​COVID-19! នាយ​ករដ្ឋ​មន្ត្រី​អង់គ្លេស​រៀប​រាប់​អំពី​ “48​ម៉ោងដែល​លោក​​ប្រឈម​នឹង​ការ​ស្លាប់ដោយ​សារ​កូរ៉ូណា”

​COVID-19! នាយ​ករដ្ឋ​មន្ត្រី​អង់គ្លេស​រៀប​រាប់​អំពី​

បន្ទាប់​ពី​បាន​ចេញ​ពី​មន្ទីរពេទ្យ​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស លោក​ Boris Johnson បាន​រ៉ាយ​រ៉ាប់​អំពី​​អំឡុង​​ពេល​48​​ម៉ោង​ដែល​លោក​បាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ដោយ​សារ​តែ​អាការ​រោគ​ដ៏​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​COVID-19ដែល​លោក​បាន​ឆ្លង​។

យោង​តាម​សារ​ព័ត៌មាន Telegraph នាយក​រដ្ឋ​មន្ត្រី​ Johnson កាល​ពី​ថ្ងៃទី​12មេសា​កន្លង​ទៅ​ បាន​រៀប​រាប់​ថា “48​ម៉ោង​​ដែល​អ្វី​ៗ​ទាំង​អស់​អាច​ឆ្ពោះ​ទៅ​ទិស​ផ្សេង​”​។ លោក​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បុគ្គលិក​សុខាភិបាល​អង់គ្លេស​ NHS (National Health Service) “ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ ​ជា​ទង្វើ​ដែល​ខ្ញុំ​មិ​ន​មាន​អ្វី​អាច​ប្រកែក​បាន​”។

លោក​ Johnson ត្រូវ​បា​ន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​កាល​ពី​ម្សិល​មិញ​ និង​បាន​ទៅ​កាន់​ភូមិ​គ្រឹះ​ Chequers នៅ​តំបន់​ Buckinghamshire ​ជា​កន្លែង​​ភរិយាកំពុង​មាន​ផ្ទៃ​ពោះ​​​(លោក​ស្រី​ Carrie Symonds)របស់​លោក​ រស់​នៅ​។

លោក​ Johnson និង​លោក​ស្រី Carrie Symonds មិន​បាន​ជួប​គ្នាអស់​​មួយ​រយៈ​ពេល​ ចាប់​តាំង​ពី​​លោក​ Johnson បាន​ឆ្លង​វីរុស​COVID-19 កាល​ពី​ចុង​ខែ​មុន​។

មុន​ពេល​ទៅ​កាន់​ Chequers ដើម្បី​សម្រាក​យក​កម្លាំង​ លោក​ Johnson បាន​បង្ហោះ​សារ​ជា​វីដេអូ​មួយ​ រៀប​រាប់​អំពី​កម្រិត​នៃ​ភាព​ធ្ងន់​ធ្ងរ​របស់​ជំងឺ​ដែល​​លោក​បាន​ឆ្លង​ ជា​ពេល​វេលា​ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ហើយ​លោក​ក៏​បាន​កោត​សរសើរ​ចំពោះ​បុគ្គលិក​សុខាភិបាល​(NHS) ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត និង​ថែទាំ​រូប​លោក​។

“ថ្ងៃ​នេះ​ខ្ញុំ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ បន្ទាប់​ពីទទួល​ការ​ព្យាបាលអស់​​រយៈ​ពេល​​1សប្ដាហ៍​។ នៅ​ទី​នោះ​ ក្រុម​បុគ្គលិក​សុខាភិបាល​បាន​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ​។ ខ្ញុំ​ពិត​ជា​ពិបាក​រក​ពាក្យ​អ្វី​មកសម្ដែង​​អំពី​ការ​ដែល​ខ្ញុំ​ជំពាក់​​​គុណ​ពួកគេខ្លាំង​ណាស់​​” នាយក​រដ្ឋ​មន្ត្រី​ Johnson ថ្លែង​នៅ​ក្នុង​សារ​ខាង​លើ​។

លោក​ស្រី​ Carrie Symonds ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ (រូប​កណ្ដាល)
លោក​ស្រី​ Carrie Symonds ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ (រូប​កណ្ដាល)

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា លោក​បាន​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ “សម្ពាធ​ដែល​បុគ្គលិក​សុខាភិបាល​កំពុង​ជួប​ប្រទះ​” ហើយ​លោក​សង្កត់​ធ្ងន់​ថា NHS នឹង​ទទួល​បាន​ជោគ​ជ័យ​​លើ​វីរុស​COVID-19។ លោក​ប្រាប់​ថា NHS គឺជា​ស្ថាប័ន​ល្អ​បំផុត​នៅ​អង់គ្លេស​។

ក្នុង​សារ​ខាង​លើ លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បុគ្គលិក​សុខាភិបាលមួយ​ចំនួន​​ ដូច​ជា​​ “Jenny មក​ពី​ នូវែលហ្សេឡង់ និង​ Luis មក​ពី​ព័រ​ទុយ​ហ្គាល់​”​ ផងដែរ​។ “ខ្ញុំ​សង្ឃឹមថា ពួក​គេ​នឹង​មិន​ប្រកាន់នោះ​ទេ​​នៅ​ពេល​ខ្ញុំ​រំឭក​ពី​គិលានុបដ្ឋាយិកា​​2រូប​ដែល​នៅ​ក្បែរ​ខ្ញុំ​48​ម៉ោង​ ខណៈ​ដែល​អ្វី​ៗ​អាច​ឆ្ពោះ​ទៅ​ទិស​ផ្សេង​”​។

“មូលហេតុ​ដែល​រាង​កាយ​របស់​ខ្ញុំ​ ក្នុង​ដំណាក់​កាល​​ចុង​ក្រោយ​ អាច​មាន​សុខ​ភាពល្អ​​ នោះ​គឺ​ដោយ​សារ​ថា ជា​រៀង​រាល់​វិនាទី​ក្នុង​រាត្រី ពួកគេ​សុទ្ធ​តែ​សង្កេតមើល​​ គិត​គូរ យក​ចិត្ត​ទុក​ដាក់ និង​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​” លោក​ Johnson ថ្លែង​ដូច្នេះ​។ លោក​ក៏​បាន​អរគុណ​ដល់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​មន្ទីរ​ពេទ្យ​ St Thomas ដែល​បាន​ប្រឹងប្រែង​ព្យាបាល​រូប​លោក​។

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ក៏បាន​សម្ដែង​ការ​គោរព​ចំពោះ​ការ​លះបង់​របស់​សាធារណ​ជន​ ក្នុង​ពេល​ខិត​ខំ​ធ្វើ​តាម​បទ​បញ្ជា​បម្រាម​គោច​​ដ៏​លំបាក​ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​អនុវត្ត​កាល​ពី​3​សប្ដាហ៍​មុន​។

បន្ទាប់​ពី​លោក​ Johnson បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ លោក​ស្រី​ Carrie Symonds ក៏បាន​ផ្ញើ​សារថ្លែង​អំណរ​គុណ​ដល់​ក្រុម​ការ​ងារ​ NHS ផងដែរ​។

ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា លោក Johnson នឹង​មិន​ទាន់​វិល​មក​បំពេញ​ភារ​កិច្ចបាន​​ភ្លាមៗ​​​​នោះ​ទេ​៕

ប្រភព​៖ សារព័ត៌មាន​បរទេស

Advertisement