កូឡុំប៊ី​ដោះ​លែង​អ្នក​ទោស​4,000​នាក់​ដើម្បី​ទប់​ស្កាត់​ COVID-19

កូឡុំប៊ី​ដោះ​លែង​អ្នក​ទោស​4,000​នាក់​ដើម្បី​ទប់​ស្កាត់​ COVID-19

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​ប្រទេស​កូឡុំប៊ី Cabello បាន​ប្រកាស​ថា​នឹង​ដោះ​លែង​​អ្នក​ទោស​ប្រមាណជា​4,000​នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​COVID-19។

“យើង​បាន​វិភាគ​ទៅ​លើ​ការ​ព្យាករ​ជា​ច្រើន​ ហើយ​យើង​​នឹង​​ជួយ​អ្នក​ទោស​តាម​ដែលអាច​ធ្វើ​ទៅ​បាន​ ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ផល​ប្រយោជន៍​ពី​គោល​នយោបាយ​នេះ​។ ប៉ុន្តែ ខ្ញុំ​ទទួល​ស្គាល់​ថា​ យើង​មិន​មាន​វិធាន​ការ​ណា​មួយ​ដែល​អាច​ធានា​100​%​ថា ពួក​គេ​អាច​គេច​ផុត​ពី​ការ​ឆ្លង​វីរុស​នោះ​ទេ​” រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌របស់​ប្រទេស​កូឡុំប៊ី Margarita Cabello មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​15​មេសា។ លោក​បាន​​​អះអាង​ថា អ្នក​ទោស​នឹង​ត្រូវ​បាន​ដោះ​លែង​នា​ពេល​ដ៏ខ្លី​ខាង​មុខ​។

ការ​ប្រកាស​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើ​ង​បន្ទាប់​ពី​អ្នកទោស​2នាក់​ដែល​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធ​នាគារ​មួយ​នៅ​ទីក្រុង​ Villavicencio បាន​បាត់​បង់ជីវិត​ដោយ​សារ​ឆ្លង​ COVID-19។ អ្នកទោស​ចំនួន​13​នាក់ រួម​នឹង​ឆ្មាំ​ពន្ធនាគារ​2រូប​ និង​ប្រធាន​ពន្ធ​នាគារ​1រូប​ទៀត​ នៅ​ឯពន្ធ​នាគារ​នេះ​ក៏​បាន​ឆ្លង​វីរុស​COVID-19នេះ​ដែរ​។

គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​កូឡុំប៊ី មានអ្នក​ជំងឺ​COVID-19 សរុប​3,105នាក់ និង​ស្លាប់​​131​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement