លទ្ធ​ផល​ពិសោធន៍​ថ្មី​៖ COVID-19 អាច​រក្សា​ជីវិត​បាន​7​ថ្ងៃ​នៅ​លើ​ម៉ាស់​(វីដេអូ)

លទ្ធ​ផល​ពិសោធន៍​ថ្មី​៖ COVID-19 អាច​រក្សា​ជីវិត​បាន​7​ថ្ងៃ​នៅ​លើ​ម៉ាស់​

“ថ្វី​បើវីរុស​​COVID-19 អាច​រក្សា​ជីវិត​របស់​វា​បាន​ដល់​ទៅ​7​ថ្ងៃ​នៅ​លើ​ម៉ាស់​ ប៉ុន្តែ​ពួកវា​ក៏​ងាយ​នឹង​ត្រូវ​សម្លាប់​ដោយ​វិធី​សាមញ្ញ” នេះ​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​របស់​សាកលវិទ្យា​ល័យ​ហុង​កុង​។

លទ្ធ​ផល​នៃ​ការ​សិក្សាស្រាវជ្រាវ​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពីថ្ងៃទី​15​មីនា នៅ​លើ​គេហទំព័រ​ medRxiv របស់​ក្រុម​អ្នក​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យា​ល័យ​​ហុង​កុង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ថា រយៈ​ពេល​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​វីរុស​COVID-19 មាន​ភាព​ខុស​គ្នា​អាស្រ័យ​ទៅ​លើ​បរិយា​កាស​ ឬ​ផ្ទៃ​នៃ​វត្ថុ​ដែល​វា​កំពុង​ស្ថិត​នៅ​។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​បន្តក់​វីរុស​ដែល​គេ​បាន​បណ្ដុះ 1តំណក់​​ទៅ​លើ​ផ្ទៃ​លើ​នៃ​វត្ថុ​មួយ​ចំនួន​ រួម​មាន​ ក្រដាស ឈើ​ក្រដាស​ជូត​មាត់ ក្រណាត់ វ៉ែន​តា ប្រាក់​ ដែក​អ៊ីណុក ជ័រ រួម​នឹង​ម៉ាស់​ជាដើម​។

ជា​លទ្ធ​ផល​ ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​មិន​បាន​រកឃើញ​វីរុស​COVID-19 នៅ​លើ​ក្រដាស និង​ក្រដាស​ជូន​មាត់​នោះ​ទេ បន្ទាប់​​ពី​បាន​បន្តក់​មេរោគ​រយៈ​ពេល​3ម៉ោង​

COVID-19 ក៏មិន​មាន​នៅ​ជាប់​នៅ​លើ​ឈើ​ និង​ក្រណាត់ បន្ទាប់​ពី​2ថ្ងៃ​ក្រោយ​ការ​បន្តក់​មេរោគ​​។ បន្ទាប់​ពី​រយៈ​ពេល​4​ថ្ងៃ គេ​ក៏​មិន​ឃើញ​មាន​វីរុស​នេះ​នៅ​ជាប់​​នៅ​លើ​កញ្ចក់​វ៉ែនតា និង​ក្រដាស​ប្រាក់​នោះ​ដែរ​។ វីរុស​កូរ៉ូណា​COVID-19 អាច​រក្សា​ជីវិត​របស់​វា​បាន​ដល់​ទៅ​7​ថ្ងៃ នៅ​លើ​ដែក​អ៊ីណុក​ និង​ជ័រ​

អ្វីដែល​គួរ​ឱ្យ​បារម្ភ​ជាង​គេ​នោះ​គឺ​ថា នៅ​ផ្ទៃ​ខាង​ក្រៅនៃ​ម៉ាស់ពេទ្យ (surgical mask)​ វីរុស​នេះ​អាច​រក្សា​ជីវិត​របស់​វា​បាន​ដល់​ទៅ​7​ថ្ងៃ​ ដូច​ទៅ​នឹង​នៅលើ​ជ័រ​ និង​ដែក​អ៊ីណុក​។

ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​បាន​សន្និដ្ឋាន​ថា បើ​ទោះ​វីរុស​ COVID-19 អាចមាន​ជីវិត​យូរ​ថ្ងៃ​នៅ​លើ​វត្ថុ​មួយ​ចំនួន​ ប៉ុន្តែ​វា​ក៏​ងាយ​នឹង​ត្រូវ​បាន​សម្លាប់​ដោយ​វិធី​កំចាត់​មេរោគ​សាមញ្ញ​ៗផងដែរ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement