COVID-19! សិង្ហបុរី​៖ អ្នក​ឆ្លង​វីរុស​​​កូរ៉ូណា​ឡើង​ដល់​1,000​ករណី​ហើយ​

COVID-19! សិង្ហបុរី​៖ អ្នក​ឆ្លង​វីរុស​​​កូរ៉ូណា​ឡើង​ដល់​1,000​ករណី​ហើយ​

ចំនួន​អ្នក​ឆ្លង​មេរោគ​COVID-19 នៅ​ប្រទេស​សិង្ហបុរី បាន​កើន​74​នាក់​បន្ថែម​ទៀត​ហើយ ក្នុង​រយៈ​ពេល​24ម៉ោង​កន្លង​ទៅ​ ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ជំងឺ​នេះ កើន​ដល់​1,000​ករណី​ ក្នុង​នោះ​មាន​4​នាក់បាន​បាត់​បង់ជីវិត​។

ក្រសួង​សុខាភិបាល​​សិង្ហបុរី​បាន​ឱ្យ​ដឹង​ថា​ ករណី​ឆ្លង​មេរោគ​ថ្មី​ ត្រូវ​បាន​រកឃើញ​នៅក្នុង​តំបន់​មេរោគចំនួន​​2កន្លែង​ ក្នុង​នោះ​ក៏មាន​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ផងដែរ។ 54​ករណី គឺជា​អ្នក​ជំងឺ​ក្នុង​ស្រុក ហើយ​ក្រៅ​ពី​នេះ​គឺជា​អ្នកជំងឺ​ “នាំចូល​”។ លោក​យាយ​វ័យ​102​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​បញ្ជាក់​ថា ជា​អ្នក​ជំងឺ​COVID-19 ដែល​មាន​អាយុ​ច្រើន​ជាងគេ​បំផុត​នៅ​ប្រទេស​សិង្ហ​បុរី​។

Advertisement

ប្រទេស​នេះ​ក៏ទើប​តែ​មាន​អ្នក​ស្លាប់​​ថ្មី​ម្នាក់​ទៀត​ដោយ​សារ​ COVID-19 នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​នេះ​កើន​ដល់​4​ករណី​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​នៅ​នៅ​សិង្ហបុរី​ មាន​ចំនួន​245​ករណី ខណៈ​ដែល​អ្នកជំងឺ​461​នាក់​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​ ក្នុង​នោះ​មាន​24​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ ដែល​​ត្រូវ​ការ​ការ​យក​ចិត្តទុក​ដាក់​ខ្ពស់​។

រដ្ឋាភិបាល​សិង្ហបុរី បាន​ប្រកាសថា​ មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ទាំង​អស់​​ត្រូវ​ផ្អាក​ទទួល​ភ្ញៀវ​មក​សួរ​សុខ​ទុក្ខ​ រហូត​ដល់​ថ្ងៃទី​30​មេសា​។ សិង្ហបុរី​ កំពុង​តែ​អនុវត្ត​វិធាន​ការ​កណ្ដាប់​ដៃ​ដែក​ ដើម្បី​បន្ថយ​ល្បឿន​នៃ​​ការ​ឆ្លង​វីរុស​COVID-19។ នេះ​បើតាមការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ Straits Times។

វិធានការ​ក្ដៅ​1 ក្នុង​ចំណោម​វិធាន​ការ​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​ នោះ​គឺ​ “ការ​ពិន័យ​”។ ពលរដ្ឋ​ទាំង​អស់​ត្រូវ​បាន​ហាម​មិន​ឱ្យ​ឈរ ឬ​អង្គុយ​នៅ​ក្បែរ​គ្នា​ក្រោម​1ម៉ែត្រ​នៅ​ទី​សាធារណៈ។ បើ​សិន​ពល​រដ្ឋ​ណា​រំលោភបទ​បញ្ជា​នេះ​នឹង​ត្រូវ​ទទួល​ពិន័យ​ជា​ទឹក​ប្រាក់​7,000​ដុល្លារ​អាមេរិក​ ហើយ​​ត្រូវ​ជាប់​ព័ន្ធ​នាគារ​6ខែ​។ សម្រាប់​ក្រុម​ហ៊ុនអាជីវកម្ម​នានា ក៏ត្រូវ​ដាក់​កៅអី​ឱ្យ​ឆ្ងាយ​ពីគ្នា​យ៉ាង​ហោច​ត្រឹម​​1ម៉ែត្រ ដើម្បី​ជួយ​ឱ្យ​ភ្ញៀវ​​មក​ទិញ​ទំនិញ ឬ​បុគ្គលិក​ មាន​សុវត្ថិភាព​ ហើយ​ក្រុម​ហ៊ុន​ណា​​ដែល​បំពាន​បទបញ្ជា​នេះ ក៏នឹង​ត្រូវ​ទទួល​ពិន័យ​ដូច​ខាង​លើ​។

COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន203​ បណ្ដាលឱ្យ​មនុស្ស​ប្រមាណជា​​​936,045នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​47,245នាក់​បាន​បាត់​បង់ជីវិត​ និង​35,610​នាក់​កំពុង​មាន​អាការ​ធ្ងន់​ធ្ងរ និង​ប្រមាណជា​194,576​នាក់​បាន​ជា​សះស្បើយ​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement