ជិត​160,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

ជិត​160,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

នៅ​ក្នុង​ពិភពលោក​ទាំង​មូល​ ​អ្នក​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​COVID-19 បាន​កើន​ឡើង​ជិត​ដល់​160,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺជាង​2.3​លាន​នាក់​ ដែល​ភាគ​ច្រើនគឺ​​នៅ​សហរដ្ឋ​អាមេរិក​ និង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​។

ស្ថិតិ​ពី​សាកលវិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​2,317,759​នាក់​ នៅ​ក្នុង​ប្រទេស​និង​ដែក​ដី​ចំនួន​210 ក្នុង​នោះ​មាន​​159,691​នាក់​បាន​បាត់បង់​ជីវិត​ និង​592,319​នាក់​បាន​ជា​សះស្បើយ​។

សហរដ្ឋ​អាមេរិក​នៅ​តែជា​សម្បុក​មេរោគ​ធំជាង​​បង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​732,197​នាក់​​ និង​អ្នក​ស្លាប់​38,721​នាក់​ ខណៈ​64,697​នាក់​បាន​ជា​សះស្បើយ​។

រដ្ឋ​ New York ដែល​ជា​ស្នូល​នៃ​រោគ​រាត​ត្បាត​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ មាន​អ្នក​ជំងឺ​ដល់​ទៅ​222,284​នាក់ ក្នុង​នោះ​មាន​14,636​នាក់​បាន​បាត់បង់​ជីវិត​។ រដ្ឋ​នេះ​នៅ​តែ​បន្ត​ពន្យារ​សុពល​ភាព​នៃ​បម្រាម​គោចរ​រហូត​ដល់​ថ្ងៃទី​15​ឧសភា​។

សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​គឺ​ប្រទេស​អេស្ប៉ាញ បាន​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នកជំងឺ​ថ្មី​887​នាក់ និង​អ្នកស្លាប់​ថ្មី​637​នាក់ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​191,726​នាក់ និង​អ្នក​ស្លាប់​សរុប​20,639​នាក់​។ តួលេខ​នៃ​ករណី​ឆ្លង​មេរោគ និង​ស្លាប់​ កំពុង​ថយ​ចុះ​ ខណៈ​ដែល​អ្នក​ជំងឺ​បាន​ជាសះ​ស្បើយ​ ​កើន​ឡើង​ជិត​ដល់​75,000​នាក់​។

ក៏ប៉ុន្តែ នាយក​រដ្ឋ​មន្ត្រី​ Pedro Sanchez កាល​ពី​ម្សិល​មិញ​បាន​សម្រេច​អូស​បន្លាយ​បម្រាម​គោចរ​ទូទាំង​ប្រទេស​ រហូត​ដល់​ថ្ងៃទី​9​ឧសភា​។

អ៊ីតាលី​៖ អ្នកជំងឺ​ថ្មី​3,491​នាក់ អ្នក​ជំងឺ​សរុប​175,925​នាក់ និង​អ្នក​ស្លាប់​ថ្មី​482​នាក់ អ្នក​ស្លាប់​សរុប​23,227​នាក់​។ ​ប្រទេស​នេះ​ក៏បន្ត​សុពលភាព​នៃ​បម្រាម​គោចរ​រហូត​ដល់​ថ្ងៃទី​3​ឧសភា​ ប៉ុន្តែ បាន​អនុញ្ញាត​ឱ្យ​រោង​ចក្រ និង​ហាង​​មួយ​ចំនួន​ដំណើរ​ការ​ឡើង​វិញ​​ចាប់​ពី​ថ្ងៃទី​14​មេសា​។

បារាំង​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​3,824​នាក់ អ្នក​​ស្លាប់​ថ្មី642​នាក់​ និង​អ្នកជំងឺ​សរុប​151,793​នាក់​ អ្នក​ស្លាប់​សរុប​19,323​នាក់​។ ប្រទេស​នេះ​បាន​ចាប់​ផ្ដើម​ដាក់​បម្រាម​គោចរ​ពី​ថ្ងៃទី​17​មីនា​ ប៉ុន្តែ​ប្រធានាធិប​តី​បារាំង​ លោក Macron បាន​ប្រកាស​​ក្នុង​សប្ដាហ៍​នេះ​ថា បម្រាម​គោចរ​នេះ​អាច​នឹង​ត្រូវ​បន្ធូរ​បន្ថយ​​ចាប់​ពី​ថ្ងៃទី​11​ឧសភា​។

អាល្លឺម៉ង​​៖ អ្នកជំងឺ​ថ្មី​1,945​នាក់ អ្នក​ស្លាប់​ថ្មី​107​នាក់ និង​អ្នក​ជំងឺ​សរុប​143,342​នាក់ អ្នក​ស្លាប់​សរុប​ឡើង​ដល់​4,459​នាក់​។ រដ្ឋ​មន្ត្រី​សុខាភិបាល​ Jens Spahn ថ្លែង​ថា តួលេខ​នៃ​ករណី​ឆ្លង​វីរុស​ថ្មី​នៅ​អាល្លឺម៉ង់​ “បាន​ថយ​ចុះ​ច្រើន​” ហើយ​សម្បុក​មេរោគ​កំពុង​ “ត្រូវ​បាន​គ្រប់​គ្រង”។

អង់គ្លេស​៖ អ្នក​ជំងឺ​ថ្មី​5,525​នាក់ អ្នក​ស្លាប់​ថ្មី​888​នាក់ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​114,217​នាក់ អ្នក​ស្លាប់​សរុប​15,464​នាក់​។ សាស្ត្រាចារ្យ​ Anthony Costello មក​ពី​វិទ្យាស្ថាន​សុខាភិបាល​សកល​ UCL នៅ​ទីក្រុង​ឡុងដ៍​បាន​ព្រមាន​ថា អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​អាច​កើន​ដល់​ជាង​40,000​នាក់ ព្រោះ​តែ​រាជ​រដ្ឋាភិបាល​​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ចាត់​វិធាន​ការ​ទប់​ស្កាត់​។

ប្រទេស​ចិន៖ តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា មាន​អ្នកជំងឺ​សរុប​8,719​នាក់ និង​អ្នក​ស្លាប់​សរុប​​4,632​នាក់​។

អ៊ីរ៉ង់​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2នៅ​អាស៊ី ដោយ​មាន​អ្នក​ជំងឺ​សរុប​80,568​នាក់ និង​អ្នក​ស្លាប់​សរុប​5,031​នាក់​។ ប្រទេស​នេះទើប​តែ​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​1,374​នាក់​ និង​អ្នក​ស្លាប់​ថ្មី​73​នាក់​បន្ថែម​ទៀត​។ នេះ​ជា​ថ្ងៃទី​5​ហើយ​ដែល​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ក្រោម​100​នាក់​ក្នុង​មួយ​ថ្ងៃ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement