អង់គ្លេស​៖ បុគ្គលិក​សុខាភិបាល​រាប់​ពាន់​នាក់់បាន​ឆ្លង​COVID-19

អង់គ្លេស​៖ បុគ្គលិក​សុខាភិបាល​រាប់​ពាន់​នាក់់បាន​ឆ្លង​COVID-19

មួយ​ភាគ​បី​នៃ​បុគ្គលិក​សុខាភិបាល​នៃ​ប្រទេស​អង់គ្លេស​ រួម​នឹង​បុគ្គលិក​សំខាន់​ៗ​ជា​ច្រើន​ផ្សេង​ទៀត ត្រូវ​បាន​ធ្វើ​តេស្ត​រកវីរុស​COVID-19 ហើយ​ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន។

យោង​តាម​ទិន្នន័យ​របស់​រាជ​រដ្ឋាភិបាល​អង់គ្លេស​ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​13​មេសា​ បាន​ឱ្យ​ដឹង​ថា បុគ្គលិក​សុខាភិបាល​ចំនួន​16,888​​នាក់​ រួម​នឹង​គ្រួសារ​របស់​ពួកគេ​ បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19 រួច​រាល់​ហើយ​។ បច្ចុប្បន្ន​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​តេស្ត​ខាង​លើ មាន​5,733​នាក់​ ស្មើ​នឹង​34​% វិជ្ជមាន​ជាមួយ​COVID-19។

រាជ​រដ្ឋាភិបាល​អង់គ្លេស កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ ក្នុង​ការ​ធ្វើ​តេស្ត​ជូន​បុគ្គលិក​សុខាភិបាល NHS (National Health Service)​ និង​គ្រួសារ​របស់​ពួកគេ​ ក្នុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ខ្វះ​ខាត​សម្ភារ​​វេជ្ជ​សាស្ត្រ​ការ​ពារ​សុវត្ថិ​ភាព​។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេស Matt Hancock ធ្លាប់​បាន​ប្រកាស​ថា បុគ្គលិក​ NHS ដែល​មាន​រោគ​សញ្ញា ឬ​រស់​នៅ​ជាមួយ​អ្នក​ដែល​បាន​ឆ្លង​មេរោគ​COVID-19 នឹង​ត្រូវ​បាន​ធ្វើ​តេស្ត​ទៅ​តាម​គម្រោង​របស់​រាជ​រដ្ឋាភិបាល។ លោក​បន្ត​ថា គោល​ដៅ​ចុង​ក្រោយ​គឺ​ធ្វើ​តេស្ត​​រាល់​បុគ្គលិក​ NHS បើ​ទោះ​បី​ពួក​គេ​មាន​ ឬ​មិន​មាន​រោគ​សញ្ញា​ក៏ដោយ​។

COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ នៅ​ក្នុង​សកល​លោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​1.9​លាន​នាក់​បាន​ឆ្លង​ជំងឺ​ និង​ជាង​110,000​នាក់​បាន​ស្លាប់​។ ប្រទេស​អង់គ្លេស​ បច្ចុប្បន្ន​មាន​អ្នក​ជំងឺ​សរុប​ជាង​88,000​នាក់ ក្នុង​នោះ​មាន​ជាង​11,000​នាក់​បាន​បាត់​បង់ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement