បកស្រាយចម្ងល់ តើមនុស្សទូទៅគួរពាក់ស្រោមដៃប្លាស្ទិក ដើម្បីការពារវីរុសកូវីដ-19 ឬទេ?

បកស្រាយចម្ងល់ តើមនុស្សទូទៅគួរពាក់ស្រោមដៃប្លាស្ទិក ដើម្បីការពារវីរុសកូវីដ-19 ឬទេ?

អ្នកជំនាញការបានចេញមកបកស្រាយចម្ងល់ថា តើមនុស្សទូទៅ គួរពាក់ស្រោមដៃប្លាស្ទិក ដើម្បីការពារវីរុស​កូវីដ-19 ឬទេ? និងបានបញ្ជាក់បន្ថែមថា អ្នកស្រាវជ្រាវបានរកឃើញថា បើប្រើមិនត្រឹមត្រូវ នឹងក្លាយជាការសន្សំមេរោគទៅវិញ ហើយបានណែនាំឱ្យលាងសម្អាតដៃញឹកញាប់ គឺល្អបំផុត។

វេជ្ជបណ្ឌិតសាស្ត្រាចារ្យជំនាញខាងឱសថសាស្ត្ររបស់ប្រទេសថៃ លោក វីរៈផុង បានសរសេរបញ្ជាក់នៅក្នុងបណ្ដាញសង្គមថា មានមនុស្សជាច្រើនមានសំណួរថា តើមនុស្សទូទៅ ចាំបាច់ត្រូវពាក់ស្រោមដៃជ័រប្លាស្ទិក ដើម្បីការពារមេរោគវីរុសកូវីដ-19ឬទេ? ព្រោះការពាក់ស្រោមដៃប្លាស្ទិក មើលទៅហាក់ដូចជានឹងធ្វើឱ្យយើងមិនបានប៉ះពាល់នឹងវត្ថុកខ្វក់ ឬមេរោគដោយផ្ទាល់ឡើយ។

លោកបានបកស្រាយថា សម្រាប់ប្រជាជនទូទៅដែលរស់នៅដោយប្រតិបត្តិតាមវិធានការ រក្សាគម្លាតចម្ងាយពីគ្នាខាងសង្គម លាងសម្អាតដៃឱ្យបានញឹកញាប់ មិនចូលនៅក្នុងកន្លែងដែលមានមនុស្សច្រើនកុះករ មិនប៉ះពាល់ ឬនៅជិតស្និទ្ធនឹងអ្នកជំងឺនោះ ប្រជាជនទូទៅ “មិនមានភាពចាំបាច់អីត្រូវពាក់ស្រោមដៃប្លាស្ទិក ប្រភេទប្រើម្ដងចោលនោះទេ”។

ហេតុផលដែលមិនចាំបាច់ពាក់ស្រោមដៃប្លាស្ទិក

-ការពាក់ស្រោមដៃជ័រប្លាស្ទិក មិនអាចជំនួសវិធានការរក្សាសុខនាម័យល្អបានទេ ហើយការលាងសម្អាតដៃដោយសាប៊ូ និងទឹក នៅតែមានភាពចាំបាច់ត្រូវតែធ្វើឱ្យបានញឹកញាប់ ព្រោះជាវិធីដែលជួយកាត់បន្ថយការចម្លងសាយភាយរបស់មេរោគបាន។

-ការពាក់ស្រោមដៃប្លាស្ទិកប្រភេទប្រើរួច បោះចោល ច្រើនតែធ្វើឱ្យកើតមានអារម្មណ៍ថា ខ្លួនឯងមានសុវត្ថិភាព រហូតដល់ពេលខ្លះ ធ្វេសប្រហែសក្នុងការធ្វើនូវរឿងដែលការពារមេរោគបានល្អជាង។

-មិនណែនាំឱ្យប្រើស្រោមដៃប្លាស្ទិកក្នុងជីវិតប្រចាំថ្ងៃទេ ព្រោះត្រូវប្រើស្រោមដៃចំនួនច្រើនណាស់ នៅពេលប្ដូរការធ្វើការងារម្ដងៗ។

-ការមើលថែទាំសុខនាម័យរបស់ដៃ គឺការលាងដៃឱ្យស្អាតដោយសាប៊ូ និងទឹក រយៈពេល 20វិនាទី នៅតែជាវិធីដែលល្អបំផុតក្នុងការការពារការចម្លងសាយភាយរបស់មេរោគកូវីដ-19។

-មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ របស់ប្រទេសអាមេរិក ក៏មិនបានណែនាំឱ្យប្រជាជនទូទៅ ពាក់ស្រោមដៃប្លាស្ទិកដែរ។

-លើកលែងតែក្នុងករណី ដែលយើងចាំបាច់ត្រូវតែពាក់ស្រោមដៃប្លាស្ទិកប៉ុណ្ណោះ ដូចជា ពេលត្រូវមើលថែទាំអ្នកដែលទទួលការវិនិច័្ឆយអាការហើយថា មានជំងឺកូវីដ-19(សម្រាប់គ្រូពេទ្យ) ពេលមានការប៉ះពាល់វត្ថុរបស់របរ សម្លៀកបំពាក់ នៅពេលបោកខោអាវ និងពេលប៉ះវត្ថុរាវក្នុងរាងកាយ ជាដើម។ល៕

ប្រភព៖ ព័ត៌មានបរទេស

Advertisement