121ប្រទេស ស្រែកសុំ “កូរ៉េខាងត្បូង” ឱ្យជួយចាត់ចែងរកឈុតពិនិត្យមេរោគវីរុសឱ្យផង…

121ប្រទេស ស្រែកសុំ “កូរ៉េខាងត្បូង” ឱ្យជួយចាត់ចែងរកឈុតពិនិត្យមេរោគវីរុសឱ្យផង...

កាលពីថ្ងៃទី1 ខែមេសា ម្សិលមិញ ទីភ្នាក់ងារសាររព័ត៌មានរ៉យទ័រ បានរាយការណ៍ព័ត៌មាន ដោយយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីក្រសួងការបរទេសនៃប្រទេសកូរ៉េខាងត្បូងដែលបានបញ្ជាក់ថា កូរ៉េខាងត្បូងបានទទួលការសំណូមពរពីប្រទេសចំនួន121 ទូទាំងពិភពលោក ឱ្យជួយចាត់ចែងរកឈុតពិនិត្យមេរោគវីរុសឱ្យប្រទេសរបស់ពួកគេទាំងនោះ ដែលម្នាក់ៗសុទ្ធតែកំពុងតស៊ូទប់ទល់យ៉ាងខ្លាំងក្លានឹងការឆ្លងរាលដាលរបស់វីរុសកូវីដ-19 និងថា កូរ៉េខាងត្បូង បានតែងតាំងគណៈកម្មការពិសេសមួយឡើង ដើម្បីពិចារណាចំពោះរឿងនេះថា តើនឹងត្រូវផ្ដល់ការជួយសង្គ្រោះយ៉ាងណា ដែលអាចជាការនាំចេញឈុតពិនិត្យមេរោគវីរុស(បែបពាណិជ្ជកម្ម) ឬក៏ផ្ដល់ការជួយសង្គ្រោះផ្នែកមនុស្សធម៌?។

យ៉ាងណាក៏ដោយ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង មិនបានបង្ហើបឱ្យដឹងថា មានប្រទេសណាខ្លះដែលសំណូមពរសុំការជួយសង្គ្រោះនេះទេ តែក្រុមហ៊ុនផលិតឈុតពិនិត្យមេរោគវីរុសរបស់កូរ៉េខាងត្បូងជាច្រើន មានការធ្វើកិច្ចសន្យារៀបចំចាត់ចែងរកឧបករណ៍ខាងផ្នែកវេជ្ជសាស្ត្រទាំងនេះជាមួយប្រទេសអាមេរិក និងប្រទេសជាច្រើនទៀត រួមទាំងប្រទេសអ៊ីតាលីដែលកំពុងមានការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងររបស់វីរុសកូវីដ-19នេះរួចហើយផងដែរ។ ខណៈដែលកាលពីសប្ដាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមកសុំអង្វរឱ្យកូរ៉េខាងត្បូងជួយចាត់ចែងបញ្ជូនឧបករណ៍ខាងវេជ្ជសាស្ត្រឱ្យទៅសហរដ្ឋអាមេរិកផង ព្រមទាំងបានសន្យាថា នឹង ជួយ សម្រួល និងបើកផ្លូវឱ្យក្រុមហ៊ុនអ្នកផលិតឧបករណ៍ទាំងនោះរបស់កូរ៉េខាងត្បូង បានទទួលការអនុញ្ញាតពីអ្នកគ្រប់គ្រងច្បាប់របស់សហរដ្ឋអាមេរិកក្នុងការចាត់ចែងបញ្ជូនឧបករណ៍ខាងវេជ្ជសាស្ត្រទាំងនោះចូលទៅប្រទេសអាមេរិកទៀតផង។

ទាំងអស់នេះ ក្រុមហ៊ុនអ្នកផលិតតិចណូឡូជីសរីរាង្គរបស់កូរ៉េខាងត្បូង បានបង្កើនកម្លាំងការផលិតឧបករណ៍ខាងវេជ្ជសាស្ត្រទាំងនោះយ៉ាងពេញទំហឹង ដើម្បីធានាដល់តម្រូវការក្នុងទីផ្សារពិភពលោកដែលកំពុងហក់ឡើងខ្ពស់ក្រោយកើតមានជំងឺឆ្លងរាលដាលនេះ ដែលថែមទាំងធ្វើឱ្យតម្លៃភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនក្នុងផ្នែកការផលិតនេះ ស្ទុះឡើងខ្លាំងជិត 3ដង តាំងពីពេលចាប់ផ្ដើមឆ្នាំថ្មីកន្លងមកទៀតផង ខណៈដែលយុទ្ធនាការតម្រង់ទៅរកការពិនិត្យរកមេរោគវីរុសយ៉ាងទំលំទូលាយចំនួនដ៏ច្រើន និងការតាមដានស្វែងរកអ្នកប៉ះពាល់ និងទាក់ទងនឹងអ្នកឆ្លងជំងឺរបស់កូរ៉េខាងត្បូង បានក្លាយជាយុទ្ធសាស្ត្រសំខាន់ ដែលជួយឱ្យកូរ៉េខាងត្បូងអាចពន្យឺតការឆ្លង រាលដាលរបស់មេរោគមរណៈនេះនៅក្នុងប្រទេសបាន ដែលខុសពីពេលមុននេះ កូរ៉េខាងត្បូង គឺជាប្រទេសមួយដែលមានការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ធ្ងន់ធ្ងរខ្លាំងបំផុត បន្ទាប់ពីចិន៕

ប្រភព៖ សាព័ត៌មានបរទេស

Advertisement