អាស៊ានឯកភាពគ្នា បង្កើតមូលនិធិឆ្លើយតប ដើម្បីដោះស្រាយផលប៉ះពាល់របស់វីរុសកូវីដ-19 នៅក្នុងតំបន់

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី25 តាមរយៈសន្និសីទវីដេអូកាល ពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានឯកភាពគ្នាលើការបង្កើតការឆ្លើយតបដើម្បីជួយរដ្ឋជាសមាជិកទាំងអស់ កាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតវីរុសកូវីដ-19។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាបាន ឱ្យដឹងថា គោលបំណងនៅពីក្រោយមូលនិធិឆ្លើយតបអាស៊ាន វីរុសកូវីដ-19 គឺដើម្បីកៀរគរធន​ធាន​ហិរញ្ញវត្ថុ ដើម្បីដោះស្រាយកង្វះខាត ក្នុងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ និងដើម្បីគាំទ្រដល់ការ​ស្រាវ​ជ្រាវ និងការអភិវឌ្ឍ វីរុសCOVID-19 ។ មូលនិធិនេះក៏មានគោលបំណងដើម្បីរៀប​ចំរដ្ឋជាសមាជិក​សម្រាប់ឆ្លើយតបទៅនឹងភាពអាសន្ននាពេលអនាគតផងដែរ។

រដ្ឋមន្ត្រី នៃបណ្តាប្រទេសអាស៊ាន ក៏បានសម្តែងការប្តេជ្ញាចិត្ត ដើម្បីធានា​ចង្វាក់ផ្គត់ផ្គង់​ក្នុង​តំបន់ និងទីផ្សារបើកចំហ ក៏ដូចជាធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីកាត់បន្ថយផលប៉ះ​ពាល់នៃវិបត្តិ​សេដ្ឋ​កិច្ចក្នុងតំបន់ និងពិភពលោក ស្តារទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងសហគមន៍ពាណិជ្ជកម្ម និង​រក្សា​ស្ថិរ​ភាពសេដ្ឋកិច្ចសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ឱ្យដឹងថា គំនិត​ផ្តួចផ្តើម​នេះ គឺជា​ឧទាហរណ៍ដ៏ល្អមួយពីរបៀបដែលរដ្ឋជាសមាជិកអាស៊ានកំពុងធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហារួម។

លោកបានមានប្រសាសន៍ថា៖«ផលប៉ះពាល់នៃជំងឺរាតត្បាតវីរុសកូវីដ-19 កំពុងធ្វើឱ្យប៉ះ​ពាល់​​ដល់បណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសសេដ្ឋកិច្ចរបស់ពួកគេ​ហើយមនុស្ស​គ្រប់គ្នា​កំពុងរងគ្រោះ»។

លោក កុយ គួង បានមានប្រសាសន៍ទៀតថា៖«ក្រោមប្រធានបទ«សហគមន៍តែមួយ វាសនា​តែមួយ» រដ្ឋសមាជិកនៃបណ្តាប្រទេសអាស៊ានទាំងអស់ បានបោះជំហានបន្ទាប់ក្នុងការការពារ​ និង​កាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនៅលើតំបន់ ក៏ដូចជាដើម្បីត្រៀមសម្រាប់អ្វី ដែលអាចកើតឡើងនាពេលអនាគត»។

យ៉ាងណាក្តី តាមលោក​ កុយ គួង បើទោះ អាស៊ានឯកភាពគ្នា បង្កើតមូលនិធិឆ្លើយតប ដើម្បី​ដោះស្រាយផលប៉ះពាល់របស់វីរុសកូវីដ-19​ នៅក្នុងតំបន់ក៏ដោយ ក៏រយៈពេលគ្រោងក្របខ័ណ្ឌ​ និង​សកម្ម​ភាព​​នៃមូល​និធិឆ្លើយតបអាស៊ាន គឺវីរុសកូវីដ-19 មិនទាន់ត្រូវបានគេកំណត់ និងសម្រេច​ចិត្ត​នៅ​ឡើយទេ។

គិតត្រឹមថ្ងៃទី9 ខែមេសា ករណីចំនួន 1,600,019 ត្រូវបានកំណត់អត្តសញ្ញាណ នៅអាស៊ីអាគ្នេយ៍។ ប្រទេសម៉ាឡេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី3 ក្នុងតំបន់ បានរាយការណ៍ ថាមានអ្នកឆ្លងមេរោគថ្មីចំនួន 109នាក់ដែលបង្កើនចំនួនសរុបដល់ 4,228ករណីដែលធ្វើឱ្យប្រទេស នេះមានអត្រាឆ្លងខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសមួយដែលមានចំនួនអ្នកព្យាបាលខ្ពស់បំផុត៕

 

Advertisement