រូបភាពដក់ជាប់ក្នុងចិត្ត ស្វាមី-ភរិយាសម្លឹងភ្នែកគ្នា៖ “យើង​នឹង​ឆ្លង​ផុត​វិបត្តិ​កូវីដ​ទៅជាមួយគ្នា…”

រូបភាពដក់ជាប់ក្នុងចិត្ត ស្វាមី-ភរិយាសម្លឹងភ្នែកគ្នា៖ “យើងនឹងឆ្លងផុតវិបត្តិកូវីដទៅជាមួយគ្នា...”

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ពីរឿងរ៉ាវខាងក្រោយរូបភាពដ៏គួរឱ្យរំភើបចិត្តនៅក្នុងបន្ទប់វះកាត់ នៅពេលដែលស្វាមី-ភរិយាកំពុងផ្ដល់កម្លាំងចិត្តគ្នាទៅវិញទៅមកឆ្លងកាត់របាំងមុខការពារមេរោគកូរ៉ូណា ក្រោមស្ថានការណ៍តានតឹងពីមេរោគរាតត្បាតកូវីដ-19។

បេន ខេយើរ និងមិនឌី ប្រុក ស្វាមី-ភរិយាជនជាតិអាមេរិកាំង ដែលសុទ្ធតែជាគ្រូពេទ្យជំនាញផ្នែកថ្នាំសណ្ដំក្នុងបន្ទប់វះកាត់ សម្លឹងកែវភ្នែកគ្នាទៅវិញទៅមកឆ្លងកាត់កញ្ចក់របាំងមុខការពារមេរោគ និងសម្លៀកបំពាក់ឈុតការពារមេរោគ តែក៏នៅតែមិនអាចរារាំងអារម្មណ៍ព្រួយបារម្ភពីគ្នាបានឡើយ ធ្វើឱ្យមិត្តរួមការងាររំភើបចិត្តរហូតដល់ទាញទូរស័ព្ទដៃមកថតយករូបភាពដ៏គួរឱ្យរំជួលចិត្តនេះ យកមកផូស្តនៅក្នុងប្រព័ន្ធបណ្ដាញសង្គម។

នៅពេលក្រោយមក រូបភាពនេះបានទទួលការចែករំលែកនៅក្នុងបណ្ដាញសង្គមអនឡាញយ៉ាងទូលំទូលាយ ព្រោះវាក្លាយជាកម្លាំងជំរុញចិត្តដល់មនុស្សទូទាំងពិភពលោក…។

ខេយើរ វ័យ 46ឆ្នាំ បាននិយាយថា មនុស្សទាំងអស់នាំគ្នានិយាយពីរូបភាពនោះ ព្រោះយើងកំពុងដើរឈានរំលងរឿងដ៏គួរឱ្យភ័យខ្លាចមួយជាមួយគ្នា ហើយវាជានិមិត្តសញ្ញា នៃសេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់។

ចំណែក ប្រុក វ័យ 38ឆ្នាំ បានឱ្យដឹងថា ពួកគេទាំង 2នាក់ស្រឡាញ់គ្នាណាស់ ធ្វើការងារជាមួយគ្នា និងគាំទ្រ ផ្ដល់កម្លាំងចិត្តគ្នាទៅវិញទៅមកជានិច្ច មិនមែនដោយសារតែ បេនជាស្វាមីប៉ុណ្ណោះទេ តែក្នុងឋានៈជាមិត្តមនុស្សដូចគ្នាទៀតផង។

រូបភាពក្នុងថ្ងៃរៀបការរបស់អ្នកទាំង2 នៅឯទីក្រុងឆាលស្តុន រដ្ឋសៅថ៍ ឃែរ៉ូឡៃណា
រូបភាពក្នុងថ្ងៃរៀបការរបស់អ្នកទាំង2 នៅឯទីក្រុងឆាលស្តុន រដ្ឋសៅថ៍ ឃែរ៉ូឡៃណា

ទាំង 2នាក់រស់នៅក្នុងផ្ទះ នៅឯរដ្ឋហ្វ្ល៉រីដា សហរដ្ឋអាមេរិក ធ្វើការនៅកន្លែងជាមួយគ្នា រួមភារកិច្ចជាមួយគ្នា និងត្រូវកៀកស្មាគ្នាទទួលបន្ទុកតួនាទីដ៏សែនប្រថុយប្រថានក្នុងការស៊កបញ្ជូនបំពង់ជួយដកដង្ហើមឱ្យអ្នកជំងឺដែលត្រូវវះកាត់ ដែលអ្នកជំងឺភាគច្រើន ជាអ្នកជំងឺកូវីដ-19 តែទាំង 2នាក់មិនដែលរួញរាក្នុងការធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តនៅក្នុងមន្ទីរពេទ្យ ថេមប៉ា ជេនើរ៉ល ឡើយ៕

រូបភាពដក់ជាប់ក្នុងចិត្ត ស្វាមី-ភរិយាសម្លឹងភ្នែកគ្នា៖ “យើងនឹងឆ្លងផុតវិបត្តិកូវីដទៅជាមួយគ្នា...”
In this March 30, 2020 nurses Mindy Brock and Ben Cayer, wearing protective equipment, hold each other and look into each other’s eyes, in Tampa General Hospital in Tampa, Fla. (Nicole Hubbard via AP)

ប្រភព៖ សារព័ត៌មានបរទេស

Advertisement