COVID-19! ប្រទេស​ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​

COVID-19! ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​

លោកវេជ្ជ​បណ្ឌិត​ Li Wenliang ដែលជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ព្រមាន​អំពី​វីរុស​ COVID-19 ដំបូង​គេ​នៅ​ប្រទេស​ចិន ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​ចុះ​កិច្ច​សន្យា​ទទួល​កំហុសកន្លង​មក​នោះ​ ពេល​នេះ​ត្រូវ​បាន​តែង​តាំង​ជា​វីរជនពលី​។

អាជ្ញាធរ​ខេត្ត​ Hubei ប្រទេស​ចិន បាន​សម្រេច​ផ្ដល់​ឋានៈ​ជា​វីរជន​ពលី​ (martyr) ដល់​បុគ្គលិក​ពេទ្យ​ចំនួន​12​រូប​ដែល​បាន​បាត់​បង់​ជីវិត​​ដោយ​សារ​វីរុស​COVID-19 បន្ទាប់​ពី​បាន​​បូជា​ជីវិត​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​វីរុស​ដើម្បី​ការ​ពារ​ជីវិត​ និង​សុខ​ភាព​របស់​ប្រជាជន​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ CCTV កាល​ពី​ថ្ងៃទី​2មេសា​កន្លង​ទៅ​។

“វីរជនពលី” គឺ​ជាឋានៈ​កិត្តិយស​ខ្ពស់​បំផុត​ត្រូវ​បាន​ប្រទេស​ចិន​តែង​តាំង​ដល់​ពល​រដ្ឋ​ដែល​បាន​ស្លាប់​ក្នុង​ពេល​បំពេញ​បេសក​កម្ម​ដើម្បី​ប្រទេស​ជាតិ​។ ឋានៈ​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​​សព​វេជ្ជបណ្ឌិត​ Li Wenliang បន្ទាប់​ពី​គ្រូពេទ្យ​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​ Wuhan ហៅ​ទៅ​ស្ដី​បន្ទោស​ បង្ខំ​ឱ្យ​ចុះកិច្ច​សន្យា​ និង​ទទួល​កំហុស​។

Li Wenliang គឺជា​វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាង​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ Central Hospital ក្នុង​ទីក្រុង​ Wuhan ខេត្ត​ Hubie។ ចុង​ខែ​ធ្នូ ឆ្នាំ2019 វេជ្ជ​បណ្ឌិត​រូប​នេះ​បាន​ចែក​រំលែក​សារ​​មួយ​ទៅ​កាន់​អ្នក​រួម​អាជីព​ អំពី​ជំងឺ​ថ្មី​មួយ​ដែល​ដូច​ទៅ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ឡើង​ដោយ​វីរុស​SARS។ បន្ទាប់​មក​ មេរោគ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា COVID-19 ដែល​បច្ចុប្បន្ន​ បាន​ធ្វើ​ឱ្យ​មនុស្ស​​ជាង​1098,000​នាក់​​បាន​កើត​ជំងឺ និងជាង​​​59,160​នាក់ បានបាត់​បង់ជីវិត​ នៅទូទាំង​ពិភពលោក​។

ក្រោយ​ពី​បាន​ចែក​រំលែក​ព័ត៌មាន​ស្ដី​អំពី​វីរុស​ថ្មី វេជ្ជ​បណ្ឌិត​ Li Wenliang ក៏ត្រូវ​បាន​សមត្ថ​កិច្ច​ហៅ​ទៅ​សួរនាំ​ ហើយ​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​កំហុស​ថា​បាន​ “បញ្ចេញ​ព័ត៌​មាន​ព័ត៌មិន​ពិត​” និង “បញ្ចេញ​មតិ​មិន​ត្រឹម​ត្រូវ​”​។

លោក​វេជ្ជ​បណ្ឌិត​ Li បន្ទាប់​មក​ក៏​បាន​ឆ្លង​វីរុស​​កូរ៉ូណា​ COVID-19 នៅ​ពេល​កំពុង​ព្យាបាល​អ្នកជំងឺ​ ហើយ​បាន​បាត់បង់ជីវិត​កាល​ពី​ថ្ងៃទី​27​មីនា នៅ​មន្ទីរពេទ្យ​Central Hospital​។ នៅមុន​ពេល​លោក​ស្លាប់ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​ក៏​ធ្លាប់​បាន​សម្ភាស​ជា​មួយ​សារ​ព័ត៌មាន New York Time និង​បាន​ថ្លែង​ថា “បើ​សិន​ជា​ក្រុម​មន្ត្រី​បាន​បញ្ចេញ​ព័ត៌មាន​ស្ដីអំពី​ជំងឺ​នេះ​បាន​ឆាប់​ ខ្ញុំ​គិត​ថា​ស្ថាន​ភាព​នឹង​បាន​ធូរ​ស្រាល​ជាង​នេះ​ច្រើន​។ គេ​ត្រូវ​ការ​ភាព​ស្មោះ​ត្រង់ និង​តម្លាភាព​ជាង​នេះ​”។

COVID-19! ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​ការ​ស្លាប់​របស់​គ្រូពេទ្យ​ Li បាន​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ជន​ចិន​។ ពួកគេ​អំពាវ​នាវ​ឱ្យ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ឱ្យ​អាជ្ញាធរ​សុំ​ទោស​ជា​ដើម​។ល។ ប្រការ​នេះ​បាន​ជះឥទ្ធិពល​ដល់​រដ្ឋា​ភិបាល​ចិន​។ ថ្ងៃទី​19​មីនា NSC(National Supervisory Commission) ដែលជា​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​របស់​ប្រទេស​ចិន​ បាន​ប្រកាស​ថា ទង្វើ​ដែល​អាជ្ញា​ធរ​ទីក្រុង​ Wuhan ពិន័យ​ទៅ​លើ​វេជ្ជ​បណ្ឌិត​ Li Wenliang គឺ​ជា​រឿង “ខុស​ប្រក្រតី” និង​ “មិន​ត្រឹម​ត្រូវ​”​។

NSC ថ្លែង​ថា នគរ​បាល​ទីក្រុង​ Wuhan ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ ហើយ​ការ​ពិន័យ​ទៅ​លើ​វេជ្ជ​បណ្ឌិត​ Li ក៏ត្រូវ​តែ​លុប​ចោល​។ អាជ្ញាធរ​ទី​ក្រុង​ Wuhan ក្រោយ​មក​ក៏បាន​ធ្វើ​ការ​សុំ​ទោស​ និង​ដក​ការ​ពិន័យ​​របស់​ខ្លួន​មកវិញ។

នៅ​ព្រឹក​នេះ ប្រទេស​ចិន​ទាំង​មូល​បាន​ធ្វើ​ការ​គោរព​វិញ្ញាណក្ខន្ធ​3នាទី​ ដើម្បី​លើក​តម្កើង​កិត្តិយស​របស់​វីរជន​ វីរនាី​ទាំងអស់​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​វីរុស​COVID-19៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement