​សហ​រដ្ឋ​អាមេរិក៖ អ្នក​ស្លាប់​ថ្មី​កើន​ជិត​2,000​នាក់ ខណៈ​អ្នក​ផ្ទុក​COVID-19សរុប​កើនលើស​420,000​នាក់

COVID-19! នៅ​សហ​រដ្ឋ​អាមេរិក អ្នក​ស្លាប់​ថ្មី​កើន​ជិត​2,000​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​ លើស​ពី​14,000​នាក់

តួលេខ​នៃ​អ្នកស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​បន្ត​កើន​ឡើង​ខ្លាំង ដោយ​មាន​ជិត​2,000​នាក់​ក្នុង​1ថ្ងៃ​ នៅ​​ក្នុង​សប្ដាហ៍​ដែល​មន្ត្រី​អាមេរិកាំង​ជឿ​ថា រោគ​រាត​ត្បាត​នេះ​អាច​ឡើង​ដល់​ចំណុច​កំពូល​។

យោង​តាម​ទិន្ន​ន័យ​នៅ​លើ​គេហ​ទំព័រ​ Worldometer គិត​ត្រឹម​ល្ងាច​ថ្ងៃទី​8មេសា (ម៉ោង​នៅ​សហរដ្ឋ​អាមេរិក) សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន1,805​ករណី​ ធ្វើ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ប្រទេស​នេះ​ ឡើង​ដល់​14,646​ករណី​។

ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​ សហរដ្ឋ​អាមេរិក បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ចំនួន26,550​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នក​ឆ្លង​មេរោគ​សរុប​ក្នុង​ប្រទេស​នេះ​ កើន​ជិត​ដល់​426,000​នាក់​។

សម្បុក​មេរោគ​ New York កាល​ពី​ម្សិល​មិញ​ក៏​មាន​អ្នក​ស្លាប់​ច្រើន​មិន​ធ្លាប់​មាន​ផងដែរ​។ អភិបាល​រដ្ឋ New York លោក Andrew Cuomo ឱ្យ​ដឹងថា រដ្ឋ​នេះមាន​អ្នក​ស្លាប់​779​ករណី​ដោយ​សារ​COVID-19 ក្នុង​រយៈ​ពេល​តែ​24​ម៉ោង​ចុង​ក្រោយ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​ក្នុង​រដ្ឋ​នេះ​កើន​ជិត​ដល់​​6,300​នាក់​ ក្នុង​នោះ​ទីក្រុង​ New York មាន​ដល់​ទៅ​ជាង​5,600​ករណី។

អភិបាល​រដ្ឋ​ New York យល់ថា តូលេខ​នៃ​អ្នក​ស្លាប់​នឹង​បន្ត​កើន​ឡើង​ សូម្បី​តែ​នៅ​ក្នុងអំឡុង​អ្នក​ឆ្លង​មេរោគ​មាន​ការ​ថយ​ចុះ​ក៏ដោយ​។ លោក​បន្ត​ថា ការ​បង្ខាំង​ទូទៅ​ក្នុង​សហគមន៍​នឹង​នៅ​តែ​ជា​វិធាន​ការ​ដ៏មាន​ប្រសិទ្ធ​ភាព​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​។

លោក​ប្រធានាធិបតិ​អាមេរិកាំង​ Donald Trump មាន​បំណង​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ ប៉ុន្តែ​ទីប្រឹក្សា​របស់​លោក​​អំពាវ​នាវ​ឱ្យ​លោក​ មាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ថា​ការ​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឆាប់​ពេក​នឹង​អាចនាំ​ឱ្យ​ការ​ឆ្លង​រាល​ដាល​ផ្ទុះ​ឡើង​ខ្លាំង​បន្ថែម​ទៀត​។

ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​អាមេរិកាំង​បាន​ព្រមាន​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ COVID-19 នៅ​ក្នុង​ប្រទេស​នេះ​ អាច​កើន​ឡើង​ដល់​100,000​នាក់ ទៅ​200,000​នាក់ បើសិន​ជា​មិន​មាន​វិធាន​ការ​ខ្លាំង​ក្លា និង​ប្រសិទ្ធ​ភាព​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement