ចេះតែរកនឹកឃើញហ្មង? ប្រទេស​ឥណ្ឌូនេស៊ី ប្រើ “ខ្មោច” ទប់ស្កាត់អ្នកចេញក្រៅផ្ទះ កាពារកូវីដ-19 ឆ្លង​រាល​ដាល​(មានឃ្លីប)

ចេះតែរកនឹកឃើញហ្មង? ប្រទេសឥណ្ឌូនេស៊ី ប្រើ “ខ្មោច” ទប់ស្កាត់អ្នកចេញក្រៅផ្ទះ កាពារកូវីដ-19 ឆ្លងរាលដាល(មានឃ្លីប)

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងនីវយ៉ក ផូស្តិ៍ បានរាយការណ៍ថា បណ្ដុំកោះគើពូ នៅលើកោះជ្វារបស់ប្រទេស​ឥណ្ឌូនេស៊ី បានបញ្ចេញអៃឌៀប្លែកចម្លែកគ្មានអ្នកណាដូច សម្រាប់ចាត់ការពួកស្រុក ដែលល្មើសវិធានការបង្ខាំងខ្លួននៅតែក្នុងផ្ទះ និងរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម កណ្ដាលការឆ្លងរាលដាលដ៏គួរឱ្យខ្លាចរបស់មេរោគវីរុសកូវីដ-19 ដោយការលែងខ្មោចឆៅ ឱ្យចេញលងបន្លាចក្នុងពេលរាត្រី…តែការពិត វិញ្ញាណខ្មោចទាំងនោះ មិនមែនជារបស់ពិតទេ គ្រាន់តែជាក្រុមអ្នកស្ម័គ្រចិត្ត តុបតែងកាយធ្វើជាវិញ្ញាណខ្មោចតែប៉ុណ្ណោះ។

កាលពីពេលមុននេះ នៅតាមទីប្រជុំជននានានៅក្នុងទីជនបទក្នុងប្រទេសឥណ្ឌូនេស៊ី បានបញ្ចេញមនុស្សដែលតុបតែងរាងកាយដោយឈុតខ្មោចឆៅ ចេញមកអើតឡឺមៗ លឹបលៗនៅតាមដងផ្លូវ ដោយសង្ឃឹមថា ជំនឿក្នុងរឿងវិញ្ញាណខ្មោចព្រាយបិសាចបែបបុរាណៗមួយនេះ នឹងជួយការពារពួកអ្នកស្រុកឱ្យនៅតែក្នុងផ្ទះ និងមានសុវត្ថិភាពពីការឆ្លងរាលដាលនៃមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

“យើងត្រូវការបង្កើតភាពខុសប្លែក និងរកឃើញវិធីដែលទទួលបានលទ្ធផលល្អ ព្រោះថា ខ្មោចពួចុង(Pocong- សាកសពមនុស្សដែលត្រូវបានរុំខ្ចប់ដោយក្រណាត់ស មានខ្សែចងជើង និងក្បាល) នេះ វាគួរឱ្យភ័យខ្លាច និងញ័ររន្ធត់ស្មារតីខ្លាំងណាស់ ពេលបានជួបនឹងភ្នែកស្រស់ៗ” អ្នកដឹកនាំក្រុមយុវជនរបស់ទីប្រជុំជនបានរៀបរាប់ឱ្យដឹងទៀតថា ក្រុមរបស់យើង បានរួមសហការជាមួយប៉ូលិសក្នុងការបញ្ចេញគំនិតប្លែកខុសគេមួយនេះ ដើម្បីគាំទ្រវិធានការនៅតែក្នុងផ្ទះ និងរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម ក្នុងអំឡុងពេលឆ្លងរាលដាលរបស់មេរោគ​កូវីដ-19នេះ។

ខ្មោចពួចុង តាមរឿងនិទានបានរៀបរាប់ថា បើសិនក្រោយរយៈពេល 40ថ្ងៃបន្ទាប់ពីស្លាប់ហើយ វិញ្ញាណរបស់អ្នកស្លាប់ នៅមិនទាន់បានទៅកាន់សុគតិភពនោះ សាកសពដែលត្រូវបានរុំខ្ចប់ដោយក្រណាត់សនោះ នឹងងើបចេញពីសេចក្ដីស្លាប់ ងើបចេញពីផ្នូរ ដើម្បីមកជម្រះរឿងរ៉ាវផ្សេងៗ ដែលនៅសេសសល់ ដោយប្រើវិធីលោតក្នុងការធ្វើដំណើរ។

អ្នកស្រុកម្នាក់ បាននិយាយឱ្យដឹងថា តាំងពីមានវិញ្ញាណខ្មោចពួចុងចេញមក ឪពុកម្ដាយ និងក្មេងៗ ក៏លែងហ៊ានចេញពីផ្ទះតែម្ដង ពេលនេះ មនុស្សម្នាក៏លែងចេញមកជួបជុំប្រមូលផ្ដុំគ្នា ឬដើរលេងផ្ដេសផ្ដាស់តាមដងផ្លូវទៀតហើយ ក្រោយពីធ្វើពិធីឡៈម៉ាត នៅពេលល្ងាចចប់។

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី បានអះអាងអំពីចំនួនអ្នកឆ្លងមេរោគ 4,557នាក់ ក្នុងនោះមានអ្នកស្លាប់ 399នាក់ ក្នុងខណៈដែលកំពុងមានក្ដីកង្វល់ថា ចំនួននេះ នឹងកាន់តែកើនឡើងជារឿយៗ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement