COVID-19! សហរដ្ឋអាមេរិក​ត្រៀម​ថង់ផ្លាស្ទិក​ដាក់​សាក​សព​ចំនួន​100,000​ថង់បន្ថែម​ទៀត​​ ខណៈវីរុស​បង្ក​ជំងឺ​រលាកសួត​ថ្មី​ កាន់​តែ​បង្ហាញ​​ “អំណាច”

COVID-19! សហរដ្ឋអាមេរិក​ត្រៀម​ថង់ផ្លាស្ទិក​ដាក់​សាក​សព​ចំនួន​100,000​ថង់​ ខណៈវីរុស​បង្ក​ជំងឺ​រលាកសួត​ថ្មី​ កាន់​តែ​បង្ហាញ​​

ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ កំពុង​តែ​ស្វែង​រក​វិធី​ផ្គត់​ផ្គង់​​ថង់​ផ្លាស្ទិក​ដាក់​សាក​សព​ចំនួន​100,000​ថង់ ទៅ​ឱ្យ​តំបន់​នានា​នៅ​មូលដ្ឋាន​ ក្នុង​គ្រា​ដែល​តួលេខ​នៃ​ការ​ស្លាប់ដោយ​សារ​វីរុស​COVID-19 ក្នុង​ប្រទេស​នេះ ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ឡើង​ខ្ពស់​បន្ត​ទៀត​។

ទីភ្នាក់​ងារ​​គ្រប់​គ្រង​អាសន្ននៃ​សហរដ្ឋ​អាមេរិក​​ FEMA (Federal Emergency Management Agency) បាន​បញ្ជូន​សំណើ​របស់​ខ្លួន​ ទៅ​កាន់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិកាំង​ ដោយ​ស្នើ​សុំ​ថង់​ផ្លាស្ទិក​ដាក់​សាក​សព​ចំនួន​100,000​ថង់។ នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​​មន្ត្រី​ម្នាក់​នៅ​មន្ទីរ​បញ្ច​កោណ​ (មន្ទីរ​បញ្ច​កោណ​គឺជា​ទីស្នាក់​ការ​កណ្ដាល​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិកាំង) កាល​ពី​ថ្ងៃទី​1មេសា​កន្លង​ទៅ​។ ទី​ភ្នាក់ងារភ័ស្តុភារការពារជាតិ DLA (Defense Logistics Agency) កំពុង​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​ ដើម្បី​ទទួល​បាន​ប្រភព​ផ្គត់​ផ្គង់​បន្ថែម​ទៀត​។

ថង់​ដាក់​សាក​សព​ដំបូង​នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ឃ្លាំង​របស់ DLA ខណៈ​ដែល​ក្រុម​ហ៊ុន​នានា​កំពុង​បង្កើន​​ការ​ផលិត​។ គេមិនទាន់​ដឹង​ថា DLA នឹង​បញ្ជូន​ទំនិញ​នេះ​ទៅ​ឱ្យ​ FEMA នៅ​ពេល​ណា​ពិត​ប្រាកដ​នោះ​ទេ​ ប៉ុន្តែ FEMA និយាយ​ថា ពួក​គេ​ចង់​បាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

កន្លង​មក​ សារ​ព័ត៌មាន​ Bloomberg បាន​រាយការណ៍​ថា មន្ទីរ​បញ្ជកោណ កំពុង​ត្រៀម​ទិញ​ថង់​ដាក់​សាក​សព​បន្ថែម​ទៀត ហើយ​នៅ​ចំពោះ​មុខ​ ពួក​គេ​នឹង​យក​ថង់​ផ្លាស្ទិក​ដាក់​សាក​សព​ ចំនួន​50,000​ថង់ ពី​ក្នុង​ឃ្លាំង​របស់​​ខ្លួន​​។ អ្នក​នាំពាក្យ​របស់​ FEMA បាន​ឱ្យ​ដឹង​ថា ទីភ្នាក់​ងារ​នេះ កំពុង​តែ​រៀប​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​តម្រូវ​ការ​នាពេល​ខាង​មុខ​ ក្នុង​នោះ​មាន​ការ​ត្រៀម​សម្រាប់​ទប់​ទល់​នឹង​ “ករណី​ស្លាប់​” ដែល​កើត​ឡើង​នៅ​តាម​បណ្ដា​រដ្ឋ​ផងដែរ​។

COVID-19! សហរដ្ឋអាមេរិក​ត្រៀម​ថង់ផ្លាស្ទិក​ដាក់​សាក​សព​ចំនួន​100,000​ថង់​ ខណៈវីរុស​បង្ក​ជំងឺ​រលាកសួត​ថ្មី​ កាន់​តែ​បង្ហាញ​​ "អំណាច"
មន្ទីរ​បញ្ច​កោណ​ (The Pentagon) គឺជា​ទីស្នាក់​ការ​កណ្ដាល​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិកាំង

សកម្ម​ភាព​ខាង​លើនេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ Donald Trump និង​ទីប្រឹក្សា​មួយ​ចំនួន​របស់​លោក កាល​ពី​ថ្ងៃទី​1មេសា បាន​ព្រមាន​ថា​​ តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ COVID-19 នៅ​សហរដ្ឋ​អាមេរិក នឹង​អាច​​កើន​ឡើង​ដល់​240,000​ករណី​។

បច្ចុប្បន្ន ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក បាន​កើន​ដល់​​​​5,116ករណី​ ក្នុង​ចំណោម​អ្នក​បាន​ឆ្លង​វីរុស​ 215,417​ករណី​ ខណៈ​ដែល​ពិភពលោកទាំង​មូល ​មាន​អ្នក​ឆ្លង​មេរោគ​សរុប 935,817ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​47,208​ករណី និង​ជា​សះស្បើយជាង​ 93,700​ករណី​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement