COVID-19! ជប៉ុន​ស្នើ​ឱ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​​ “កុំចេញ​ក្រៅ​​ផ្ទះ”​ បន្ទាប់​ពីមាន​ការ​​ព្រមាន​ថា​ មនុស្ស​400,000​នាក់​នឹង​ស្លាប់

COVID-19! ជប៉ុន​ស្នើ​ឱ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​​

រាជា​ណាចក្រ​ជប៉ុន​បាន​ប្រកាស​ស្នើ​ឱ្យ​ប្រជាជន​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ បង្ខាំង​ខ្លួន​នៅ​ក្នុង​ផ្ទះ​ បន្ទាប់​ពី​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​ព្រមាន​ថា ប្រទេស​នេះ​នឹង​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ដល់​ទៅ​400,000​នាក់​ បើ​សិន​​បន្ធូរ​​​ដៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​។

រាជ​រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃទី​15​មេសា បាន​ប្រកាស​អំពាវ​នាវ​ដល់​ពលរដ្ឋ​ទូទាំងប្រទេស​ កុំ​ចេញ​ក្រៅ​ផ្ទះ ជំនួស​ឱ្យ​ការ​អនុវត្ត​វិធាន​ការ​នេះ​សម្រាប់​តែ​បណ្ដា​ខេត្ត​ និង​ទីក្រុង​មួយ​ចំនួន​ដូច​មុន​។ វិធានការ​បង្កើន​ការ​រឹត​បន្តឹង​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុសCOVID-19នេះ រួម​មាន​ការ​ស្នើ​ឱ្យ​ពលរដ្ឋ​បង្ខាំង​ខ្លួនឯង​​ក្នុង​ផ្ទះ និង​អាជីវ​កម្ម​នានា​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​ ក៏ប៉ុន្តែ អាជ្ញា​ធរ​មិន​ទាន់​បង្ហាញ​អំពី​កម្រិតនៃ​ការ​​ពិន័យ​ ឬ​ទម្រង់​នៃ​ការ​ពិន័យ​ជាក់​លាក់​ណា​មួយដើម្បី​បង្ខំ​ឱ្យ​មនុស្ស​អនុវត្ត​តាម​​នៅ​ឡើយ​។

កាល​ពី​ថ្ងៃទី​15​មេសា​ម្សិល​មិញ ប្រធាន​នៃ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ជប៉ុន​ លោក Yoshihide Suga បាន​អំពាវ​នាវ​សូម​ឱ្យ​ប្រជា​ជន​ ធ្វើ​រឿង​គ្រប់​យ៉ាង​ដែល​ស្ថិត​ក្នុង​សមត្ថ​ភាព ​ដើម្បី​ជួយ​ជ្រោម​ជ្រែង​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​វីរស​ឆ្លង​រាលដាល​។

សេចក្ដី​ប្រកាស​ និង​អំពាវ​នាវ​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​សារ​ព័ត៌មាន​នានា​របស់​ជប៉ុន​ បាន​ចុះ​ផ្សាយ​លទ្ធ​ផល​នៃ​​ការ​សិក្សា​ស្រាវ​ជ្រាវ​សម្ងាត់​មួយ​របស់​ក្រសួង​សុខាភិបាល​ប្រទេសនេះ​ ដែល​បាន​ព្យាករ​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ជប៉ុន​ អាច​កើន​ឡើង​ដល់​400,000​នាក់ បើ​សិន​ជា​មិន​បាន​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​។ របាយការណ៍​នេះ​ក៏បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​​ប្រហែល​850,000​នាក់​ នឹង​ត្រូវ​ការ​​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។

បច្ចុប្បន្ន ប្រទេស​ជប៉ុន ធ្វើ​តេស្ត​ទៅ​លើ​តែ​អ្នក​ណា​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​COVID-19 ប៉ុណ្ណោះ។ ប្រទេស​នេះ មាន​អ្នក​ជំងឺ​ COVID-19 សរុប​ជិត​​9,000​នាក់​ រួម​ទាំង​ទេស​ចរ​នៅ​លើ​នាវា​ Diamond Princess ក្នុង​នោះ​មាន​អ្នក​ជំងឺ​ប្រមាណជាជិត​​200​នាក់​បាន​ស្លាប់​។

កំណើន​នៃ​អ្នក​ជំងឺ​មាន​ការ​កើន​ឡើង​ជា​លំដាប់​នៅ​ជប៉ុន​ក្នុង​អំឡុង​ដើម​ខែ​មេសា​នេះ ពិសេស​នៅ​រាជ​ធានី​តូក្យូ។ រាជ​រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​អាសន្ន​នៅ​ក្នុង​រដ្ឋ​ធានី​ និង​តំបន់​​ចំនួន​6​ផ្សេង​ទៀត​ ក្នុង​នោះ​ក៏​​​មាន​ Osaka ផងដែរ​ ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ផ្ទាល់​រវាង​ប្រជាជន​។ ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​យ៉ាង​តិច​327​នាក់​កាល​ពី​ម្សិល​មិញ ក្នុងនោះ​ទីក្រុង​តូក្យូ​មាន127​នាក់​។

ប្រភព​ព័ត៌មាន​សំខាន់​ចំនួន​2​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន Reuters បាន​ឱ្យ​ដដឹង​ថា នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក Abe នឹង​សម្រេច​ចិត្ត​នៅ​សប្ដាហ៍​ក្រោយ​ ទាក់ទិន​នឹង​បញ្ហា​ថា​ តើ​ត្រូវ​ពន្យារ​សុពល​ភាព​នៃ​ការ​ប្រកាស​អាសន្ន​​របស់​រាជ​រដ្ឋាភិបាល​ដែរ ឬយ៉ាង​ណា​ បន្ទាប់​ពី​ទទួល​បាន​យោបល់​ពី​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement