សហរដ្ឋ​អាមេរិក​ព្រមាន​ថា​នឹង​វែក​មុខ​អ្នក​​​នៅ​ពី​ក្រោយ​ ​COVID-19

សហរដ្ឋ​អាមេរិក​,Mike Pompeo,​អ្នក​​​នៅ​ពី​ក្រោយ​ ​COVID-19,
លោក Mike Pompeo រដ្ឋ​មន្ត្រី​ការ​បរ​ទេស​សហរដ្ឋ​អាមេរិក

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Pompeo បាន​អះអាង​ថា​ នឹង​មាន​ការ​ថ្កោល​ទោស​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​វីរុស​​​COVID-19​ ប៉ុន្តែ​លោក​មិន​បាន​លើក​ឡើង​ឱ្យ​ចំឈ្មោះ​​ថា​ជា​ប្រទេស​​ចិន​ ឬ​មួយ​ប្រទេស​ណា​នោះ​ទេ​។

“នឹង​ដល់​ពេល​មួយ​ដែល​​ត្រូវ​ធានា​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​បាន​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ ហើយ​អ្នក​ទទួល​ខុស​ត្រូវ ត្រូវ​តែ​មាន​មូលហេតុ​សម​ហេតុ​ផល​បំផុត​។ ខ្ញុំ​ជឿ​ជាក់​ថា ដំណាក់​កាល​នោះ​នឹង​កើត​ឡើងមិន​ខាន” នេះ​បើ​តាម​សម្ដី​របស់​លោក Mike Pompeo ដែល​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ភ្នាក់​ងារ​យក​ព័ត៌មាន​​​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​13​មេសា​កន្លង​ទៅ​។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ប្រទេស​ចិន​ ត្រូវ​តែ​ “ទទួល​ខុស​ត្រូវ​” ចំពោះ​ការ​ខាត​បង់​ដោយ​សារ​COVID-19 ដែរ​ ឬ​អត់ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​ បាន​ច្រាន​ចោល​រាល់​​ការ​ដាក់​ទោស​​ជា​បន្ទាន់​ណា​មួយ​ទៅ​លើ​ទីក្រុង​ប៉េកាំង​ ដោយ​លោក​សង្កត់​ធ្ងន់​ថា ប្រការ​សំខាន់​នៅ​ពេល​នេះ​ គឺ​ត្រូវ​តែ​សហការ​គ្នា​ទូទាំង​ពិភពលោក​ ដើម្បី​ទប់​ទល់​នឹង​រោគ​រាត​ត្បាត​។

លោក Pompeo ឱ្យ​ដឹង​ថា គេ​ត្រូវ​ការ​ជជែក​វែក​ញែក​ជា​សកល​អំពី​ការ​ដែល​ថា​ តើ​រដ្ឋាភិបាល​ចិន ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​COVID-19 ឬ​អត់​។ លោក​អះអាង​ថា “​រឿង​ដែល​សំខាន់​គឺ​ត្រូវ​តែ​យល់​ច្បាស់​ថា រោគ​រាត​ត្បាត​នេះ បាន​ចាប់​ផ្ដើម​ដោយ​របៀប​ណា​ កើត​ឡើង​នៅ​ទី​ណា និង​មាន​ប្រភព​មក​ពី​​ណា​។ យើង​បាន​ដឹង​អំពី​រឿង​រ៉ាវ​នៅ​តំបន់​ផ្សារ​​ដ៏​សើម​មួយ​នៅ​ប្រទេស​ចិន ជា​កន្លែង​ដែល​វីរុស​បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល ហើយ​សំខាន់​គឺ​ទូទាំង​ពិភពលោក​សុទ្ធ​តែ​យល់​អំពី​ប្រការ​នេះ​”។

លោក​បន្ត​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ កំពុង​តែ​ផ្ដោត​ទៅ​លើ​ការ​ “​មើល​ទៅ​ខាង​មុខ​” និង​ប្រឹង​ប្រែង​ស្វែង​រក​ច្រក​ចេញ​សមស្រប​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​កើត​ឡើង​ដោយ​សារ​COVID-19 នា​ពេល​ខាង​មុខ​។ Pompeo អះអាង​ថា​ សហ​រដ្ឋ​អាមេរិក កំពុង​អនុវត្ត​ភារ​កិច្ច​ចំពោះ​មុខ ធ្វើ​ឱ្យ​ប្រព័ន្ធ​ដំណើរ​ការឡើង​វិញ ដើម្បីអាច​បើក​ទ្វារ​សេដ្ឋ​កិច្ច​អាមេរិក​ និង​សេដ្ឋ​កិច្ច​សកល​​ជា​ថ្មី​។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ កាល​ពី​ខែ​មុន​ បាន​រិះ​គន់​ចំពោះ​វិធី​ដែល​ប្រទេស​ចិន​ប្រើ​ដើម្បី​ទប់​ទល់​នឹង​COVID-19 និង​ចោទ​ប្រកាន់​ទីក្រុង​ប៉េកាំង​ថា មិន​បាន​ផ្ដល់​ព័ត៌មាន​​ចាំ​បាច់​ដល់​ពិភពលោក សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​។ លោក​ Pompeo បាន​អះអាង​ជា​ច្រើន​លើក​ថា ប្រទេស​ចិន​ខ្ជះ​ខ្ជាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ ក្នុង​ការ​ទប់​ទល់​នឹង​វីរុស​ ហើយ​លោក​ក៏ធ្លាប់​បាន​ធ្វើ​ឱ្យ​ទីក្រុង​ប៉េកាំង​ខឹង​សម្បា​​ជា​បន្ត​បន្ទាប់​ ដោយ​ហៅ​ COVID-19 ថាជា​ “វីរុស​ចិន​”។

សូម​រំឭក​ថា COVID-19 បាន​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019​ ហើយ​មក​ដល់​ពេលនេះ​ វា​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210 នៅ​ក្នុង​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​​ជាង​1,925,000​នាក់​ត្រូវ​ឆ្លង​មេរោគ​ និង​​​​ជាង​119.600​នាក់​បាន​បាត់​បង់​ជីវិត​​ ក្នុង​នោះ​ សហរដ្ឋ​អាមេរិក​មាន​អ្នក​ជំងឺ​សរុប​​ជាង​580,000​នាក់​ និង​អ្នក​ស្លាប់​ជាង​23,600​នាក់​ ខណៈ​ប្រទេស​ចិនបាន​ប្រកាស​ថា បាន​គ្រប់​គ្រង​វីរុស​នេះ​ស្ទើរ​តែ​ទាំង​ស្រុង​ហើយ ដោយ​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ប្រមាណ​ជា​100នាក់​​ក្នុង​មួយ​ថ្ងៃ​ៗ ចំណែក​ករណី​ស្លាប់ថ្មី​ក៏បាន​ថយ​ចុះ​នៅ​ក្រោម​10​នាក់​ក្នុង​មួយ​ថ្ងៃ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement