រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក

រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក
រដ្ឋមន្រ្តីក្រសួងប៉ូលីស​ និងសន្តិសុខសាធារណៈ​នៃ​ប្រទេស​ឡេ​សូថូ លោក Lehlohonolo Moramotse

រដ្ឋមន្រ្តីក្រសួងប៉ូលីស​ និងសន្តិសុខសាធារណៈ​នៃ​ប្រទេស​ឡេ​សូថូ (Lesotho) ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​តែ​មិនព្រម​ចូល​តុលាការ​​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​បម្រាម​គោចរ​ដែល​កំពុង​អនុវត្ត​នៅ​​ក្នុង​ “សង្គ្រាម​” ប្រឆាំង​នឹងវីរុសCOVID-19 ដោយ​បាន​លួច​​ទៅ​ទិញ​ស្រា​ផឹក​ទៅ​វិញ​។

Lehlohonolo Moramotse ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​​ប៉ូលីស និង​សន្តិសុខ​សាធារណៈ​នៃ​ប្រទេសឡេសូថូ ត្រូវ​បាន​ប្រទះឃើញ​កំពុង​ទិញ​ស្រា​ នៅ​ក្នុង​ពេល​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​បម្រាម​គោចរ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល​24​ថ្ងៃ​។ រដ្ឋមន្ត្រី​រូប​នេះ ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​តុលាការ​កាលពី​ថ្ងៃ​ទី​20​មេសា​ ប៉ុន្តែ​លោក​មិន​បាន​ចូល​ខ្លួន​នោះ​ទេ​ ទើប​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ការិយាល័យ​របស់​លោក ​នៅក្នុង​រាជ​​ធានី​ Maseru ក្នុងថ្ងៃ​ដដែល​នោះ​។

លោក Mpiti Mopeli អ្នក​នាំ​ពាក្យ​របស់​នគរបាល​នៃ​ប្រទេស​នេះ​បាន​ឱ្យ​ដឹង​ថា “គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​1យប់​នៅ​ឯ​អធិការដ្ឋាន​នគរ​បាល​ក្នុង​ទីក្រុង​ Maseru។ គាត់​កំពុង​ប្រឈម​នឹង​បទ​ចោទ​​ថា​បាន​រំលោភ​លើ​បម្រាម​គោចរ​ និង​តភ្ជាប់​បំពង់​ទឹក​ចូល​ទៅ​ផ្ទះ​របស់​គាត់​ដោយ​ខុស​ច្បាប់​”។

រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក
រាជាណាចក្រឡេសូថូ ដែលជា​ប្រទេស​​ឯករាជ្យ​មួយ ​ដែល​ព័ន្ធ​ជុំ​វិញ​ដោយ​ទឹកដី​នៃ​ប្រទេស​អាហ្វ្រិកខាងត្បូង​

រាជាណាចក្រឡេសូថូ ដែលជា​ប្រទេស​​ឯករាជ្យ​មួយ ​ដែល​ព័ន្ធ​ជុំ​វិញ​ដោយ​ទឹកដី​នៃ​ប្រទេស​អាហ្វ្រិកខាងត្បូង​ គិត​មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​COVID-19 ​នៅឡើយ​។ នាយក​រដ្ឋ​មន្ត្រី​ Thomas Thabane បាន​ចេញ​បម្រាម​គោចរ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​29​មិនា ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​ថា វីរុស​COVID-19 អាច​នឹង​ឆ្លង​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​3,300​នាក់ និង​អ្នក​ស្លាប់​​យ៉ាង​តិច​ 60​នាក់​។

គិត​មក​ដល់​ពេល​នេះ COVID-19 បាន​សម្លាប់​មនុស្ស​យ៉ាង​តិច 177,674​នាក់ ក្នុង​ចំណោម​អ្នកជំងឺ​សរុប​​​2,557,837​នាក់ នៅ​ទូទាំង​ពិភពលោក៕

ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

Advertisement