ពលរដ្ឋជប៉ុន កំពុងខឹងរដ្ឋាភិបាលដែលបរាជ័យក្នុង​ការ​ចាត់​ការ​វិបត្តិ​កូវីដ-19 ​ដែល​អាច​ធ្វើឱ្យមានអ្នកស្លាប់ដល់ 400,000នាក់

ពលរដ្ឋជប៉ុន កំពុងខឹងរដ្ឋាភិបាលដែលបរាជ័យក្នុងការចាត់ការវិបត្តិកូវីដ-19 ដែលអាចធ្វើឱ្យមានអ្នកស្លាប់ដល់ 400,000នាក់

ចំនួនអ្នកស្លាប់ដោយសារមេរោគកូវីដ-19 នៅក្នុងប្រទេសជប៉ុន អាចកើនឡើងដល់ 400,000នាក់ បើនៅតែមិនកាត់បន្ថយការប៉ះពាល់គ្នាទៅវិញទៅមក និងគ្មានវិធានការបែបការពារក្នុងការព្យាយាមគ្រប់គ្រងការឆ្លងរាលដាលទេនោះ។ នេះបើយោងតាម ការដាស់តឿនរបស់ក្រុមមួយនៅក្នុងគណៈក្រុមការងារពិសេសរបស់ក្រសួងសាធារណៈសុខាភិបាល កាលពីថ្ងៃពុធ(ទី15មេសា)ដែលបានធ្វើឡើងក្រោមសំឡេងរិះគន់កាន់តែច្រើនឡើងៗ បណ្ដាលមកពីការមិនពេញចិត្តរបស់ប្រជាជនដែលមានចំពោះកម្មវិធីទប់ទល់នឹងវិបត្តិកូវីដ-19 របស់រដ្ឋាភិបាលរបស់ពួកគេ។

គណៈក្រុមការងារពិសេសរបស់ក្រសួងសាធារណៈសុខាភិបាល បានបញ្ជាក់ថា តាមរយៈការធ្វើរូបភាពចម្លងស្ថានការណ៍ បានបង្ហាញឱ្យឃើញថា វាមានលក្ខណៈសំខាន់ខ្លាំងប៉ុនណា ដែលពួកអាជ្ញាធរត្រូវប្រើប្រាស់វិធានការផ្សេងៗយ៉ាងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការចម្លងមេរោគនៅក្នុងសង្គម ខណៈដែលការរួមសហការរបស់ប្រជាជនក្នុងការប្រតិបត្តិតាមពាក្យណែនាំផ្សេងៗទាំងនោះ ក៏មានភាពសំខាន់មិនតិចតួចជាងគ្នាឡើយ។

លោក ហ៊ីរ៉ូឈិ និឈិអ៊ុរ៉ៈ សាស្ត្រាចារ្យមកពីមហាវិទ្យាល័យហុកកៃដូ និងជាអ្នកជំនាញការផ្នែកជំងឺឆ្លងរបស់គណៈក្រុមការងារពិសេសនៃក្រសួងសាធារណៈសុខាភិបាល បានទាមទារឱ្យកាត់បន្ថយការទាក់ទងគ្នា រវាងបុគ្គលឱ្យបានក្នុងកម្រិត 80% ក្នុងអំឡុងពេលប្រកាសស្ថានការណ៍គ្រាអាសន្ន ដែលបានដាក់ឱ្យប្រើ នាពេលបច្ចុប្បន្ននៅក្នុងខេត្តជាច្រើន ដែលនៅក្នុងនោះ រួមទាំងទីក្រុងតូក្យូ និងអូសាកាផងដែរ។

“យើងអាចបញ្ឈប់ការចម្លងមេរោគបាន បើសិនជាយើងកាត់បន្ថយការទំនាក់ទំនងរវាងបុគ្គលឱ្យបានច្រើនបំផុត” លោកបានថ្លែង ព្រមទាំងបញ្ជាក់ថា រដ្ឋបាលរំពឹងថា ចំនួនអ្នកស្លាប់ ប្រហែលជាឡើងមិនដល់កម្រិត 400,000នាក់ឡើយ បើសិនវិធានការទាំងនេះត្រូវបាននាំយកទៅប្រតិបត្តិយ៉ាងម៉ឺងម៉ាត់។

ទីភ្នាក់ងារព័ត៌មាន NHK បានរាយការណ៍ថា រហូតមកដល់ថ្ងៃពុធ(ទី15មេសា) ចំនួនអ្នកឆ្លងមេរោគសរុបនៅក្នុងប្រទេសជប៉ុនមានច្រើនជាង 8,000នាក់ ក្នុងនោះមានអ្នកស្លាប់ 162នាក់។

តាមរយៈអ្នកឆ្លងមេរោគដែលកើនឡើងជារឿយៗ បានចាប់ផ្ដើមធ្វើឱ្យមើលឃើញពីសញ្ញាថា ប្រព័ន្ធសាធារណៈសុខាភិបាលរបស់ជប៉ុន កំពុងស្ថិតក្នុងសភាវតានតឹងយ៉ាងខ្លាំង ដោយ 9ខេត្ត ក្នុងចំណោម 47ខេត្តរបស់ជប៉ុន គ្រែអ្នកជំងឺសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យផ្សេងៗដែលបានរៀបចំទុកសម្រាប់អ្នកជំងឺកូវីដ-19 នោះ កាន់តែជិតអស់មែនទែនហើយ។

ក្នុងពេលជាមួយគ្នា រដ្ឋបាលទីក្រុងអូសាកា ដល់ថ្នាក់ត្រូវសុំអង្វរប្រជាជនឱ្យជួយគ្នាបរិច្ចាគឈុតការពារទឹកភ្លៀង(អាវភ្លៀង)ដល់មន្ទីរពេទ្យនានា ខណៈដែលសម្លៀកបំពាក់ឈុតការពារមេរោគរបស់អាជ្ញាធរផ្នែកសាធារណៈសុខាភិបាលជិតអស់ពីស្តុកហើយ។

លោក អ៊ិឈិរ៉ូ ម៉ាត់ស៊ូអ៊ិ អភិបាលក្រុងអូសាកា បានបញ្ជាក់កាលពីថ្ងៃអង្គារ(ទី14មេសា)ថា ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកនៅតាមមន្ទីរពេទ្យនានា ក្នុងទីក្រុងធំបំផុតលំដាប់លេខ2 របស់ប្រទេសមួយនេះ ចាំបាច់ត្រូវពាក់ថង់សំរាមពណ៌ខ្មៅធំៗ ជំនួសឱ្យឈុតការពារការឆ្លងមេរោគក្នុងអំឡុងពេលដែលត្រូវព្យាបាលអ្នកជំងឺ ហើយខាងសាលាក្រុងបានអង្វរសុំឱ្យក្រុមហ៊ុននៅក្នុងតំបន់ ដែលផលិតសម្លៀកបំពាក់ឈុតដែលមានភាពស្រដៀងគ្នានេះ ជួយលើកកម្ពស់ និងបង្កើនកម្លាំងផលិត និងលក់ឈុតទាំងនោះមកឱ្យខាងសាលាក្រុង។

ម៉ៃអូកូ ណាខាបាយ៉ាឈិ អតីតអ្នកនយោបាយរបស់គណបក្សប្រជាធិបតេយ្យនៃប្រទេសជប៉ុន ហើយពេលនេះ ជាសាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យ សេដៈ បានប្រាប់ថា៖ “ពួកគ្រូពេទ្យកំពុងភ័យខ្លាចខ្លាំងណាស់ ព្រោះថា រដ្ឋាភិបាលមិនមានសកម្មភាពលឿនរហ័សគ្រប់គ្រាន់ និងមិនដាច់ខាតសោះ ហើយខ្ញុំដឹង ដោយសារថា ស្វាមីរបស់ខ្ញុំ ជាគ្រូពេទ្យនៅក្នុងគណៈកម្មការសមាគមមន្ទីរពេទ្យតូក្យូ”

ខេត្តជាច្រើន ក្នុងនោះ រួមទាំងខេត្ត ដែលមិនបានស្ថិតក្រោមសេចក្ដីប្រកាសស្ថានការណ៍គ្រាអាសន្ន បានអង្វរសុំឱ្យផ្នែកឯកជនផ្សេងៗ ផ្អាកប្រតិបត្តិការមួយផ្នែក គឺក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលរបស់កូវីដ-19 តែខេត្តផ្សេងៗទាំងនោះ បានដាក់ទិសដៅឱ្យថ្ងៃទី6 ខែឧសភា ខាងមុខ ជាថ្ងៃវិលត្រឡប់មកបើកដំណើរការឡើងវិញរបស់ផ្នែកធុរកិច្ចបែបពាណិជ្ជ ដែលមិនមានភាពចាំបាច់ ខណៈដែលការប្រកាសស្ថានការណ៍គ្រាអាសន្ន បានហុចផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសេដ្ឋកិច្ច។

កាលពីដំបូង វិធីការតបស្នងទៅលើជំងឺរាតត្បាតដ៏ធំ របស់លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ មិនមែនជារឿងត្រូវតវ៉ាគ្នាប៉ុន្មានឡើយ តែនៅពេលនេះ មើលទៅប្រជាជនហាក់ដូចជា ងាកមករិះគន់រដ្ឋាភិបាលរបស់ពួកគេដោយក្ដីក្ដៅក្រហាយ។

លទ្ធផលនៃការធ្វើប្រជាមតិរបស់សារព័ត៌មាន តូក្យូ នីវស៍ បានរកឃើញថា មានប្រជាជនដល់ទៅ 84% ដែលជឿថា ការប្រកាសស្ថានការណ៍គ្រាអាសន្ននៅតាមទីក្រុងចម្បងៗ របស់លោក អាបេ កាលពីថ្ងៃទី7 មេសាកន្លងទៅនោះ វាយឺតពេលជ្រុលពេក ខណៈពេលជាមួយគ្នា សំឡេងគាំទ្រដែលមានចំពោះរដ្ឋាភិបាល ក៏ថយចុះដល់ទៅ 5% នៅសល់តែប្រមាណជា 40%ប៉ុណ្ណោះ។

ក្រៅពីនេះ អ្នកឆ្លើយនៅក្នុងបែបបទសំណួរ-ចម្លើយ ថែមទាំងបានសម្ដែងការយល់ឃើញទៅក្នុងទិសដៅតែមួយដូចគ្នាយ៉ាងច្រើនលើសលប់ថា រដ្ឋាភិបាលចាំបាច់ត្រូវផ្ដល់ការជួយសង្គ្រោះផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុននានាដែលកំពុងជួបបញ្ហា ពីការដែលត្រូវបញ្ឈប់ប្រតិបត្តិការ ឬប្រតិបត្តិការបានដោយមានកម្រិត។

លោកស្រី ណូរិកូ ហាម៉ៈ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច របស់មហាវិទ្យាល័យដូឈិឆៈ ក្នុងទីក្រុងតូក្យូ បាននិយាយថា៖ “ប្រជាជនកំពុងខឹង យើងឃើញរូបលោកអាបេ នៅក្នុងធ្វីតធើរ កំពុងឱបសត្វឆ្កែ និងផឹកទឹកតែយ៉ាងរំភើយ វាធ្វើឱ្យប្រជាជនគិតឃើញថា គាត់មិនបានច្បាស់លាស់ ឬម៉ឺងម៉ាត់ចំពោះស្ថានការណ៍នេះឡើយ គាត់មិនយល់ពីភាពឈឺចាប់របស់ប្រជាជនទូទៅ ដែលរស់នៅក្នុងភាពព្រួយកង្វល់ និងកំពុងជួបនឹងទុក្ខវេទនាខាងសេដ្ឋកិច្ចយ៉ាងសែនធ្ងន់ធ្ងរដូចសព្វថ្ងៃនេះឡើយ”៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement