អង្គការ យូនីសេហ្វ ឱ្យដឹងថា ​“កូវីដ-19”​ រាត​ត្បាត ធ្វើឱ្យកុមារក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែក្រទៅទៀត រាប់លាននាក់

អង្គការ យូនីសេហ្វ ឱ្យដឹងថា “កូវីដ-19” រាតត្បាត ធ្វើឱ្យកុមារក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែក្រទៅទៀត រាប់លាននាក់

មូលនិធិដើម្បីកុមារនៃអង្គការសហប្រជាជាតិ ឬយូនីសេហ្វ បានឱ្យដឹងថា ការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ហុចផលឱ្យកុមារចំនួនរាប់លាននាក់នៅក្នុងភូមិភាគមជ្ឈិមបូព៌ា កាន់តែក្រចុះទៅទៀត ដោយសារតែអាណាព្យាបាលរបស់ពួកគេ ត្រូវបានបញ្ឈប់ពីការងារ ដែលបណ្ដាលមកពីការប្រកាសបិទប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាលរបស់មេរោគ។

យូនីសេហ្វ បានបញ្ជាក់ថា នឹងមានមនុស្សប្រមាណជា 8លាននាក់ដែលបានរងផលប៉ះពាល់ពីការបញ្ឈប់ពីការងារចំនួន 1.7លានកន្លែងនៅក្នុងឆ្នាំនេះ។ ក្នុងចំនួន 8លាននាក់នេះ ពាក់កណ្ដាលជាកុមារ និងថា ការបិទប្រទេស នឹងហុចផលឱ្យក្រុមគ្រួសារជាច្រើនមិនអាចរកអាហារ មកចិញ្ចឹមសមាជិកក្នុងគ្រួសារបាន ដោយនៅពេលនេះ អង្គការយូនីសេហ្វ បានវាយតម្លៃថា មានកុមារប្រមាណជា 110លាននាក់ ដែលត្រូវឈប់រៀន និងនៅផ្ទះ ក្នុងភូមិភាគមជ្ឈិបូព៌ា បណ្ដាលមកពីវិធានការបិទប្រទេស។

ក្រៅពីនេះ យូនីសេហ្វថែមទាំងបានបញ្ជាក់ទៀតថា មានកុមារ 25លាននាក់ទូទាំងពិភពលោកដែលត្រូវការការជួយសង្គ្រោះ ក្នុងចំនួននេះ រួមទាំងក្រុមជនភៀសខ្លួន អ្នកដែលត្រូវគេចចេញពីផ្ទះសំបែង បណ្ដាលមកពីទំនាស់ក្នុងតំបន់ផ្សេងៗ និងស្រែកសុំថវិកាប្រមាណ 92លានដុល្លារ ដើម្បីលើកកម្ពស់ការទប់ទល់នឹងការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement