ជិត​165,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​សកល​លោក​

ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ជិត​2.4​លាន​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជិត​165,000​នាក់​បាន​បាត់​បង់​ជីវិត​ ដែលភាគ​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក​​ និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។

ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ Johns Hopkins ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន210​ ក្នុង​ពិភពលោក មាន​អ្នកជំងឺសរុប​​2,394,291​នាក់ ក្នុង​នោះ​មាន​164,938​នាក់​បាន​ស្លាប់​ និង​611,880​នាក់​បាន​ជា​សះស្បើយ​។

សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​បង្អស់​នៅ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នកជំងឺ​សរុប​755,533​នាក់​ អ្នក​ស្លាប់​40,461​នាក់ និង​អ្នក​ជំងឺ​ជា​សះស្បើយ​មាន​67,172​នាក់​។

អេស្ប៉ាញ​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី2​នៅ​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​ថ្មី​4,258​នាក់ និង​អ្នក​ស្លាប់​ថ្មី​410​នាក់ នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​198,674​នាក់ និង​អ្នក​ស្លាប់​សរុប​20,453​នាក់។ តួលេខ​​នៃ​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​នេះ​បាន​ថយ​ចុះ​ទាប​បំផុត​ក្នុង​អំឡុង​ជិត​1ខែ​កន្លង​ទៅ​ ដែល​នេះ​បង្ហាញ​ថា វិធាន​ការ​ទប់ស្កាត់​ដោយ​បម្រាម​គោចរ​ដ៏ខ្លាំង​ក្លា​កំពុង​តែ​មាន​ប្រសិទ្ធ​ភាព​។

អ៊ីតាលី​ រាយ​ការណ៍​ថា បាន​រកឃើញ​​អ្នកជំងឺ​ថ្មី​3,047​នាក់​បន្ថែម​ទៀត ធ្វើ​ឱ្យ​អ្នក​ជំងឺសរុប​ឡើង​ដល់​178,872​នាក់​។ ប្រទេស​នេះ​ក៏​មាន​អ្នក​ស្លាប់​ថ្មី​433​នាក់ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​សរុបកើន​ដល់​23,660​នាក់​។

រដ្ឋាភិបាល​ប្រទេសអ៊ីតាលី​បាន​ប្រកាស​ថា ទទួល​បាន​ជោគ​ជ័យ​លើ​ COVID-19 នៅ​ក្នុងតំបន់​ភាគ​ខាង​ត្បូង​ ខណៈ​មេដឹក​នាំ​តំបន់​ឧស្សាហ​កម្ម​នានា​នៅ​ភាគ​ខាង​ជើង​ប្រទេស​​ បាន​ជំរុញ​ឱ្យ​មាន​ការ​អនុញ្ញាត​ឱ្យ​ពួកគេ​បើក​ដំណើរ​ការ​អាជីវ​កម្ម​ និង​រោង​ចក្រ​ឡើង​វិញ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​។

បារាំង​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​1,101​នាក់ និង​ស្លាប់​ថ្មី​395​នាក់។ អ្នក​ជំងឺ​សរុប​152,894​នាក់ និង​អ្នក​ស្លាប់​សរុប​19,718​នាក់​។

អាល្លឺម៉ង់​៖ អ្នក​ជំងឺ​ថ្មី​1,460​នាក់ អ្នក​ស្លាប់​ថ្មី​48​នាក់ និងអ្នកជំងឺសរុប​145,184​នាក់ អ្នក​ស្លាប់​សរុប​4,586​នាក់​។

អង់គ្លេស​៖ អ្នកជំងឺ​ថ្មី​5,850​នាក់ អ្នកស្លាប់ថ្មី​596​នាក់ និង​អ្នកជំងឺសរុប​120,067​នាក់ អ្នក​ស្លាប់​សរុប​16,000​នាក់​។ ស្ថិតិ​អ្នក​ស្លាប់​របស់​ប្រទេស​នេះ រាប់​តែ​អ្នកជំងឺ​ដែល​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​តែប៉ុណ្ណោះ​។ អង់គ្លេស​ក៏​កំពុង​តែ​ពន្យារ​សុពល​ភាព​នៃ​បម្រាម​គោចរ​យ៉ាង​តិច​3សប្ដាហ៍​ទៅមុខ​ទៀត​ ដោយ​សារ​ស្ថានភាព​មិន​ទាន់​ប្រសើរ​ឡើង​។

ប្រទេស​ចិន​៖ មិន​ទាន់​ប្រកាស​តួលេខ​ថ្មី ក៏ប៉ុន្តែ​ តួលេខ​ចុងក្រោយ​បង្ហាញ​ថា មាន​អ្នកជំងឺ​សរុប​83,805​នាក់ និង​ស្លាប់​សរុប​4,636នាក់​។

អ៊ីរ៉ង់​បន្ត​ជា​សម្បុកមេរោគ​ធំជាង​គេ​ទី2នៅ​អាស៊ី ដោយ​មាន​អ្នកជំងឺសរុប​82,211​នាក់ និង​អ្នកស្លាប់​សរុប​5,118​នាក់​​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​1,343​នាក់ និង​អ្នកស្លាប់​ថ្មី​87​នាក់​។ នេះ​ជា​ថ្ងៃ​ទី​6​ហើយ​ដែល​ប្រទេស​នេះ​មាន​អ្នកស្លាប់ដោយ​សារ​ COVID-19 ​ក្រោយ​100​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​

Advertisement