ករណី​ស្លាប់​ និង​ឆ្លង​ COVID-19 នៅអាស៊ីអាគ្នេយ៍​ បន្ត​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​​បារម្ភ

ករណី​ស្លាប់​ និង​ឆ្លង​ COVID-19 នៅអាស៊ីអាគ្នេយ៍​ បន្ត​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ

ប្រទេស​ម៉ាឡេស៊ី​ថ្ងៃ​នេះបាន​រកឃើញ​អ្នក​ជំងឺ​COVID-19ថ្មី​ចំនួន​217​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​ករណី​ឆ្លង​មេរោគ​សរុប​កើន​លើស​ពី​3,300នាក់​ ខណៈ​ដែល​​ឥណ្ឌូនេស៊ី បាន​រកឃើញ​អ្នក​ផ្លុកមេរោគ​កូរ៉ូណា​ច្រើន​បំផុត​រាប់​ចាប់​ពី​មេរោគ​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​នេះ​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី ថ្ងៃ​នេះបាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អ្នកស្លាប់​ដោយ​សារ​មេរោគ​COVID-19 ចំនួន​3​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​ករណី​ស្លាប់​ដោយ​សារ​មេរោគ​នេះ​កើន​ដល់​53​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​3,333​នាក់​។ ម៉ាឡេស៊ីគឺជាសម្បុក​មេរោគ​កូរ៉ូណា​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។។

“វាល​ពិឃាត” របស់​ COVID-19 ដែល​ធំជាង​គេ​លំដាប់​ទី​2​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ នោះ​គឺ​ប្រទេស​ហ្វីលីពីន​ ដោយមាន​អ្នក​ស្លាប់​សរុប​136​ករណី​ ក្នុង​នោះ​មាន​29​ករណី​ទើប​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​នេះ​។ ប្រទេស​នេះ​ក៏​ទើប​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​385​នាក់​បន្ថែម​ទៀត​ដែរ នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​កើន​ដល់​3,018​នាក់​។

ប្រទេស​ថៃ ថ្លៃ​នេះ​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​ថ្មី​103​ករណី ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​1,978​នាក់។ ប្រទេស​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន​19​នាក់​ ក្នុង​នោះ​មាន​4នាក់​ទើប​តែ​បាន​ស្លាប់​ក្នុង​ថ្ងៃ​នេះ​។

ចំណែក​ប្រទេស​ឥណ្ឌូនេស៊ីវិញ ទើប​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​196​ករណី​បន្ថែម​ទៀត​ដែរ​ បណ្ដាល​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​ឡើង​ដោយ​1,986​នាក់​។ ​ឥណ្ឌូនេស៊ីជា​ “វាល​ពិឃាត” ធំ​បំផុត​របស់​ COVID-19 នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​មាន​អ្នក​ស្លាប់​181​នាក់​។

តួលេខ​នៃ​ចំនួន​អ្នកបាន​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​នៅ​ប្រទេសសិង្ហបុរី បាន​ឡើង​ដល់​1,114ករណី ក្នុងនោះ​អ្នក​ស្លាប់​មាន​ចំនួន​5ករណី​ បើ​គិត​មក​ដល់​ពេលនេះ​។​

ប្រទេស​វៀតណាម ថ្ងៃ​នេះ​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​10​ករណី​ ធ្វើ​ឱ្យ​ករណី​ឆ្លងមេរោគ​កូរ៉ូណា​សរុប​ឡើង​ដល់​237​ករណី ក្នុង​នោះ​មាន​86​ករណី​បាន​ជា​សះស្បើយ។

ប្រទេស​ប៊្រុយណេ មាន​អ្នក​ជំងឺ​សរុប​​134​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់​បាន​បាត់​បង់​ជីវិត​។

ប្រទេស​មីយ៉ានម៉ារ បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​20​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​។

ប្រទេស​ឡាវ មាន​អ្នកជំងឺ​សរុប​10​នាក់។ ប្រទេស​នេះ​មិន​ទាន់​មាន​អ្នក​ស្លាប់​នៅ​ឡើយ​។

ទីម័រ​ខាង​កើត ដែល​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ីភាគ​អាគ្នេយ៍​ដែរ​នោះ​ មាន​អ្នកជំងឺ​សរុប​1នាក់។

នៅ​កម្ពុជា​ ម​ក​ដល់​បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ចំនួន​114​ករណី​ បន្ទាប់​ពី​បាន​រកឃើញ​4ករណី​ថ្មី​ក្នុង​ថ្ងៃ​នេះ​។ ក្នុង​ចំណោម​អ្នក​​បាន​ឆ្លង​មេរោគ​សរុប​ គឺមាន​79​ករណី​កំពុង​ទទួល​ការ​ព្យាបាល​ និង​35​ករណី​បាន​ជាសះស្បើយ​។

COVID-19 បាន​បង្ហាញវត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​204​ នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​54,465​នាក់​បាន​ស្លាប់​ និង​38,405នាក់​​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ ខណៈ​ដែល​220,025​នាក់​បាន​ជា​សះស្បើយ​​ ក្នុង​ចំណោម​អ្នក​ជំងឺ​​សរុប​1,034,163​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement