New York សុំ​ជំនួយ​បន្ទាន់!​ ព្រោះ​តែ​COVID-19

New York សុំ​ជំនួយ​បន្ទាន់!​ ព្រោះ​តែ​COVID-19
អភិបាល​រដ្ឋ​ New York លោក Andrew Cuomo

អភិបាល​រដ្ឋ​​ New York លោក Cuomo អំពាវនាវ​សុំ​ជំនួយ​ផ្នែក​សុខាភិបាល​ជា​បន្ទាន់​ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទី​នេះ​ បាន​កើន​ឡើង​លើស​1,200​ករណី​។

“សូម​មេត្តា​ចូល​មកជួយ​ New York ជា​បន្ទាន់​។ យើង​បាន​បាត់​បង់​មនុស្ស​ជាង​1,000​នាក់​ហើយ​។ ចំពោះ​ខ្ញុំ គឺ​យើង​បាន​ឆ្លង​មក​ដល់​ចំណុច​ដែល​លើស​ពី​ការ​គួរ​ឱ្យ​ខ្លាច​ទៅ​ហើយ​” អភិបាល​រដ្ឋ New York លោក Andrew Cuomo មាន​ប្រសាសន៍​កាល​ពី​ថ្ងៃទី​30​មីនា​កន្លង​ទៅ​។

លោក​អភិបាល​រូប​នេះ​បាន​ឱ្យ​ដឹង​ថា ចំនួន​អ្ន​ក​ស្លាប់​ដោយ​សារ​វីរុសCOVID-19​ នៅ​ក្នុង​រដ្ឋ​​ដែល​លោក​កាន់​កាប់ គឺ​បាន​កើន​ជាង​250​នាក់​បន្ថែម​ទៀត​​ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជាង​1,200​នាក់​។ លោក​ Cuomo ថ្លែង​ថា​ រដ្ឋ​ New York ត្រូវ​ការ​បុគ្គលិក​សុខាភិបាល​ប្រមាណ​ជាង​1​លាន​នាក់​បន្ថែម​ទៀត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​សុខ​ភាព​នា​បច្ចុប្បន្ន​។ មន្ត្រី​​អាមេរិកាំង​ជា​ច្រើន​រូប​ក៏បាន​ព្រមាន​ថា​ ស្ថាន​ភាព​នៅ​ New York នា​ពេល​នេះ អាច​​ជា​សេណារីយ៉ោ​មួយ​ដែល​រដ្ឋ​ផ្សេង​ៗ​ទៀត​នឹង​ត្រូវ​ជួប​ប្រទះ​នាពេល​ដ៏ខ្លី​ខាង​មុខ​។

នៅ​មុន​ពេល​អភិបាល​រដ្ឋ​ New York បាន​អំពាវនាវដូច​ខាង​លើ ក្រុមអ្នក​ជំនាញ​ រួម​នឹង​ក្រុម​វេជ្ជ​បណ្ឌិត​ និង​បុគ្គលិក​សុខាភិបាល​​ជិត​80,000​នាក់​នៅ​ New York បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ធ្វើ​ “សង្គ្រាម​” ប្រឆាំង​នឹង​ COVID-19។ នាវា​មន្ទីរពេទ្យ​ USNS Comfort ដែល​មាន​គ្រែ​សម្រាប់​អ្នក​ជំងឺ​ចំនួន​1,000គ្រែ​ ក៏ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​នេះ កាល​ពី​ថ្ងៃទី​30​មីនា​កន្លង​ទៅ​ ដើម្បី​ជួយ​កាត់​បន្ថយ​ស្ថាន​ភាព​លើស​ចំណុះ​របស់​បណ្ដា​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​។

នៅ​ឯ​រដ្ឋ California វិញ ក្រុម​មន្ត្រី​ក៏បាន​ស្នើ​សុំ​ដូច​ខាង​លើ​នេះ​ដែរ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ នៅ​ពេល​ដែល​ចំនួន​អ្នកជំងឺ​ត្រូវ​ចូល​ព្យាបាល​ បាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​ត្រឹម​4​ថ្ងៃ​មក​នេះ​ ហើយ​អ្នក​ជំងឺ​ដែល​ត្រូវ​ព្យាបាល​ជា​ពិសេស​ បន្ទាន់​ក៏បាន​កើន​ឡើង​ជាង​3​ដង​ផងដែរ​។

នេះ​គឺជា​សញ្ញា​បង្ហាញ​ថា “សង្គ្រាម​” ប្រឆាំង​នឹង​ COVID-19 នឹង​បន្ត​អូស​សន្លាយ​ពេល​យូរ​ត​ទៅ​ទៀត ខណៈ​ដែល​វីរុស​នេះ​បាន​រាល​ដាល​ដល់​ប្រទេស​ និងដែន​ដី​ចំនួន​200​​ នៅ​ទូទាំង​ពិភពលោក​ ក្នុង​នោះ​សហរដ្ឋ​អាមេរិកគឺ​ជា​សម្បុក​មេរោគ​ធំ​បំផុត​។ ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​ជា​235​លាន​នាក់​ ស្មើ​នឹង​2/3​នៃ​ប្រជា​ជន​សរុប កំពុង​រស់​នៅ​ក្នុង​បម្រាម​គោចរ​៕

ប្រភព៖​ សារ​ព័ត៌មាន​បរទេស