COVID-19! ក្រុម​ហ៊ុន​ផលិត​អាវុធ​ទំនើប​របស់​អ៊ីស្រាអែល​ ផលិត​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើមសម្រាប់​ព្យាបាល​​អ្នក​ជំងឺ​កូរ៉ូណា​

ប្រព័ន្ធ​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម (ventilator)
ប្រព័ន្ធ​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម (ventilator)

ក្រុម​ហ៊ុន​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ Elbit Systems បាន​ដំឡើង​ចង្វាក់​ផលិត​ផល​ថ្មី​មួយ​ដើម្បី​ផលិត​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​ ក្នុង​ខណៈ​ដែល​ប្រទេស​នេះ​មាន​អ្នកជំងឺ​COVID-19 ជាង​11,000​នាក់​។

Elbit Systems ដែល​ជា​ក្រុម​ហ៊ុន​ជំនាញ​ខាង​ផលិត​អាវុធ​បច្ចេកវិទ្យាជាន់​​ខ្ពស់​ និង​ប្រព័ន្ធ​យក​ការណ៍​របស់​ប្រទេស​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​រៀប​ចំ​រចនា​សម្ព័ន្ធ​រោង​ចក្រ​ចំនួន​2​ឡើង​វិញ​ ទៅ​តាម​ការ​ស្នើ​របស់​រដ្ឋា​ភិបាល​អ៊ីស្រាអែល​។ តាម​គម្រោង​ រោង​ចក្រ​នេះ​នឹង​ផលិត​ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​ចំនួន​300​គ្រឿង​ក្នុង​1សប្ដាហ៍​ ចាប់​ពី​ថ្ងៃទី​16​មេសា​។

យន្ត​ហោះឈ្លប​យក​ការណ៍​​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ហ៊ុន​ Elbit Systems
យន្ត​ហោះឈ្លប​យក​ការណ៍​​គ្មាន​មនុស្ស​បើក​របស់​ក្រុម​ហ៊ុន​ Elbit Systems

ម៉ាស៊ីន​ជំនួយ​ដក​ដង្ហើម​នេះ​នឹង​ជួយ​ដល់​មន្ទីរពេទ្យ​នានា ក្នុង​ការ​ព្យាបាល​ និង​សង្គ្រោះ​អ្នកជំងឺ​COVID-19 ដែល​ប្រឈម​នឹង​ការ​ស្លាប់​ខ្ពស់​​ដោយ​សារ​អាការ​ពិបាក​ដក​ដង្ហើម ឬ​មិន​អាច​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង​បាន​។ បច្ចុប្បន្ន អ៊ីស្រាអែល​មាន​ម៉ាស៊ីន​នេះ​ចំនួន​3,500​គ្រឿង​ ហើយ​បើ​តាម​ផែន​ការ ពួកគេ​នឹង​មាន​7,000​គ្រឿង​នៅមុន​ខែ​ឧសភា​។

ដោយ​ឡែក​ ក្រុម​ហ៊ុន​ការ​ពារ​ជាតិ​អ៊ីស្រាអែល​​មួយ​ផ្សេត​ទៀត​ គឺ​ក្រុម​ហ៊ុន Aerospace Industries កាល​ពី​ខែ​មុន​ក៏បាន​សន្យា​ថា​នឹង​ផលិត​ម៉ាស៊ីន​ជំនួយ​ដកដង្ហើម​​ផងដែរ​ ដើម្បី​ធានា​ឱ្យ​ផលិត​ផល​នេះ​មាន​បរិមាណ​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់ក្នុង​ទី​ផ្សារ​ក្នុង​ស្រុក​។

គិត​មក​ដល់​ពេល​នេះ​អ៊ីស្រាអែល​មាន​អ្នក​ជំងឺCOVID-19 សរុប​ជាង​11,800​នាក់​ ក្នុង​នោះ​មាន​117​នាក់​បាន​ស្លាប់​។

ទិដ្ឋ​ភាព​ខាង​ក្នុង​របស់​ក្រុម​ហ៊ុន​ការ​ពារ​ជាតិ​អ៊ីស្រាអែល Aerospace Industries
ទិដ្ឋ​ភាព​ខាង​ក្នុង​របស់​ក្រុម​ហ៊ុន​ការ​ពារ​ជាតិ​អ៊ីស្រាអែល Aerospace Industries

នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន​មាន​អ្នក​ជំងឺ​COVID-19​ ជាង​1,926,200​នាក់​ ក្នុង​នោះ​មានជាង​​452,400​​បាន​ជា​សះស្បើយ និងជាង​​119,700​នាក់​បាន​បាត់​បង់​ជីវិត ខណៈ​ដែល​51,150​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement