លង​វីរុស​COVID-19 បន្ទាប់​ពី​ម្ចាស់​របស់​វា បាន​​ត្រឡប់​មក​ពី​ប្រទេស​អ៊ី​តាលី នាំ​ឱ្យ​វា​ក្លាយ​​ឆ្មា​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​បាន​ឆ្លង​ COVID-19 ពី​មនុស្ស​។

នាយក​ដ្ឋាន​សុខាភិបាល​សាធារណៈ​ សុវត្ថិ​ភាព​អាហារ​ និង​បរិស្ថាន​របស់​ប្រទេស​បែល​ហ្សិក​ កាលពី​ថ្ងៃទី​27​មីនា បាន​ប្រកាស​ថា ឆ្មា1​ក្បាល​របស់​ប្រទេស​នេះ​បាន​ឆ្លង​វីរុសCOVID-19។ មួយ​សប្ដាហ៍​បន្ទាប់​ពី​ម្ចាស់​របស់​វាបាន​​ត្រឡប់​មក​ពី​ប្រទេស​អ៊ីតាលី​ ហើយ​បាន​ឆ្លង​វីរុសCOVID-19 ឆ្មា​នៅ​ក្នុង​ផ្ទះ​នេះ​ក៏​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​ទាក់​ទិន​នឹង​ផ្លូវ​ដង្ហើម ដូច​ជា​អាការ​រាក​ និង​ក្អួត​ចង្អោរ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ Steven Van Gucht អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​បែល​ហ្សិក​។

ម្ចាស់​របស់​ឆ្មា​ខាងលើ បាន​យក​សំណាក​វត្ថុ​វិភាគ​របស់​ឆ្មានេះ​ ​ផ្ញើ​ទៅ​កាន់​មន្ទីរពិសោធន៍​របស់​វេជ្ជ​បណ្ឌិត Daniel Desmecht នៅ​ឯ​សាកលវិទ្យា​ល័យ​ Liege។ លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ បាន​រកឃើញ​ថា សត្វ​ឆ្មា​នេះ​មាន​ផ្ទុក​វីរុស​COVID-19 យ៉ាង​ច្រើន​នៅ​ក្នុង​សំណាក​វត្ថុ​វិភាគ​ខាង​លើ​។ Van Gucht បាន​ឱ្យ​ដឹង​ថា សត្វ​ឆ្មា​នេះ​ មាន​សុខ​ភាព​ល្អ​វិញ​ខ្លះ​ហើយ បន្ទាប់​ពី​បាន​ព្យាបាល​រយៈ​ពេល​9​ថ្ងៃ​។

ឆ្មា​ និង​មនុស្ស​ ហាក់​ដូច​ជា​មាន​ចំណុច​ពិសេស​រួម​មួយ​ នៅ​លើ​ផ្ទៃ​នៃ​កោសិកា​ប្រព័ន្ធ​ដង្ហើម នោះ​គឺ​ទី​តាំង​ដែល​ COVID-19 ប្រើ​ដើម្បី​ជ្រែក​ចូល​។ ចំពោះមនុស្ស ក្រុម​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា COVID-19 ភ្ជាប់​ខ្លួន​ទៅ​នឹង​ប្រូតេអ៊ីន​ដែល​មាន​ឈ្មោះ​ថា ACE2 ស្ថិត​នៅ​ខាង​ក្រៅ​កោសិកា​ផ្លូវ​ដង្ហើម​។ បន្ទាប់ពី​បាន​ជ្រែក​ចូល វីរុស​នេះ​នឹង​គ្រប់​គ្រង​យន្ត​​ការ​ខាង​ក្នុង​​នៃ​​កោសិកា​ដើម្បី​បង្កើន​ចំនួន​​​វីរុស​(កើត​កូន​ចៅ​ដោយ​មិន​បាច់​មាន​ញី​-ឈ្មោល​។ ប្រូតេអ៊ីន ACE2 របស់​សត្វ​ឆ្មា មាន​លក្ខណៈ​ដូច​​ច្រើន​ទៅ​​នឹង​ ACE2 របស់​មនុស្ស​។ នេះ​បើតាម​សម្ដី​របស់ Van Gucht។

កន្លង​មក​នេះ គេ​បាន​រកឃើញ​សត្វ​ចិញ្ចឹម​ចំនួន​2ក្បាល​ដែល​បាន​ឆ្លង​វីរុស​COVID-19 ពី​ម្ចាស់​របស់​វាផងដែរ​។ ករណី​នេះ​គឺ​ជា​សត្វ​សុនក​2ក្បាល​នៅ​ក្នុង​​ទីក្រុង​ហុងកុង​។

ក្រុម​គ្រូពេទ្យ​ខាងលើ​និយាយ​ថា មក​ដល់ពេល​នេះ​ មិន​ទាន់​មាន​របាយ​ការណ៍​ណា​មួយ​និយាយ​អំពី​សត្វ​ចិញ្ចឹម​ចម្លង​មេរោគ​ដល់​ម្ចាស់របស់​វា​​នោះ​ទេ​។ លោក​បញ្ជាក់​ថា ការ​ឆ្លង​មេរោគ​ពី​សត្វ​មក​មនុស្ស​ មិន​មែនជា​វិធី​ចម្បង​​ក្នុង​ការ​ចម្លង​មេរោគ​នោះ​ទេ។ ​ដើម្បី​ស្វែងយល់​​ឱ្យ​បាន​ច្បាស់ជាង​នេះ គេ​ត្រូវ​ធ្វើ​ការ​ពិសោធន៍​ស៊ីជម្រៅ​ជាង​នេះ បន្ទាប់​ពី​សត្វ​ឆ្មាខាង​លើ​បាន​ឆ្លង​ផុត​ការ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​រយៈ​ពេល​14​ថ្ងៃ​​៕

ប្រភព​៖ Live Science

Advertisement