អង្គការ Oxfam ព្យាករថា វីរុស​កូវីដ-19 នឹងធ្វើឱ្យពិភពលោកនេះមាន “អ្នកក្រ” កើនឡើងជាង 500លាននាក់

អង្គការ Oxfam បានបង្ហើបឱ្យដឹងថា វីរុសកូរ៉ូណាប្រភេទថ្មី ដែលបានបំផ្លាញសេដ្ឋកិច្ចពិភពលោក និងលេបត្របាក់ជីវិតមនុស្សរួចហើយអស់ជិត 90,000នាក់នេះ អាចនឹងធ្វើឱ្យប្រជាជនលើពិភពលោកដាំក្បាលចុះឆ្ពោះទៅរកភាពទ័លក្រ ថែមឡើងដល់ទៅ 500លាននាក់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

Oxfam បានផ្សព្វផ្សាយរបាយការណ៍ថ្មីមួយនៅថ្ងៃនេះ(ទី9មេសា) មុននឹងមានការប្រជុំប្រចាំឆ្នាំរបស់អង្គការូបិយប័ណ្ណអន្តរជាតិ(IMF) និងធនាគារពិភពលោក(World Bank) ក្នុងសប្ដាហ៍នេះ ដោយនឹងសិក្សាអំពីផលប៉ះពាល់ដោយសារវិបត្តិវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ដែលមានចំពោះបញ្ហាភាពទីទ័លក្រទូទាំងពិភពលោក ដោយ្សារតែគ្រប់ក្រុមគ្រួសារមានប្រាក់ចំណូល និងការបរិភោគដែលថយចុះ។

របាយការណ៍បញ្ជាក់ថា “វិបត្តិសេដ្ឋកិច្ចដែលកំពុងកើតឡើង អាចនិយាយបានថា ដុនដាបខ្លាំងជាងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ2008 ទៅទៀត”

“តាមរយៈការវាយតម្លៃ បានរកឃើញថា មិនថាស្ថានការណ៍នឹងទៅជាយ៉ាងណានោះទេ តែកម្រិតនៃភាពទីទ័លក្រទូទាំងពិភពលោក នឹងហក់ខ្ពស់ឡើងជាលើកដំបូង ចាប់តាំងពីឆ្នាំ1990មក”

Oxfam ប៉ាន់ប្រមាណថា ការរាតត្បាតរបស់មេរោគវីរុស នឹងធ្វើឱ្យប្រទេសខ្លះកាន់តែមានឋានៈទ័លក្រឡើង រហូតប្រៀបធៀបបាននឹងអំឡុងកាលពី 3ទសវត្សរ៍មុន។

គណៈក្រុមអ្នកវិភាគ បានយោងលើខ្សែបន្ទាត់ភាពទីទ័លក្រ(Poverty lines) ច្រើនកម្រិតតាមនិយមន័យរបស់ធនាគារពិភពលោក ដែលគ្របដណ្ដប់លើអ្នកដែលមានប្រាក់ចំណូលទាបជាង 1.90ដុល្លារអាមេរិកក្នុង 1ថ្ងៃ ឡើងរហូតដល់ទាបជាង 5.50ដុល្លារអាមេរិកក្នុង 1ថ្ងៃ។

ទាំងអស់នេះ បើសិនជាប្រាក់ចំណូលថយចុះ 20% ដែលជាទិដ្ឋភាពកម្រិតអាក្រក់បំផុតនោះ ចំនួនប្រជាជនដែលទីទ័លក្រផុតកំពូល(Extreme poverty) នឹងកើនឡើង 434លាននាក់ សរុប 922លាននាក់ទូទាំងពិភពលោក និងស្ថិតក្រោមលក្ខខណ្ឌដូចគ្នានេះដែរ នឹងមានប្រជាជនដែលមានប្រាក់ចំណូលទាបជាង 5.50 ដុល្លារអាមេរិកក្នុង 1ថ្ងៃ កើនឡើង 548លាននាក់ សរុបទាំងអស់ប៊ិះៗនឹង 4,000លាននាក់។

ស្ត្រី នឹងមានភាពប្រថុយប្រថានខ្លាំងជាងបុរស ដោយសារតែស្ត្រី ច្រើនតែប្រកបអាជីពបែបមិនផ្លូវការ ដែលធ្វើឱ្យពួកគេចូលទៅដល់សិទ្ធិពលករបានត្រឹមតែបន្តិចបន្តួច ឬអាចនឹងមិនមានតែម្ដង។

ធនាគារពិភពលោក បានព្រមានកាលពីសប្ដាហ៍កន្លងទៅថា ភូមិភាគអាស៊ីខាងកើត និងប៉ាស៊ីហ្វ៊ិក នឹងមានអ្នកក្រ កើនឡើងដល់ទៅ 11លាននាក់ បើស្ថានការណ៍វីរុសកូវីដ-19 ធ្លាក់ចុះដុនដាបជាងពេលបច្ចុប្បន្ន។

ដើម្បីសម្រាលផលប៉ះពាល់ពីវីរុសនេះ Oxfam បានលើកឡើងនូវផែនការប្រតិបត្តិការ 6ចំណុច ដែលរួមទាំងការចែកលុយសុទ្ធ ឬប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ និងផ្នែកធុរកិច្ចឯកជនដែលមានភាពលំបាកលំបិន ការលុបចោលបំណុល ការគាំទ្រពីអៃអឹមអេហ្វ និងការលើកកម្ពស់ការជួយសង្គ្រោះផ្សេងៗ។ ក្រៅពីនេះ Oxfam នៅបានស្នើឱ្យមានការចាត់ប្រមូលពន្ធភាស៊ីពីទ្រព្យសម្បត្តិ ផលកម្រៃពិសេស និងទំនិញខាងហិរញ្ញវត្ថុបែបកេងកម្រៃ (Speculative finance products) ដើម្បីប្រមូលប្រាក់ទុនដែលចាំបាច់ផងដេរ។

Oxfam ក៏បានបញ្ជាក់ទៀតដែរថា រដ្ឋបាលទូទាំងពិភពលោកចាំបាច់ត្រូវតែប្រមូលប្រាក់ទុនយ៉ាងហោចណាស់ 2.5លានលានដុល្លារអាមេរិក ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យអាចប្រយុទ្ធតស៊ូនឹងមេរោគវីរុសនេះបាន៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement