យក​កេស​កាតុង​ធ្វើ​ជា​មឈូស​សម្រាប់​ដាក់​សាកសព​អ្នកជំងឺ​COVID-19 ព្រោះ​តែ​…

យក​កេស​កាតុង​ធ្វើ​ជា​មឈូស​សម្រាប់​ដាក់​សាកសព​អ្នកជំងឺ​COVID-19 ព្រោះ​តែ​...

ប្រទេស​អេក្វាឌ័រ៖ ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 កើន​ឡើង​ជា​លំដាប់​ នាំ​ឱ្យទីក្រុង​ Guayaquil ត្រូវ​ខ្វះ​មឈូស ហើយ​ត្រូវ​យក​កេស​ក្រដាស​កាតុង​មក​ជំនួស​មឈូស​ធ្វើ​អំពី​ឈើ​។

ក្រុម​មន្ត្រី​នៅ​ Guayaquil ដែលជាទីក្រុង​ធំ​របស់​​ខេត្ត​​ Guayas នៅ​ភាគ​ខាង​លិច​​ប្រទេស​អេក្វាឌ័រ កាល​ពី​ថ្ងៃទី​5មេសា បាន​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​បាន​ទទួល​ប្រអប់​កាតុង​ពី​រោង​ចក្រ​នានា​ ហើយ​បាន​បញ្ជូន​ទៅ​កាន់​សាល​ដាក​សាក​សព​2កន្លែង ដើម្បី​ប្រើ​ជំនួស​មឈូស​ឈើ​។

អ្នក​នាំពាក្យ​របស់​សាលា​ក្រុង​ Guayaquil មាន​ប្រសាសន៍​ថា “ធ្វើ​ដូច្នេះ​ទើប​អាច​ផ្គត់​ផ្គង់​បាន​តាម​តម្រូវ​ការ​។ នៅ​ទីក្រុង​នេះ អស់​មឈូស​ឈើ​ហើយ ឬ​ក៏​វា​មាន​តម្លៃ​ថ្លៃ​ពេក​”។

Santiago Olivares ដែល​ជា​ម្ចាស់​សាល​ដាក់​សាក​សព​ជា​ច្រើនកន្លែង​​ក្នុង​តំបន់​ បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​លោក​មិន​អាច​ផ្គត់​ផ្គត់មឈូស​​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​សម្រាប់​អ្នកជំងឺ​ដែល​បាន​ស្លាប់ដោយ​សារ​វីរុស​COVID-19នោះ​ទេ​។

លោក​ Olivares និយាយ​ថា “ខ្ញុំ​បាន​លក់​មឈូស​ចំនួន​40​ឈុត​ ដែលខ្ញុំ​មាន​នៅ​ឯ​សាខា​កណ្ដាល និង​40​ទៀត​នៅ​សាខា​ផ្សេង​។ ខ្ញុំ​ត្រូវ​ឱ្យ​គេ​ធ្វើ​មឈូស​ចំនួន​10ឈុត​​ទៀត​កាល​ពី​ចុង​សប្ដាហ៍​ តែ​បាន​លក់​ដាច់​អស់​ទៅហើយ”។

យក​កេស​កាតុង​ធ្វើ​ជា​មឈូស​សម្រាប់​ដាក់​សាកសព​អ្នកជំងឺ​COVID-19 ព្រោះ​តែ​...មឈូស​ដែល​មាន​តម្លៃ​ទាប​បំផុត​នៅ​ក្នុងតំបន់ Guayas បច្ចុប្បន្ន ប្រហែល​400USD/ឈុត។ លោក​ Olivares បន្ត​ថា បម្រាម​គោចរ​15​ម៉ោង​រៀង​រាល់​ថ្ងៃ​នៅ​តំបន់​នេះ ក៏​រួម​ចំណែក​ធ្វើ​ឱ្យ​អ្នក​ផលិត​មឈូស​ត្រូវ​ខ្វះ​វត្ថុ​ធាតុ​ដើម​​ដូចជា​ឈើ​ និង​លោហ​ធាតុ​ជា​ដើម​។

យោង​តាម​របាយការណ៍​ផ្លូវ​ការ ប្រទេស​អេក្វាឌ័រ បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​មេរោគ​COVID-19សរុប​ជាង​3,600​នាក់ ក្នុង​នោះ​មាន​180​នាក់​បាន​ស្លាប់ ដែល​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង​ Guayaquil និង​តំបន់​ក្បែរ​ខាង​នៃ​ខេត្ត​ Guayas។ ក្រុម​មន្ត្រី​សុខា​ភិបាល​បាន​ឱ្យ​ដឹង​ថា មន្ទីរពេទ្យ​នានា​ក្នុង​ទីក្រុង​ Guayaquil បាន​លើស​ចំណុះ​ ហើយ​បុគ្គលិក​ពេទ្យ​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​ឆ្លង​មេរោគ​នេះ​។

រដ្ឋាភិបាល​នៃ​ប្រទេស​អេក្វាឌ័រ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ បញ្ជូន​វេជ្ជ​បណ្ឌិត​ និង​គិលានុបដ្ឋាក​​ចំនួន​700​នាក់​ ទៅ​ជួយ​ក្រុម​បុគ្គលិក​ពេទ្យ​នៅ​ Guayaquil។ ទន្ទឹម​នឹង​នេះ​ រដ្ឋាភិបាល​ក៏​កំពុង​សាង​សង់​សាល​ដាក់​សាក​សព​​បណ្ដោះ​អាសន្ន​ ខណៈ​ដែល​មាន​ការ​ព្យាករ​ថា ករណី​ស្លាប់​អាច​កើន​ដល់​3,500​នាក់​នៅ​ប្រទេស​នេះ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement